អន្តរជាតិ
ភាសាកុកងឺ ជាភាសាដែលត្រូវបានប្រើច្រើនជាងគេនៅចិន
22, Jan 2023 , 8:30 pm        
រូបភាព
ភាសាជាប្រព័ន្ធទំនាក់ទំនង រួមបញ្ចូលទាំងការនិយាយ និងការសរសេរដែលត្រូវបានប្រើប្រាស់ដើម្បីប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសឬតំបន់ណាមួយ។ ជាទូទៅ ប្រទេសនិងតំបន់ផ្សេងៗគ្នាលើពិភពលោកតែងបានប្រើប្រាស់ភាសាខុសៗគ្នាក្នុងការប្រាស្រ័យទាក់ទង។ ខណៈភាសាអាចប្រែប្រួលទៅតាមតំបន់​ ប្រទេសខ្លះមានភាសាប្រើប្រាស់ជាច្រើនប្រភេទរួមទាំងប្រទេសចិនផង។

 

ខណៈមានប្រជាជនប្រមាណ១,៤ពាន់​លាន​នាក់ ចិនមានភាសាប្រមាណ៣០២ប្រភេទដែលកំពុងប្រើប្រាស់ក្នុងប្រទេស។ អ្នកភាសាវិទ្យាបានបែងចែកភាសាប្រើប្រាស់នៅចិនជាក្រុមភាសាសំខាន់ៗចំនួនពី ៨ទៅ១០ដោយក្រុមនីមួយៗមានភាសារងជាច្រើនប្រភេទទៀត។ 
 
បើទោះបីជាមានភាសាច្រើនប្រភេទ ភាសាដែលត្រូវបានប្រើប្រាស់ច្រើនបំផុតគឺភាសាចិនស្ដង់ដា (Standard Chinese) ដែលផ្អែកលើភាសាកុកងឺ (Mandarin)។ ប្រមាណ៩២ភាគរយនៃចំនួនប្រជាជនសរុប អាចប្រើប្រាស់ភាសាចិនស្ដង់ដានេះ។ 
 
ក្រៅពីចិនកុកងឺ ប្រជាជនចិនក៏ប្រើប្រាស់ភាសាកាតាំង, ព័រទុយហ្គាល់ (នៅម៉ាកាវ), ភាសាអង់គ្លេស, ភាសាម៉ុងហ្គោលី, ភាសា Haix, ភាសា Bayingolin, ភាសា Bortala, ភាសាកូរ៉េទីបេ, ភាសាវីហ្គ័រ, ភាសា Zhuang, ភាសាកាហ្សាក់ស្ថាន, និងភាសាយី។ 
 
ភាសាចិនប្រមាណ ៣០២​ ប្រភេទនេះត្រូវបានចែងចែកចេញជាក្រុមផ្សេងៗ ដូចជា កុកងឺ, វូ(WU), មីន(MIN), ស៊ាង(XIANG), ហ្កាន(GAN), ហាក់កា(HAKKA) និង YUE ខណៈភាសាមួយចំនួនទៀតនៅមិនទាន់បែងចែកបានក្តី។ 
 
ក្រុមភាសាដែលបានបែងចែកនៅចិនមាន៖ 
១. ភាសាចិនកុកងឺ - ភាសាដែលនិយាយច្រើនជាងគេ ត្រូវបានគេស្គាល់ថាជាភាសាចិននៅតំបន់ភាគខាងជើង។
២. ភាសា Wu ត្រូវបានគេប្រើប្រាស់ភាគច្រើននៅសៀងហៃ។
៣. ភាសា Yue ឬចិនកាតាំង ជាភាសាតំបន់ប្រើប្រាស់ភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេសដូចជានៅហុងកុងជាដើម។ 
៤. ភាសា Xiang៖ ត្រូវបានគេប្រើប្រាស់ភាគច្រើននៅខេត្ត Huan ភាគ​ខាង​ត្បូង​ប្រទេស​ចិន។
៥. ក្រុមភាសា Min៖ ជាភាសានិយាយភាគច្រើននៅក្នុងខេត្ត Fujian ក៏ដូចជាតៃវ៉ាន់ផងដែរ។
៦. ក្រុមភាសា Gan៖ ត្រូវបានប្រើប្រាស់ភាគច្រើននៅក្នុងខេត្តជាច្រើន រួមទាំង Jiangxi និង Fujian ។ វាត្រូវបានគេស្គាល់ផងដែរថាជា ភាសាKan ។
៧. ក្រុមភាសា Hakka៖ ត្រូវ​បាន​គេ​និយាយ​ជាភាគច្រើន​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ហើយ​មាន​គ្រាមភាសា​ចំនួន ១៣ ផ្សេង​គ្នាក្នុងក្រុមតែមួយនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com