ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រឿង​ស្រវឹង​វាយប្រហារ​សុខភាព​របស់អ្នក​របៀបណា​?
23, Jan 2023 , 11:29 pm        
រូបភាព
ជាតិ​អាល់កុល​អាច​ធ្វើអោយ​មនុស្ស​គ្រប់​រូប​ស្រវឹង (intoxicating), ហើយ​ទោះបីជា​ពេល​ខ្លះ​វា​ធ្វើអោយ​មនុស្ស​មាន​អារម្មណ៍​រីករាយ បាត់​ទុក​កង្វល់​បាន​មួយ​ភ្លែត​ក៏ដោយ ប៉ុន្តែ ស្រា​គឺជា​ថ្នាំ​ធ្វើអោយ​អ្នក​ថមថយ​កម្លាំងកាយ និង កម្លាំងចិត្ត (depressant drug) ។ ស្រា​ធ្វើអោយ​ការឆ្លើយតប (response) ឬ ភាពរស់រវើក​របស់​អ្នក​ធ្លាក់ចុះ ព្រមទាំង​ប៉ះពាល់​ដល់​ដំណើរ​របស់​ខួរក្បាល (​ជះឥទ្ធិពល​អាក្រក់​ដល់​ការគិត ឬ ការវិនិច្ឆ័យ​) ដូច្នេះហើយ​ទើប​បានជា​ស្រា​អាច​ធ្វើអោយ​មនុស្ស​ល្ងីល្ងើរ គ្មាន​ដឹង​ខ្យល់​អ្វី​ទាំងអស់​នៅពេល​ស្រវឹងខួប ។ ម្យ៉ាងវិញទៀត​, ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើនពេក​ក្នុង​ពេល​ដ៏​ខ្លី​, ជាតិ​អាល់កុល​ក្នុង​សុរា​អាច​បំពុល និង សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ ។​

 
 
តើ​មាន​អ្វី​កើតឡើង​នៅពេល​ជាតិ​អាល់កុល​ហូរ​ចូលក្នុង​រាងកាយ​របស់​អ្នក​?
 
​វា​ចំណាយ​ពេល​សមល្មម​ទំ​រាំ​នឹង​ជាតិ​អាល់កុល​ហូរ​ទៅដល់​ខួរក្បាល​, ហើយ​វា​ត្រូវការ​តែ​រយៈពេល​មួយ​ម៉ោង​ប៉ុណ្ណោះ ដែល​ជាតិ​សុរា ឬ ស្រា​បៀរ​អាចធ្វើអោយ​ខូចខាត​ដល់​ថ្លើម​របស់​អ្នក​បាន ។ ទម្ងន់​កាន់តែ​តិច​, ផលប៉ះពាល់​របស់​គ្រឿង​ស្រវឹង​មកកាន់​ខ្លួន​អ្នក​កាន់តែ​ខ្ពស់ – ដូច្នេះ​ហើយ​មនុស្ស​គ្រប់គ្នា​គួរ​ទទួល​ទាន​គ្រឿង​ស្រវឹង​អោយ​សមស្រប​ទៅតាម​ច្បាប់​គេ​អនុវត្ត ដូចជា​ផឹក​ទៅតាម​អាយុ (​ហាម​ទទួលទាន​ចំពោះ​ក្មេង​អាយុ​ក្រោម ១៨ ឆ្នាំ​) និង ទៅ​តាម​ទម្ងន់​ជាដើម ។ ក្មេង​ជំទង់​ដែល​មាន​រូបរាង​ស្វែល​តូច​ច្រលឹង​ងាយ​ណាស់​នឹង​ស្រវឹង បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ចាស់​ដែល​មាន​មាឌធំ​គួរសម ។ យ៉ាងណាមិញ​, ស្ត្រីភេទ​ក៏​ងាយ​នឹង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង ឆាប់រ​ហ័យ​ជាង​បុរស​ភេទ​ដែរ ដោយសារ​តែ​ស្ត្រី​មិន​មាន​ជាតិ​ទឹក​ច្រើន​គ្រប់​ល្មម​ក្នុង​ការជួយ​បង្អន់​អានុភាព​នៃ​ជាតិ​អាល់កុល​ដូច​បុរស​នោះទេ ។​
 
​ផឹក​ច្រើនពេក នាំ​អោយ​ទទួល​រង​ផលប៉ះពាល់​គួរអោយខ្លាច​
  • ការ​ផឹក​ស្រវឹង​ជោគជាំ​ធ្វើអោយ​អ្នក​ក្លាយជា​មនុស្ស​ផ្សេង​ម្នាក់ទៀត និង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ខ្លាំងក្លា​, ឃោរឃៅ និង អាច​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​ជាច្រើន ។ យ៉ាងណាមិញ​, អ្នក​ស្រវឹង​ងាយស្រួល​នឹង​បង្កើត​ជំលោះ​ឈ្លោះទាស់ទែង ឬ វាយតប់​ជាមួយ​បងប្អូន សាច់ញាតិ មិត្តភក្តិ និង អ្នកដទៃ ។​
  • បន្ទាប់ពី​ទទួល​ជាតិ​ស្រវឹង​ជោគ​ក្នុង​រាងកាយ​, អ្នក​នឹង​ក្លាយជា​មនុស្ស​គ្មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ល្ងីល្ងើរ ‑ ដូច្នេះ មិន​គួរ​បណ្តោយ​អ្នក​ស្រវឹង​កាន់​របស់របរ​ដែល​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​កាំបិត​, ពូថៅ​, ឧបករណ៍​ស្រួចៗ ឬ ម៉ាស៊ីន​អ្វីមួយ ។ ល ។​
  • នៅ​ពេល​អ្នក​ស្រវឹង អ្នក​នឹង​មាន​អារម្មណ៍​ថា​មើលឃើញ​អ្វីមួយ​បំបែក​ខ្លួន​ជា​ពីរ (double vision) និង​និយាយ​ឡុ​លៗ  ។​
  • ការ​ផឹកស្រា​នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ កាន់តែ​ធ្វើអោយ​អ្នក​រឹតតែ​យ៉ាប់​ជាង​មុន​ទៅ​ទៀត ។​
  • ជាតិ​អាល់កុល​អាចធ្វើអោយ​អ្នក​ធាត់ និង ឡើង​ទម្ងន់​, ប៉ុន្តែ វា​ជះឥទ្ធិពល​អាក្រក់​បំផុត​ចំពោះ​សុខភាព​ស្បែក​របស់​អ្នក ។​
  • ទម្លាប់​ក្នុងការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កំណត់​រៀងរាល់ថ្ងៃ​អាចធ្វើអោយ​សុខភាព​របស់​អ្នក​កាន់តែ​ទន់ខ្សោយ​ទៅៗ ។ ក្បាល​របស់​អ្នកនឹង​ជួប​នូវ​បញ្ហា​, ក្រពះ​របស់​អ្នកនឹង​ធ្វើទុក្ខ​ដល់​អ្នក​ព្រមៗ​គ្នា ដែល​ជាហេតុ​ធ្វើអោយ​អ្នក​មិន​អាច​មាន​អារម្មណ៍​នឹង​រៀនសូត្រ ឬ ធ្វើ​ការងារ​អ្វី​ឡើយ ។​
  • ជាតិ​អាល់កុល​អាច​ជះឥទ្ធិពល​អាក្រក់​ចំពោះ​ការ​មាន​កូន​របស់​បុរស (fertility) ។​
  • លិង្គ​របស់​បុរស​ពិបាក​នឹង​ងើប​រឹង​ណាស់​នៅ​ពេល​អ្នក​ស្រវឹង​ជោគជាំ​នោះ ។​
  • ​ហាប​ប្រើ​គ្រឿង​ស្រឹង ប្រសិនបើ​អ្នក ៖
  • ទើបតែ ឬ នឹង​ទទួល​ទាន​ថ្នាំ​អ្វី​មួយ (​ទោះបីជា​ថ្នាំ​មាន ឬ គ្មាន​វេជ្ជបញ្ជា​កដោយ​)
  • នឹង​ធ្វើ​ការបើកបរ​
  • នឹង​ធ្វើ​ការងារ​អ្វីមួយ​ធ្ងន់ធ្ងរ … ។​
​ពិនិត្យ​មើល​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​
 
ប្រសិន​បើ​អ្នកបើកបរ បន្ទាប់ពី​ទទួល​ទាន​គ្រឿង​ស្រវឹង​តែ​មួយ​កែវ​តូច​, នោះ​ក៏​មានន័យថា អ្នក​អាច​ប្រឈមមុខ​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរ ៥ ដង បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​ទទួលទាន​គ្រឿង​ស្រវឹង​អ្វី​ទាល់តែ​សោះ ។​
 
គ្រោះថ្នាក់​ដោយ​ភាព​ចៃដន្យ​ណាមួយ​ច្រើន​តែ​កើត​ឡើង​ទៅលើ​អ្នក​ដែល​ពិសា​គ្រឿង​ស្រវឹង ដោយសារ​តែ​អ្នក​ស្រវឹង​មាន​កាយវិការ​យឹតៗ មិន​រស់​រវើក និង បាត់បង់​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ។​
 
អ្នក​ស្រវឹង​ទំនងជា​មិន​បាន​ប្រុងប្រយ័ត្ន ឬ ភ្លេច​ប្រើប្រាស់​គ្រឿង​ការពារ​ខ្លួន (​ស្រោមអនាម័យ​) ក្នុងពេល​រួមភេទ ដែល​ជាហេតុ​ធ្វើអោយ​ពួកគេ​ប្រឈមមុខ​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​, ការឆ្លង​ជំងឺ​កាមរោគ ឬ ជំងឺអេដស៍​ជាដើម ។​
 
អ្នក​ផឹក​ស្រា​អាច​នឹង​ល្ងិតល្ងង់ ឬ ភ្លេចភ្លាំង​នូវ​អ្វីៗ​ដែល​គេ​បាន​ប្រព្រឹត្ត​អំឡុង​ពេល​ស្រវឹង ។​
អ្នក​ស្រវឹង​អាចធ្វើអោយ​ខ្លួន​រង​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន ដូចជា ធ្លាក់​ពី​ទី​ខ្ពស់​, រងរបួស​ដោយ​សារវត្ថុ​អ្វីមួយ​, បាត់បង់​សតិ និង ធ្វើ​អំពើ​មិន​គប្បី​ជាដើម ។​
ស្រា ឬ ប៊ីយ៉ែ​មួយ​ភាគ​ធំ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ ដែល​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទាំងឡាយ​ត្រូវតែ​ចៀសវាង​ជាដាច់ខាត ។​
 
ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ​អាច​បណ្តាលអោយមាន​ប្រជុំ​រោគសញ្ញា​fetal alcohol syndrome ចំពោះ​ទារក​របស់​អ្នក ។ ទារក​ដែល​មាន​ជីវិត​ក្នុង​ពោះ​របស់​អ្នកនឹង​វិវត្តិ​ក្នុង​ភាពមិនធម្មតា​, រីកលូតលាស់ ឬ កើត​មក​មិន​គ្រប់ ឬ លើស​លក្ខណៈ​ជា​ដើម ។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​មិនគួរណា​យក​គ្រឿង​ស្រវឹង​មក​ចូល​ក្នុង​ខ្លួន​ឡើយ ។​
ការ​ស្រវឹង​ជោគជាំ​រៀងរាល់ថ្ងៃ​ធ្វើអោយ​ខ្លួន​ប្រាណ​របស់​អ្នកធ្លាក់​ចុះខ្សោយ ថម​ថយកម្លាំង​ពលកម្ម ។​
 
ការ​ផឹកស្រា​យូរៗ​ទៅ​ធ្វើ​អោយ​គ្មាន​ភាព​ឯករាជ្យ​លើ​រាងកាយ ឬ ញៀន​នឹង​ស្រា ដែល​មានន័យថា អ្នក​មិន​អាច​អត់​វា​បាន (​ដែល​ងាយស្រួល​នឹង​បំផ្លាញ​សុខភាព​ថ្លើម​, បេះដូង​, ក្រពះ​, និង ខួរក្បាល​របស់​អ្នក​ជាទីបំផុត​។​
 
ដំណាក់កាល​ចុងក្រោយ​របស់​អ្នកញៀន​នឹង​ស្រា​ពិតជា​គួរអោយ​សោកស្តាយ​ជាទីបំផុត ពីព្រោះ​តែ​សុខភាព​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ជាតិ​អាល់កុល​នេះឯង ៖
  • រោគ​ញ័រ​ដៃ​ញ័រ​ជើង (trembling)
  • ម​មើល​មមាយ (hallucination)
  • ​ហើម​ពោះ​
  • ក្រិន​ថ្លើម (cirrhosis of the liver)
  • ខ្សោយបេះដូង (weak heart)
  • សន្លប់ (coma)
  • និង ចុងក្រោយ​គឺ​សេចក្តីស្លាប់ (death) ។​
  • ​ការ​ផឹកស្រា និង ជីវិត​ស៊ិច​
 
គ្រឿង​ស្រវឹង​អាច​កាត់បន្ថយ​ការហាមឃាត់​នៃ​ការ​រួមភេទ​របស់​ក្មេងៗ​តូចៗ មានន័យ​ថា នៅ​ពេល​ពួកគេ​ស្រវឹង ក្មេងៗ​ទាំងនេះ​អាច​នឹង​ងាយស្រួល​ប្រឡូក​ក្នុង​ល្បែង​ស្នេហា ឬ ការ​រួមភេទ​ទាំង​អាយុ​នៅ​ខ្ចី​ល្ហក់ ។ ដែល​នេះ​គឺជា​គ្រោះមហន្តរាយ​របស់​មនុស្ស​ជាតិ ។​
 
ម្យ៉ាងវិញទៀត​, ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក្មេងៗ​ទាំងនេះ​អាច​នឹង​ភ្លេចភ្លាំង​ក្នុង​ការពន្យា​កំណើត ដែល​ជាហេតុ​ធ្វើអោយ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន ព្រមទាំង​អាច​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន ដូចជា ៖ ជំងឺអេដស៍​, មេរោគ​ស្វាយ​, ប្រមេះ និង ជំងឺ​កាមរោគ​ដ៏​ទៃ ។ ល ។​
 
​យ៉ាងណាមិញ​, ជាតិ​អាល់កុល​អាច​នឹង​ធ្វើ​លិង្គ​ពិបាក​នឹង​ងើប​រឹង​នៅ​ពេល​អ្នក​ស្រវឹង ។​

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com