អន្តរជាតិ
ក្រសួងអប់រំថៃ ដកវិធានការកំណត់ម៉ូតសក់សិស្សនិងអនុញ្ញាតឱ្យសិស្សស្រីទុកសក់វែង
× ការកំណត់ទម្រង់សក់បែបទាហានសម្រាប់សិស្សប្រុសនិងម៉ូតសក់ខ្លីក្ដោបសម្រាប់សិស្សស្រី ត្រូវបាន លុបចោលសម្រាប់សាលាទាំងឡាយណាដែលគ្រប់គ្រងដោយក្រសួងអប់រំ។ រដ្ឋមន្ត្រីក្រសួងអប់រំថៃលោកស្រី Treenuch Thienthong លើកឡើងបែបនេះនៅថ្ងៃទី២៤ ខែមករា។
ក្រោមបទប្បញ្ញត្តិថ្មីដែលប្រកាសដោយរដ្ឋមន្ត្រីក្រសួងអប់រំថៃ សិស្សានុសិស្សនៅសាលារៀនក្រោមក្រសួងអប់រំ នឹងត្រូវបានអនុញ្ញាតឱ្យមានសក់វែងឬខ្លីតាមចំណូលចិត្តរបស់ពួកគេ។ ចំណាត់ការមួយនេះត្រូវធ្វើឡើងក្នុងការឆ្លើយតបនឹងការអំពាវនាវជាបន្តបន្ទាប់សម្រាប់ការធ្វើវិសោធនកម្មបទប្បញ្ញត្តិរបស់ក្រសួងឆ្នាំ២០២០ ស្តីពីម៉ូតសក់របស់សិស្សដែលត្រូវមើលឃើញថាប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយ និងផ្លូវចិត្តរបស់សិស្ស។
ក្រោមច្បាប់ថ្មីនេះ សិស្សប្រុសអាចទុកសក់ខ្លី ឬវែង ប៉ុន្តែមិនត្រូវលើសពីគែមនៃសក់ ឬថ្ងាសឡើយ។ សិស្សប្រុសមិនអនុញ្ញាតឱ្យទុកពុកមាត់ ឬពុកចង្កានោះឡើយ។ សក់ក៏មិនត្រូវមានលំនាំប្លែកៗដែរ។ ចំណែកសិស្សស្រីអាចមានសក់វែង ឬខ្លី ប៉ុន្តែប្រសិនជាមានសក់វែងត្រូវចងឱ្យបានសមរម្យ ហើយការលាប ឬប្តូរពណ៌សក់នឹងមិនអនុញ្ញាតនោះឡើយ។
កាលពីថ្ងៃទី១៦ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំថៃ ក៏បានចុះហត្ថលេខាលើដីកាលុបចោលបទប្បញ្ញត្តិឆ្នាំ២០២០ ស្ដីពីម៉ូដសក់សិស្ស និងបានដាក់សំណើទៅលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីដើម្បីបញ្ជូនបន្តទៅចុះផ្សាយក្នុងរាជកិច្ច។ បទប្បញ្ញតិ្តថ្មីនឹងចូលជាធរមាននៅ ពេលដែលត្រូវបានផ្សព្វផ្សាយ។
គួររំលឹកថា កាលពីខែឧសភាឆ្នាំមុន លោកស្រី Treenuch ក៏បានណែនាំគ្រូបង្រៀនមិនមានសិទ្ធិកាត់សក់សិស្សជាការដាក់ទណ្ឌកម្មក្នុងការបំពានបទប្បញ្ញត្តិនោះឡើយ ទោះបីជាវិន័យជាការចាំបាច់ក្នុងការបង្កើតរចនាសម្ព័ន្ធក្នុងបរិយាកាសអប់រំក៏ដោយ។ លោកស្រី Treenuch បញ្ជាក់ទៀតថា ការកាត់សក់ដោយគ្រូមិនត្រូវនោះឡើយក្នុងសាលារៀនព្រោះវាមិនមានជាប់ពាក់ព័ន្ធនឹងការបណ្តុះការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់សិស្សនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com