កីឡាអន្តរជាតិ
អន្តរជាតិ
Bale នឹងចូលរួមប្រកួតវាយកូនហ្គោលកម្មវិធី​ PGA Tour ក្រោយចូលនិវត្តន៍ពីអាជីពបាល់ទាត់
25, Jan 2023 , 8:29 am        
រូបភាព
Gareth Bale អតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់ Real Madrid និង Tottenham Hotspur បានប្រកាសថារូបគេនឹងចូលរួមប្រកួតកីឡាវាយកូនហ្គោល ក្នុងកម្មវិធីកម្រិតពិភពលោក PGA Tour ដែលនឹងធ្វើឡើងនៅឆ្នេរសមុទ្រទីក្រុង Pepple សហរដ្ឋអាម៉េរិក។ ការចូលរួមប្រកួតកីឡាថ្មីដ៏គួរភ្ញាក់ផ្អើលនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយរូបគេចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។



Bale វ័យ ៣៣ឆ្នាំ ដែលបានបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ជម្រើសជាតិវែលស៍នៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា បានជួយក្រុម Los Angeles FC ដែលគេបានចូលរួមបានត្រឹមពាក់កណ្តាលរដូវកាលនោះលើកពានរង្វាន់ Major League Soccer ឆ្នាំ ២០២២។ 
 
កាលពីថ្ងៃទី៩​ ខែមករាឆ្នាំ ២០២៣ តារាបាល់ទាត់រូបនេះបានប្រកាសព្យួរស្បែកជើងពីអាជីពទាត់ក្នុងនាមជាវីរបុរសក្លិបមាន់ក្នាយមាស Spurs និងជាកីឡាករដែលឈ្នះពានរង្វាន់ Champions League ៥លើកជាមួយ Real Madrid។ 
 
អំឡុងពេលស្ថិតនៅជាកីឡាករបាល់ទាត់ Bale មិនដែលលាក់ពីចំណង់ចំណូលចិត្តក្នុងការលេងកីឡាវាយកូនហ្គោលនេះឡើយ ហើយមកដល់ពេលនេះរូបគេបានបង្ហាញយ៉ាងជាក់ច្បាស់ថា កីឡាវាយកូនហ្គោលជាប្រទេសកីឡាដែលរូបត្រូវចូលរួមប្រកួតប្រជែងបន្ទាប់ពីអាជីពបាល់ទាត់។ 
 
Bale នឹងមានវត្តមានក្នុងកម្មវិធី AT&T Pebble Beach Pro-Am ដែលក្នុងការប្រកួតនោះក៏មានការចូលរួមពីម្ចាស់ជើងឯកវាយកូនហ្គោល US Open កីឡាករ Matt Fitzpatrick ក្នុងចំណោមអ្នកចូលរួមចំនួន ១៥៦នាក់ផ្សេងទៀត។ 
 
«ខ្ញុំពិតជារីករាយក្នុងការប្រកាសថាខ្ញុំនឹងចូលរួមប្រកួតកម្មវិធី AT&T Peppe Beach Pro-Am នៅដើមខែក្រោយនេះ តោះទៅទាំងអស់គ្នា។»។ នេះបើតាមការបង្ហោះរបស់ Bale នៅលើបណ្តាញសង្គម Instagram។
 
ការប្រកួតនោះទៀងសោត ក៏មានវត្តមានកីឡាករល្បីៗមួយចំនួនដូចជា Bill Murray, Jason Bateman និង Macklemore សម្រាប់ការប្រកួតដែលមានប្រាក់រង្វាន់ប្រមាណ ៩លានដុល្លារអាម៉េរិក។ 
 
​អតីតកីឡាករបាល់ទាត់វ័យ ៣៣ឆ្នាំរូបនេះ នឹងក្លាយជាទីចាប់អារម្មណ៍របស់ក្រសែរភ្នែកអ្នកគាំទ្រកីឡាវាយកូនហ្គោល តាមរយៈភាពល្បីល្បាញរបស់គេក្នុងវិស័យកីឡាបាល់ទាត់កន្លងមក។ 
កាលនៅជាកីឡាករបាល់ទាត់ Bale បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិវែលស៍ចំនួន ១១១លើក ដែលច្រើនជាងកីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្រក្រុម។ បើទោះបីជាចាកចេញពីវិស័យបាល់ទាត់ ប៉ុន្តែ Bale នៅតែចាត់ទុកកីឡាករបាល់ទាត់ជាកីឡាអតិភាពដំបូងគេរបស់ខ្លួន៕
 

Tag:
 Gareth Bale
  Golf
  Football
© រក្សាសិទ្ធិដោយ thmeythmey.com