កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ប្តូរអ្នកគ្រប់គ្រងក្លិបថ្មី ក្រោយត្រូវកាត់១៥ពិន្ទុ ករណីបំពានច្បាប់ហិរញ្ញវត្ថុ
23, Jan 2023 , 4:59 pm        
រូបភាព
Juventus នៅថ្ងៃទី២២ ខែមករា បានប្រកាសតែងតាំងលោក Francesco Calvo ជាប្រធានផ្នែកក្លិបបាល់ទាត់ថ្មីជំនួសលោក Andrea Agnelli។ ការតែងតាំងនេះធ្វើឡើងក្រោយក្លិបយក្សអ៊ីតាលីមួយនេះរងទណ្ឌកម្មកាត់ ១៥ពិន្ទុចេញក្នុងរដូវកាលនេះដោយសារតែបញ្ហាបំពានច្បាប់ហិរញ្ញវត្ថុជុំវិញការដោះដូរកីឡាករ។



ក្រុមរហ្សនាមសេះបង្កង់នៃលីគកំពូលអ៊ីតាលី Serei A ត្រូវរងទណ្ឌកម្មកាលពីដើមខែមករានេះ បន្ទាប់ពីមានការស៊ើបអង្កេតលើការបំពានច្បាប់ផ្នែកហិរញ្ញវត្ថុដែលបានធ្វើឡើងអំឡុងក្លិបមួយនេះស្ថិតក្រោមការដឹកនាំរបស់ប្រធានក្លិប Andrea Agnelli និងអតីតនាយកក្លិបម្នាក់ទៀត។ 
 
កាលពីថ្ងៃទី២០ ខែមករា ក្រុមជើងខ្លាំងដែលធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី ១០លើកជាប់គ្នាមួយនេះ ត្រូវបានកាត់ចេញ ១៥ពិន្ទុ ក្រោយរងទណ្ឌកម្មពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC)។ ក្រោយកាត់ ១៥ពិន្ទុ Juventus ត្រូវធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ១០វិញ ដោយប្រឈមអវត្តមានក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។ 
 
លោក Calvo ដែលត្រូវបានតែងតាំងឱ្យធ្វើជាប្រធានជំនួសវិញ មានតួនាទីរួចជាស្រេចទៅហើយក្នុងនាមជាប្រធានផ្នែកបុគ្គលិកនៃក្លិបមួយនេះ។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនមួយដែលផ្ញើទៅកាន់លោក ​Maurizio Scanavino នាយកប្រតិបត្តិក្លិប Juventus ។
 
លោក Calvo បានចូលរួមជាមួយ Juventus ដំបូងក្នុងឆ្នាំ ២០១១ ហើយបានក្លាយជាប្រធានផ្នែកគ្រប់គ្រងប្រាក់ចំណូលរយៈពេល​ ៣ឆ្នាំ បន្ទាប់មកលោកបានចាកចេញពីក្លិបយក្សអ៊ីតាលីមួយនេះ។ បុរសដដែលនេះធ្លាប់បានធ្វើការឱ្យក្រុម Barcelona របស់ប្រទេសអេស្ប៉ាញ និង AS Roma មុនពេលវិលត្រលប់ទៅកាន់ក្លិបដែលមានទីតាំងក្នុងទីក្រុងទូរីនមួយនេះវិញកាលពីខែមេសា ឆ្នាំ ២០២២។
 
សម្រាប់រដូវកាលនេះ Juventus នៅសល់ត្រឹមតែ ២០ប្រកួតប៉ុណ្ណោះដើម្បីប្រជែងជើងឯក ឬ Top 4។ ការប្រកួតបន្ទាប់របស់ Juventus នឹងត្រូវជួបក្រុមលេខ ៥ Atalanta នៅថ្ងៃទី២៩ ខែមករាសម្រាប់ជំនួប Serie A៕
 
 

Tag:
 Juventus
© រក្សាសិទ្ធិដោយ thmeythmey.com