កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្ដេច ទៀ បាញ់៖ ១០០ថ្ងៃរាប់ថយក្រោយ ជាពេលសំខាន់ ដើម្បីបំពេញការងារបន្ថែមឲ្យជោគជ័យ
23, Jan 2023 , 3:59 pm        
រូបភាព
សម្ដេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នំា២០២៣ រូបពី CAMSOC
សម្ដេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នំា២០២៣ រូបពី CAMSOC
គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែឧសភា កម្ពុជា នៅសល់ពេល ១០០ថ្ងៃ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២។ សម្ដេច ទៀត បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នំា២០២៣ (CAMSOC) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅទីស្ដីការក្រសួងការពារជាតិ ដូច្នេះថា ១០០ថ្ងៃរាប់ថយក្រោយ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាពេលវេលាសំខាន់ ក្នុងការបំពេញការងារបន្ថែម និងអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវប្រឹងបំពេញការងារ ឲ្យអស់ពីសមត្ថភាព។



សម្ដេច ទៀ បាញ់ ចាត់ទុកថា ១០០ថ្ងៃចុងក្រោយនៃការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជារឿងសំខាន់ ដែលស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងធ្វើការងារ ដែលនៅសេសសល់ឲ្យអស់ពីលទ្ធភាព ដើម្បីការធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានជោគជ័យ។ ប្រធាន CAMSOC បានប្រាប់ដូច្នេះថា៖«១០០ថ្ងៃចុងក្រោយនេះ គឺជាពេលដែលយើងទាំងអស់គ្នា ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីបំពេញការងាររបស់យើងឱ្យបានចប់សព្វគ្រប់។»។
 
សម្ដេច ទៀ បាញ់ ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាបានរៀបចំរួចរាល់ជាច្រើនមកហើយ មុនឈានដល់ដំណាក់កាលចុងក្រោយ ដែលនៅសល់១០០ថ្ងៃ ជាពេលដែលត្រូវពង្រឹង និងរៀបចំឲ្យខ្លាំងទៀត ដើម្បីធានាថាកិច្ចការនេះ រួចស្រេចបាច់អស់គ្រប់ផ្នែក។ «១០០ថ្ងៃចុងក្រោយ ជាពេលដែលយើងត្រូវបំពេញបន្ថែម ឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ថារកិច្ចដល់គណៈប្រតិភូ កីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងស្រុកយើង។»។ 
 
គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ កម្មវធី១០០ថ្ងៃមុនកីឡាស៊ីហ្គេម នឹងប្រារព្ធធ្វើឡើងនៅកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២៥ ខែមករា៕
 

Tag:
 ស៊ីហ្គេម
  ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com