ជាតិ
​វត្តមានព្រលានយន្តហោះថ្មីនៅសៀមរាប នឹងជំរុញវិស័យទេសចរណ៍ឱ្យ​ងើបឡើងវិញលឿ​ន
22, Jan 2023 , 9:30 pm        
រូបភាព
ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប
ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប
សៀមរាប៖ ការសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ កំពុងសម្រុកខ្លាំង ដើម្បីសម្រេចទៅតាមផែនការ​។ ព្រលានថ្មីនេះ គ្រោងចាប់ផ្តើមទទួលជើងហោះហើរ នៅកំឡុងខែ​តុលាឆ្នាំនេះ។

 
 
មានការរំពឹងខ្ពស់ថា វិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងខេត្តសៀមរាប នឹងមានសន្ទុះខ្លាំង បន្ទាប់ពី​ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ បើកដំណើរការ។ មានទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម សព្វថ្ងៃព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុនចិន សម្រេចបានជាង ៦០ភាគរយហើយ។ 
 
ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លោក ហ្វីលីព កៅ មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍ខេត្តសៀមរាប នឹងមានការប្រែប្រួលខ្លាំង ក្រោយព្រលានយន្តហោះថ្មីដំណើរការ​។ លោក ហ្វីលីព លើកឡើងថា៖«អ្នកដែលបង្កើតព្រលានយន្តហោះ គាត់មកបង្កើតជាអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណេញវិញ។ អ៊ីចឹងទេ ក្នុងនាមគាត់ជាអ្នកទទួលសេវាកម្មអាជីវកម្ម​លើទីតាំង​ព្រលានយន្តហោះថ្មី គាត់នឹងធ្វើយ៉ាងណាដើម្បីមានយន្តហោះៗមកច្រើន»។
 

ទិដ្ឋភាពព្រលានយន្តហោះសៀមរាប-អង្គរ ថតពីលើអាកាស។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់

ជាមួយនឹងវត្តមានព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាប ក៏ដូចជានៅខេត្តកណ្ដាល លោក ហ្វីលីព ​ជឿជាក់ថា នឹងជួយឱ្យកម្ពុជាដែលធ្លាប់ជាប្រទេសឆ្លងកាត់ និងការស្នាក់​នៅរបស់ទេសចរតិចថ្ងៃ ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងពន្យារការស្នាក់នៅរបស់ទេសចរ។ 
 
លោក ហ្វីលីព កៅ ពន្យល់ថា៖ «កន្លងមកយើងធ្លាប់តែជាទិសដៅបន្ទាប់ ឬគោលដៅទេសចរណ៍​ដែលគេរើសមុនទៅលេងប្រទេសថៃ ឬប្រទេសវៀតណាម។ គេមកស្រុកខ្មែរបានតែ៣ ឬ៥យប់តែប៉ុណ្ណឹង។ ប៉ុន្តែខ្ញុំគិតថា នៅពេលដែលព្រលានយន្តហោះថ្មីរបស់ខេត្តសៀមរាប ព្រលានយន្តហោះថ្មីនៅទីក្រុងភ្នំពេញ (ខេត្តកណ្ដាល) ដែលអាចអនុញ្ញាតឱ្យយន្តហោះធំៗហោះឆ្លងទ្វីបមកបាន ខ្ញុំគិតថា នឹងបង្កើន ហើយក៏អាចបង្កើត ជាគោលនយោបាយទេសចរណ៍មួយដែលគេហៅថា ប្រទេសខ្មែរនឹងអាចក្លាយជា Single Destination បានន័យថា ទេសចរដែលគាត់មកពីទ្វីបផ្សេងៗដូចជា អឺរ៉ុប ដូចជាអាម៉េរិក ភាគច្រើនគាត់ចំណាយពេល ប្រហែល២សប្ដាហ៍ ទៅ៣សប្ដាហ៍ ក្នុងការធ្វើទស្សនកិច្ចម្ដង។  អ៊ីចឹងស្រុកខ្មែរបើយើងមើលទៅ មានផលិតផលគ្រប់នូវអ្វីដែលគាត់អាចចំណាយពេលបាន២១ថ្ងៃ សម្រាប់ការស្នាក់នៅបាន»។
 
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង ក៏មានក្ដីសង្ឃឹមខ្លាំង ចំពោះវត្តមានទេសចរជនជាតិចិនកើនឡើងខ្លាំង នៅខេត្តសៀមរាបដែរ។ លោកថា សមាគមរបស់លោករំពឹងថា ព្រលានយន្តហោះថ្មី នឹងមានជើងហោះហើរត្រង់ច្រើន ពិសេសប្រភេទយន្តហោះ Boeing ធំៗ ដែលអាចចុះចតបាន។
 

ក្រុមមន្រ្តីជំនាញចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាព៖ ហ្វេសប៊ុក លោក ឃឹម ហ្វីណង់

នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម បានធ្វើលើសពី៦០ភាគរយ ហើយនៅកំឡុងខែ កុម្ភៈ ខាងមុខនេះ គ្រោងនឹងតេស្ដសាកល្បងលើគ្រឿងអគ្គិសនី និងសម្ភារបរិក្ខានានា ហើយក្នុងខែមេសា នឹងចាប់ផ្តើមតេស្ដហោះសាកល្បង។  ក្នុងខែឧសភា ផ្លូវភ្ជាប់ពីព្រលានយន្តហោះទៅកាន់ផ្លូវជាតិលេខ៦ អាចនឹងរួចរាល់។ លោក លី វណ្ណៈ បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា នៅពាក់កណ្ដាលខែ តុលា ប្រតិបត្តិការទាំងអស់នៅព្រលានចាស់ នឹងផ្ទេរមកព្រលានថ្មី។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបរូបនេះ មិនទាន់បញ្ជាក់ទេថា ព្រលានយន្តហោះសព្វថ្ងៃរបស់ក្រុមហ៊ុនបារាំង ដែលស្ថិតនៅខាងលិចក្រុងសៀមរាប នឹងបន្តដំណើរការក្នុងកម្រិតណាទៀត​នៅឡើយ គឺរង់ចាំការសម្រេច​ពីប្រមុខរាជរដ្ឋាភិបាល។ លោក វណ្ណៈ គ្រាន់តែដឹងថា ចំពោះយន្តហោះកងទ័ព នៅដំណើរការក្នុងព្រលាននេះដដែល​។ 
 
អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណស៊ីវិល លោក ស៊ីន​ ចាន់សិរីវុត្ថា បានប្រាប់សារព័ត៌មានថ្មីៗថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ មិនមានបញ្ហាចោទធំទេ។  យ៉ាងណា អាចនឹងមានបញ្ហាតិចតួចលើប្រព័ន្ធបណ្ដាញភ្លើង។
 
លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងយ៉ាងដូច្នេះថា៖« បញ្ហាភ្លើងដោយសារគាត់មិនទាន់ ដោះស្រាយសាងសង់បង្គោលតុងស្យុង ​បង្គោលអូសខ្សែធំ បណ្ដាញធំចូល។ ក្រៅពីនោះគាត់សង់រួចអស់ហើយ នៅសល់តែបង្គោលហ្នឹងមួយទេ មិនទាន់បាន។​ ហើយយើងបារម្ភថា ប្រសិនបើអាចយឺតយ៉ាវ វាអាចធ្វើឱ្យប៉ះពាល់ដល់គម្រោង»។
 
គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ វិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារអាម៉េរិក ចាប់ផ្តើមសាងសង់នៅពាក់កណ្ដាលខែ មីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោង​កិច្ចព្រមព្រៀង​វិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួម​ខេត្តសៀមរាប៕

Tag:
 ព្រលានយន្តហោះសៀមរាបអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com