កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ត្រូវបានបញ្ចប់តំណែង ស្របពេល Everton ស្ថិតនៅតំបន់ត្រូវកាត់ចោល
24, Jan 2023 , 12:00 pm        
រូបភាព
​​លោក Frank Lampard ត្រូវបានក្លិប Everton បញ្ចប់តំណែងជាអ្នកចាត់ការទូទៅនៅថ្ងៃទី២៣ ខែមករា បន្ទាប់ពីក្រុមធ្លាក់ទៅលេខ១៩ នៃតារាងពិន្ទុ Premier League ប្រឈមកាត់ចោលទៅលីគកម្រិតទី២ រដូវកាលក្រោយ។



ការដឹកនាំចុងក្រោយបង្អស់របស់ Lampard នៅក្រុម Everton គឺកាលពីជំនួបថ្ងៃទី២០ ខែមករា ដែលក្រុមបានប្រកួតចាញ់ West Ham United ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតលីគសប្តាហ៍ទី២០ របស់ពួកគេ។ បរាជ័យនេញ ធ្វើឱ្យ Everton ធ្លាក់ទៅឈរលេខ​​១៩ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមានត្រឹម ១៥ពិន្ទុពីការប្រកួត ២០លើក។  Southampton ដែលមាន១៥ពិន្ទុស្មើគ្នា ស្ថិតនៅបាតតារាង។
 
«លោក Lampard ជាមួយក្រុមការងាររបស់លោកបានប្តេជ្ញាចិត្ត និងយកចិត្តទុកដាក់ដឹកនាំក្លិបមួយរយៈពេលមកនេះ ប៉ុន្តែជាលទ្ធផលពិបាកនឹងទទួលយក។ គ្រប់គ្នានៅ Everton ពិតជាចង់អរគុណទៅកាន់​ Lampard ក្នុងតួនាទីជាអ្នកចាត់ការរយៈពេលជាង ១២ខែមកនេះ យើងជូនពរ គាត់ឱ្យទទួលបានជោគជ័យនាពេលអានាគត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Everton។
 
ក្រុមការងាររបស់ Lampard ដែលមានលោក Joe Edwards, Paul Clement, Ashley Cole និង Chris Jones ក៏បានចាកចេញពីក្លិប ខណៈដែលលោក ​Alan Kelly នៅតែបន្តតំណែងជាគ្រូបង្វឹកអ្នកចាំទីប្រចាំក្លិប។ ក្រុមដែលស្ថិតនៅទីក្រុង Merseyside ដែលស្ថិតក្រោមការដឹកនាំរបស់អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស និង Chelsea រកបានជ័យជម្នះចុងក្រោយបង្អស់កាលពីខែតុលា ឆ្នាំ២០២២ ដែលពេលនោះពួកគេបានបំបាក់ Crystal Palace ក្នុងទឹកដី Goodison Park លទ្ធផល ៣-០។ 
 
Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការ Everton កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីលោកបានដឹកនាំ Chelsea ក្នុងឆ្នាំ ២០១៩-២០២១ និងក្រុម Derby County នៅលីគទីពីរក្នុងឆ្នាំ ២០១៨-១៩។ អ្នកចាត់ការវ័យ ៤៤ឆ្នាំ ត្រូវបានក្រុម Chelsea បណ្តេញចេញក្នុងខែមករា ឆ្នាំ ២០២១ មុនទៅកាន់ Everton។ 
ក្រោយពីលក់ Richarlison ទៅកាន់ក្រុម Tottenham Hotspur ដើមរដូវកាលមក Everton ចាប់ផ្តើមជួបបញ្ហាជាបន្តបន្ទាប់។ 
 
ការប្រកួតកាលពីប៉ុន្មានថ្ងៃមុនក្នុងឆ្នាំ​ ២០២៣ ដោយស្មើ​ Man City ដល់ក្នុងទឹកដីបានធ្វើឱ្យកៅអីរបស់ Lampard ហាក់បន្ថយកំដៅ ប៉ុន្តែពិន្ទុដើម្បីគេចផុតពីតំបន់គ្រោះថ្នាក់នៅតែជាបញ្ហាចោទដ៏សំខាន់ដែលពិបាកនឹងដោះស្រាយ។ បើតាមសេចក្តីថ្លែងការណ៍ Everton នឹងត្រូវស្ថិតក្រោមការដឹកនាំហ្វឹកហាត់បណ្តោះអាសន្នដោយលោក Paul Tait និង Leighton Baines រហូតដល់ក្រុមអាចរកអ្នកចាត់ការថ្មីបាន។ 
 
ក្រុម Everton ការប្រកួតបន្ទាប់នឹងត្រូវជួបក្រុមកំពូលតារាង Arsenal នៅថ្ងៃទី៤ ខែកុម្ភៈ ហើយនិងជួបក្រុម Liverpool នៃជំនួបទីក្រុងតែមួយ Merseyside Derby នៅថ្ងៃទី១៣ ខែកុម្ភៈ៕
 
 

Tag:
 Everton
  Prank Lampard
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com