កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់ប៉ូឡូញ៖ តែងតាំងលោក Santos ជាគ្រូថ្មី ដោយផ្អែកលើជោគជ័យនៅព័រទុយហ្កាល់
25, Jan 2023 , 11:19 am        
រូបភាព
ប៉ូឡូញបានតែងតាំងលោក Fernando Santos ជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញជាផ្លូវការនៅថ្ងៃទី២៤ ខែមករា។ លោក Cezary Kulesza ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ (PZPN) ការជ្រើសយកលោក Santos ជាគ្រូថ្មី ដោយផ្អែកលើសមត្ថភាពដឹកនាំក្រុមព័រទុយហ្កាល់ជាចម្បង។



លោក Santos ដែលធ្លាប់ដឹកនាំក្រុមព័រទុយហ្កាល់ជោគជ័យនៅព្រឹត្តិការណ៍ Euro 2016 និង Nations League ឆ្នាំ ២០១៨-១៩ នឹងត្រូវកាន់ការងារជាគ្រូប៉ូឡូញចាប់ពីដើមឆ្នាំ២០២៣នេះតទៅ និងជាគ្រូបង្វឹកទី២ក្នុងសតវត្សរ៍នេះបន្ទាប់ពីលោក Leo Beenhakker ដែលទើបបញ្ចប់តំណែងថ្មីៗនេះ។
 
«យើងចង់បានគ្រូបង្វឹកដែលមានបទពិសោធន៍ស្រាប់ដើម្បីមកដឹកនាំក្រុមជម្រើសជាតិ ដូច្នេះគាត់មិនចាំបាច់ត្រូវការរៀនសូត្របន្ថែមទៀតទេចំពោះការងារមួយនេះ។ ប៉ុន្តែលើសពីអ្វីដែលបាននិយាយយើងចង់បានគ្រូដែលមានបទពិសោធន៍ជោគជ័យដូចដែលយើងបានតែងតាំងនៅថ្ងៃនេះអ៊ីចឹង។»។ លោក Kulesza ប្រធាន PZPN បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
មុនពេលមកដឹកនាំក្រុមប៉ូឡូញលោក Santos ធ្លាប់បានដឹកនាំព័រទុយហ្កាល់ចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ចុងឆ្នាំ ២០២២។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិក្រិករយៈពេល ៤ឆ្នាំ ផងដែរ។ លោក Santos ក៏បានដឹកនាំក្រុមខ្លាំងៗប្រចាំព័រទុយហ្កាល់ដែលមានដូចជា FC Porto, Sporting, Benfica រួមទាំងក្រុមនៅក្រិក AEK Athens, Panathinaikos និងក្រុមផ្សេងជាច្រើនទៀត។
 
បន្ទាប់តែពីត្រូវបានតែងតាំង លោក ​Santos បានបង្ហាញចំណាប់អារម្មណ៍និងប្តេជ្ញាចិត្តសម្រាប់ប៉ូឡូញដូច្នេះថា៖«ខ្ញុំនឹងផ្តល់ការយកចិត្តទុកដាក់ខ្លាំងចំពោះពាក្យ ២មាត់ថា យើង និង ឈ្នះ។ យើងនឹងប្រើប្រាស់វិធីសាស្ត្រដើម្បីយកឈ្នះ ព្រោះខ្ញុំគិតថាក្រុមជម្រើសជាតិមួយនេះមានអ្វីគ្រប់បែបយ៉ាងរួចមកហើយដើម្បីប្រកួតប្រជែងជាមួយក្រុមធំៗខ្លាំងៗដទៃទៀត។»។
 
ដោយឡែកមុនពេលមកចូលរួមជាមួយប៉ូឡូញ គ្រូបង្វឹកវ័យ ៦៨ឆ្នាំរូបនេះបានសម្រេចចិត្តដោយការព្រមព្រៀងគ្នាបញ្ចប់តួនាទីជាមួយក្រុមព័រទុយហ្កាល់ក្រោយក្រុមបរាជ័យនៅ World Cup 2022 ត្រឹមវគ្គ ៨ក្រុមចុងក្រោយក្រោមថ្វីជើងម៉ារ៉ុក។ ចំណែកអតីតគ្រូប៉ូឡូញលោក Czeslaw Michniewicz មិនទទួលបានការបន្តកិច្ចសន្យាថ្មីពីសហព័ន្ធបើទោះជួយក្រុមឈានជើងឡើងវគ្គ ១៦ក្រុមនៃ ​World Cup ក្រោយរង់ចាំអស់រយៈពេល ៣៦ឆ្នាំក្តី៕
 

Tag:
 Fernando Santos
  Poland
© រក្សាសិទ្ធិដោយ thmeythmey.com