កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag បន្ទោសខ្សែការពារ Man Utd ចំពោះកំហុសដែលធ្វើឱ្យក្រុមចាញ់ Arsenal
23, Jan 2023 , 2:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បន្ទោសកូនក្រុមដែលជាខ្សែការពារចំពោះការបង្កកំហុសនៅចុងម៉ោង ដែលជាហេតុនាំឱ្យក្រុមរងបរាជ័យក្រោមថ្វីជើងក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣-២ ថ្ងៃទី២២ ខែមករា។ Arsenal បន្តនាំមុខកំពូលតារាងដាច់ពីក្រុម Man Utd ចំនួន១១ពិន្ទុ។



ក្រុមបិសាចក្រហមត្រូវបានអ្នកគាំទ្រ ព្រមទាំងអ្នកវិភាគជាច្រើនលើកយកមកនិយាយអំពីសមត្ថភាពដើម្បីឈ្នះពានរង្វាន់លើកដំបូងក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីពួកគេបានប្រកួតយកបានជ័យជម្នះចំនួន ៥លើកជាប់គ្នាចាប់តាំងពីព្រឹត្តិការណ៍ World Cup បានបញ្ចប់រួចមក។ ប៉ុន្តែកាលពីពាក់កណ្តាលសប្តាហ៍មុន Man United ប្រកួតត្រឹមស្មើជាមួយម្ចាស់ផ្ទះ Crystal Palace ហើយលើកនេះរងបរាជ័យក្រោមថ្វីជើងកាំភ្លើងធំថែមទៀត។
 
នាការប្រកួតក្នុងទឹកដី Emirate នោះ ក្រុមភ្ញៀវបិសាចក្រហមជាអ្នកបើកឆាកស៊ុតបាល់នាំមុខមុន ដោយខ្សែប្រយុទ្ធ Marcus Rashford បន្ទាប់មកត្រូវបានក្រុមម្ចាស់ផ្ទះវាយបកមកវិញ ២គ្រាប់ ហើយខ្សែការពារម្ចាស់ពានរង្វាន់ពិភពលោក Lisandro Martinez តែតបាល់តាមស្មើ ២-២ មកវិញ។ តែទោះជាយ៉ាងណាឱកាសដែលជាការធ្វេសប្រហែសពីសំណាក់ក្រុមខ្សែការពារបិសាចក្រហមបានបណ្តែតបណ្តោយឱ្យកីឡាករខ្សែប្រយុទ្ធវ័យក្មេង Eddie Nketiah ស៊ុតបញ្ចូលទីនៅនាទី៩០ ចុងបញ្ចប់នៃការប្រកួតទៅហើយ។ 
 
ប្រាប់ទូរទស្សន៍ ​BBC លោក Ten Hag បាននិយាយថាលោកខកចិត្តចំពោះលទ្ធផលនៃការប្រកួតដែលកូនក្រុមលោកធ្វើឱ្យរបូតពិន្ទុដ៏សំខាន់នេះ។«នេះជាការប្រកួតដ៏អស្ចារ្យដែលជាការប្រជែងគ្នាខ្លាំងជាមួយអ្នកទស្សនាដ៏ច្រើន។ ក្រុមកំពូលចំនួនពីរបានប្រជែងគ្នា ប៉ុន្តែពិតណាស់យើងពិតជាខកចិត្តនៅពេលដែលចាញ់ការប្រកួតនៅចុងវគ្គដែលហៀបនឹងបញ្ចប់ទៅហើយ ហើយគ្រាប់បាល់ដែលយើងរបូតថ្ងៃនេះគឺជាកំហុស វាមិនគួរកើតឡើងទាល់តែសោះ។ ដូចសប្តាហ៍មុនអ៊ីចឹង យើងពិតលំបាកដើម្បីបំបាក់គូប្រកួត តែថ្ងៃនេះនឹងមិនមែននោះទេ ៣គ្រាប់ស៊ុតចូលគួរតែរក្សាកុំឱ្យរបូត យើងមានកំហុសត្រង់តំបន់ការពារ។»។ គ្រូបង្វឹកវ័យ ៥២ឆ្នាំបាននិយាយបែបនេះ។
 
ក្រោយរងបរាជ័យ Man United ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ៤ នៃតំបន់កំពូលតារាងដែលមាន ៣៩ពិន្ទុ ឈរពីក្រោមក្រុម Newcastle United ដែលមាន ៣៩ពិន្ទុដូចគ្នាប៉ុន្តែចាញ់គ្រាប់បាល់ ហើយ Arsenal វិញមានគម្លាតពិន្ទុដាច់ Man United ដល់ទៅ១១ពិន្ទុឈរនៅកំពូលតារាង៕
 

Tag:
 Arsenal
  Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com