ជាតិ
សម្ដេច ហ៊ុន សែន នឹង​ជួប​សិស្សនិទ្ទេស A នៅ​ថ្ងៃទី២ កុម្ភៈខាងមុខ​
22, Jan 2023 , 3:48 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា នឹង​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ដែល​ប្រឡ​ងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ នៅ​ថ្ងៃទី​២ កុម្ភៈ​ខាង​មុខ​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ចេញ​ផ្សាយ​ថ្ងៃទី​២២ មករានេះ។​



សិស្ស​​និទ្ទេស A ចំនួន ១ ០៤៩នាក់ ដែល​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នា​សម័យ​ប្រឡង ៥ ធ្នូ ២០២២ នឹង​​ជួប​សម្ដេច ហ៊ុន សែន នៅថ្ងៃទី២ កុម្ភៈ។ នា​ពិធី​បើកការដ្ឋាន​សាងសង់​លើ​កម្រិត​គុណភាពផ្លូវជាតិ​លេខ​៤១ កាល​ពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច ហ៊ុន សែន បាន​ប្រកាស​​ពន្យារពេល​ជួប​សិស្សនិទ្ទេស រហូតដល់ខែ​កុម្ភៈ ឆ្នាំ​២០២៣។​
 
បើតាម​សម្ដេច​នាយករដ្ឋមន្រ្តី ការពន្យារ​ពេល​នេះ​ ព្រោះជាប់​បញ្ជាទិញ Ipad សម្រាប់សិស្សឆ្នើមទាំងនោះ។ សូម​បញ្ជាក់ថា ក្នុង​ឆ្នាំសិក្សា​២០២១-២០២២ មាន​បេក្ខជន​ចំនួន ៩០ ៩៥០នាក់ ត្រូវជា​៧២,៣៣ភាគរយ បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់ មាន​សិស្សនិទ្ទេស A ១០៤៩នាក់, និទ្ទេស B មាន​៧២៣២នាក់, និទ្ទេស C មាន​១៩ ០៥៣នាក់, និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់៕
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com