ជាតិ
សេដ្ឋកិច្ច
គម្រោងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ត្រូវការទុនជាង ៤ពាន់លានដុល្លារ
24, Jan 2023 , 4:03 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក។



ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៣ ខែមករា បានប្រជុំពិនិត្យលទ្ធផលបឋម នៃការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រជុំជាមួយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) រួមទាំងមន្ត្រីក្រសួង សា្ថប័នពាក់ព័ន្ធជាច្រើរូបទៀត។
  


នាកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗ ដែលបានសិក្សាលើផ្លូវរថភ្លើងរួមមាន ទិដ្ឋភាពទូទៅនៃគម្រោង, ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ផែនការនៃការសាងសង់, ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក, ការរៀបចំការដឹកជញ្ជូន, រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប, ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និងការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។
 
បើតាមក្រសួងសាធារណការ គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង ៣៨២គីឡូម៉ែត្រ ដែលត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ ដែលប្រើរយៈពេលសាងសង់ចំនួន ៤ឆ្នាំ។ ផ្លូវនេះ មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ហើយល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ក្នុងនោះមានស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង។ 
 

កិច្ចប្រជុំពិនិត្យលទ្ធផល លើគម្រោងលើកកម្រិតគុណភាពផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត។ រូបភាព៖ ក្រសួងសារធារណការ និងដឹកជញ្ជូន

ខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី។ ផ្លូវរថភ្លើងនេះ នឹងត្រូវសាងសង់ផ្លូវអាកាសរំលងកាត់ប្រមាណ ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ ស្ថិតនៅរាជធានីភ្នំពេញ។ 
 
សូមជម្រាបថា គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ គម្រោងនេះ ផ្តោតសំខាន់ទៅលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដែលឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕
 
 

Tag:
 ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com