កីឡាជាតិ
ជាតិ
ប្រជាជនកម្ពុជា គាំទ្រជំហររក្សា«គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
22, Jan 2023 , 10:30 pm        
រូបភាព
ទិដ្ឋភាពទស្សនិកជនចូលរួមទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ
ទិដ្ឋភាពទស្សនិកជនចូលរួមទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ
បើទោះជា ថៃ មិនពេញចិត្ត និងមិនបញ្ជូនអត្ដពលិក មកប្រកួតនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាប្រដាល់គុនខ្មែរ (Kun Khmer) គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) នៅតែរក្សាគោលជំហរខ្លួន មិនកែប្រែឈ្មោះនេះទេ ព្រោះមាន ៦ប្រទេសផ្សេងទៀត ចូលរួមប្រកួត។ ការរក្សាចំហររបស់ CAMSOC ធ្វើឲ្យប្រជាជនកម្ពុជា មានមោទកភាពជាខ្លាំង ដោយចាត់ទុកថា នេះ គឺជារក្សា និងបង្ហាញនូវអ្វីដែលសម្បត្ដិ និងអត្ដសញ្ញាណរបស់កម្ពុជា។



ប្រជាជនកម្ពុជាជាច្រើននាក់ បានបង្ហាញមតិវិជ្ជមានរបស់ខ្លួន បន្ទាប់ពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជា នឹងមិនចូលរួមប្រកួតក្នុងវិញ្ញាសា Muay Thai ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដូចភាគីថៃ ដែលមិនចូលរួមកប្រកួតគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាដែរ។ ប្រជាជនកម្ពុជា ទាំងនោះ ចាត់ទុកថា CAMSOC បានប្រកាន់គោលលជំហរ និងគោលការណ៍អត្ដសញ្ញាណជាតិ បានល្អ ក្នុងនាមជាម្ចាស់ផ្ទះ។ 


ការបញ្ចេញមតិរបស់ប្រជាជនកម្ពុជា ក្នុងការប្រកាន់គោលជំហររបស់  CAMSOC
 
ដូចគ្នានេះ ប្រជាជនមួយចំនួនទៀត យល់ថាការធ្វើជាម្ចាស់ផ្ទះ គឺត្រូវទទួលភ្ញៀវឲ្យបានកក់ក្ដៅ ប៉ុន្ដែប្រសិនជាភ្ញៀវមិនគោរពម្ចាស់ផ្ទះកម្ពុជា ក៏មានសិទ្ធិការពារនូវអ្វី ដែលជារបស់ខ្លួនផងដែរ។ ប្រជាជនកម្ពុជា បានបញ្ចេញមតិ ប្រកបដោយសីលធម៌ និងបង្ហាញពីភាពជាម្ចាស់ផ្ទះជាច្រើន ហើយក៏មិនបានប្រើពាក្យអសុរោះអ្វីទៅកាន់ភាគីថៃនោះទេ។ ប៉ុន្ដែការបញ្ចេញមតិទាំងនោះ គឺចង់បង្ហាញឲ្យឃើញថា ប្រជាជនម្នាក់ ជាម្ចាស់ផ្ទះមួយ ដូចនេះអ្នកទាំងនោះ មានសិទ្ធិក្នុងការពារអ្វី ដែលជារបស់ជាតិមាតុភូមិរបស់ពួកគេ។
 

ការបញ្ចេញមតិរបស់ ប្រជាជនកម្ពុជា ក្នុងការប្រកាន់គោលជំហររបស់ CAMSOC

ជាក់ស្ដែក ប្រដាល់គុនខ្មែរ និង Muay Thai មានទំនាក់ទំនងជាមួយគ្នាយូរណាស់មកហើយ។ យោងទៅលើការផ្សាយរបស់ South China Morning Post កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ក្បាច់ប្រដាល់ Muay Thai មានដើមកំណើតចេញពីប្រទេសកម្ពុជា ដែលមានប្រវត្តិជាង ២០០០ឆ្នាំមុន ដែលមានការពណ៌នាផ្សេងជារូបចម្លាក់ នៅលើប្រាសាទអង្គរវត្ត និងប្រាសាទនានា នៅក្នុងខេត្តសៀមរាប។ 
 

ការបញ្ចេញមតិ របស់ប្រជាជនកម្ពុជា ក្នុងការប្រកាន់គោលជំហររបស់ CAMSOC

គួរបញ្ជាក់ផងដែរថា ការប្រើពាក្យ «គុនខ្មែ» (Kun Khmer) គឺក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ម្យ៉ាងវិញទៀត ជាការបង្ហាញឲ្យប្រទេសចូលរួមប្រកួតទាំងអស់ បានស្គាល់ពីកីឡា និងក្បាច់គុនដែលជាអត្ដសញ្ញាណជាតិកម្ពុជាផងដែរ។ មុនពេលប្រកាសឈ្មោះកីឡានេះ ជាផ្លូវការ CAMSOC ក៏បានផ្ញើរលិខិតជាលាយលក្ខណ៍អក្សរផងដែរ ទៅកាន់ NOC របស់ប្រទេសនីមួយៗ។ កម្ពុជា ក៏ទទួលបានការយល់ស្របពីប្រទេសផ្សេងៗផងដែរ ដោយក្នុងនោះ មាន ៧ប្រទេសរាប់បញ្ចូលទាំងកម្ពុជា, ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលចូលរួមប្រកួតគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕ 

Tag:
 (ប្រដាល់គុនខ្មែរ
  Muay Thai
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com