ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្ញុំគួរធ្វើដូចម្តេចនៅពេលហ៊ឹង​ត្រចៀក
25, Jan 2023 , 10:59 pm        
រូបភាព
ការ​ហឹ​ង​ត្រចៀក​គឺជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រដាសត្រចៀក​ និង​ជាលិការ​ត្រចៀក​កណ្តាល​របស់​អ្នក​ នៅ​ពេល​ដែល​មាន​សម្ពាធ​ខ្យល់​ក្នុង​ផ្នែក​កណ្តាល​របស់​ត្រចៀក​ និង​សម្ពាធ​ក្នុង​បរិយាកាស​ខាងក្រៅ​មិន​មាន​តុល្យភាព​នឹង​គ្នា​ ។​ អ្នក​ប្រហែលជា​ធ្លាប់​មាន​បញ្ហា​ហឹ​ង​ត្រចៀក​នៅ​ពេល​ដែល​យន្តហោះ​ចាប់ផ្តើម​ហោះ​ ឬ​នៅ​ពេល​យន្តហោះ​ចុះ​ចត​ ។​ ការ​ដែល​មានការ​ផ្លាស​ប្តូរ​លឿន​ដូច្នេះ​ដោយសារ​តែ​កំពស់​ ឬ​កន្លែង​ដែល​ខ្ពស់​ជាង​ដី​ធ្វើ​អោយ​សម្ពាធ​ខ្យល់​ផ្លាស់​ប្តូរ​ និង​អាច​កើត​ទៅ​ជា​ការ​ហឹ​ង​ត្រចៀក​ ។​

 
ជា​ធម្មតា​យើង​អាច​ធ្វើការ​បំបាត់​នូវ​ការ​ហឹ​ត​ត្រចៀក​នេះ​បាន​តាម​រយៈ​ ការ​ស្ងាប​ លេបទឹកមាត់​ ឬ​ទំពារ​ស្ករ​កៅស៊ូ​ ។​ ទោះជា​យ៉ាងនេះ​ក្តី​ ករណី​ហឹ​ង​ត្រចៀក​ដែល​ធ្ងន់ធ្ងរ​ ត្រូវ​តែ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ ។​
 
រោគ​សញ្ញា​លេចឡើងពេលហ៊ឹងត្រចៀក
 
ការ​ហឹ​ង​ត្រចៀក​អាច​កើត​តែ​ម្ខាង​ ឬ​ទាំង​សងខាង​ ហើយ​មាន​រោគ​សញ្ញា​ដូច​ជា​៖
  • ​គ្មាន​ផា​សុខភាព​ ឬ​ឈឺ​ក្នុង​ត្រចៀក​ក្នុង​កំ​រិម​ធ្យ​ម​
  • ​មាន​អារម្មណ៍​ថា​ណែនៗ​ ឬ​មាន​អ្វីមួយ​ញុ​ក​ក្នុង​ត្រចៀក​
  • ​លឺ​ខ្សាវៗ​ ឬ​បាត់បង់​ការ​លឺ​សូរ​ពី​កំរិត​តិចតួច​ទៅ​កំរិត​មធ្យម​
ប្រសិនបើ​ការ​ហឹ​ង​ត្រចៀក​ដែល​ធ្ងន់ធ្ងរ​មាន​រយៈពេល​ច្រើន​ជាង​ពីរ​បី​ម៉ោង​អ្នក​អាច​មាន​រោគ​សញ្ញា​ដូច​ជា​៖
  • ឈឺ​ខ្លាំង​
  • ​មាន​សម្ពាធ​ក្នុង​ត្រចៀក​ដូចនឹង​ការ​មុជទឹក​
  • ​បាត់បង់​នូវ​ការ​លឺ​សូរ​ពី​កំរិត​មធ្យម​ទៅ​ខ្លាំង
  • ​លឺ​សូរ​សំលេង​ងឺ​ងៗ​ក្នុង​ត្រចៀក​ (Tinnitus)
  • ​មាន​អារម្មណ៍​ដូច​វិលមុខ​ (Vertigo)
  • ​ក្អួត​ ក្រោយ​ពី​វិលមុខ​ហើយ​
  • ​ហូរ​ឈាម​តាម​ត្រចៀក​
ពេល​ដែល​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ
 
ជា​ធម្មតា​អ្នក​តែងតែ​ធ្វើ​អ្វីមួយ​ក្នុង​ការ​ដោះស្រាយ​នឹង​បញ្ហា​ហឹ​ង​ត្រចៀក​របស់​អ្នក​រួម​មក​ហើយ​ ។​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​គ្មាន​ផា​សុខភាព​ ណែនៗ​ ឬលឺ​សូរ​ខ្សាវៗ​ក្នុង​ត្រចៀក​លើ​ពី​ ពីរ​បី​ម៉ោង​ ឬ​ធ្លាប់​មាន​រោគ​សញ្ញា​ដែល​ធ្ងន់ធ្ងរ​ពី​មុន​មក​ អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ។​
 
មូលហេតុ​នៃការហ៊ឹងត្រចៀក
 
ការ​ហឹ​ង​ត្រចៀក​កើតឡើង​នៅ​ពេល​ដែល​មាន​អ​តុល្យភាព​រវាង​សម្ពាធ​ខ្យល់​ក្នុង​ត្រចៀក​ផ្នែក​កណ្តាល​ និង​សម្ពាធ​ខ្យល់​ក្នុង​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​ ។​ ចំណែក​សម្ពាធ​ខ្យល់​នៅ​ក្នុង​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​នេះ​ដែរ​ មាន​នាទី​ការពារ​ក្រដាសត្រចៀក​ (Tympanic​ Membrane)​ ពី​រំ​ញ័រ​ផ្សេងៗ​ ។​ សម្ពាធ​ខ្យល់​ដែល​ទៀងទាត់​ គឺ​ធ្វើការ​ក្នុង​ផ្លូវ​មួយ​ដែល​តូច​ហៅ​ថា​ Eustachian​ Tube​ ។​ វា​គឺជា​បំពង់​បិទ​ជិត​មួយ​ដែល​ម្ខាង​ត​ភ្ជាប់​ពី​ត្រចៀក​ផ្នែក​កណ្តាល​ ហើយ​ម្ខាង​ទៀត​មាន​ច្រកចេញ​តូច​មួយ​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​របស់​ប្រហោង​ច្រមុះ​ និង​ផ្នែក​ខាងលើ​បង្អស់​របស់​បំពង់ក​ (Nasopharynx)​ ។​
នៅ​ពេល​ដែល​ខ្យល់​ក្នុង​ត្រចៀក​ឡើង​ ឬ​ចុះ​ ធ្វើ​អោយ​សម្ពាធ​ខ្យល់​ក្នុង​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​ ហើយ​បំពង់​ Eustachian​ Tube​ មិន​អាច​សម្រប​ខ្លួន​បាន​លឿន​នោះ​ទេ​ ។​ នៅ​ពេល​ដែល​
 
លេបទឹកមាត់​ ឬ​ស្ងាប​ ធ្វើ​អោយ​សាច់ដុំ​ដែល​បញ្ជា​លើ​បំពង់​ Eustachian​ Tube​ បើក​ និង​ធ្វើ​អោយ​ត្រចៀក​ផ្នែក​កណ្តាល​ អាច​ធ្វើការ​បាន​មក​វិញ​ធម្មតា​ដោយសារ​មាន​ខ្យល់​ចូល​គ្រប់គ្រាន់​ និង​អាច​បំបាត់​អាកា​រៈ​ហឹ​ង​ត្រចៀក​បាន​ ។​
 
មូលហេតុ​ដែល​ហឹ​ង​ត្រចៀក​តិចតួច
 
វា​អាច​បណ្តាល​មក​ពី​៖
  • ធ្វើការ​មុជ​ក្នុង​ទឹក​ដែល​ជ្រៅៗ​
  • ​ការ​ដែល​វាយ​ ឬ​ទះ​នៅ​នឹង​ត្រចៀក​
  • ​ការ​ផ្ទុះ​អ្វីមួយ​ខ្លាំង​នៅ​ជិត​ខ្លួន​
  • អ្នក​ប្រហែលជា​ធ្លាប់​មាន​ករណី​តិចតួច​មួយ​ទាក់ទង​នឹង​ហឹ​ង​ត្រចៀក​ ខណៈ​ពេល​ដែល​ជិះ​ជណ្តើរយន្ត​ ក្នុង​អាគារ​ដែល​ខ្ពស់ៗ​ ឬ​ការ​ធ្វើ​ដំណើរ​ឡើង​លើ​ភ្នំ​ ។​
កត្តា​ប្រឈម​មុខ
 
មាន​ស្ថានភាព​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​អោយ​ស្ទះ​បំពង់​ Eustachian​ Tube​ ឬ​ធ្វើ​អោយ​មុខងារ​របស់​វា​មានការ​រាំងស្ទះ​ គឺ​សុទ្ធតែ​ធ្វើ​អោយ​ប្រឈម​មុខ​ន​កាន់តែ​ខ្ពស់​នឹង​ការ​ហឹ​ង​ត្រចៀក​ ។​ កត្តា​ប្រឈម​មុខ​ដែល​សំបូរ​ជាងគេ​មាន​ដូច​ជា​៖
  • ​​បំពង់​ Eustachian​ Tube​ តូច​ពេក​ពិសេស​ក្នុង​វ័យ​ជា​ទារក​
  • ​ផ្តាសាយ​
  • ​មាន​ជំងឺ​នៅ​ក្នុង​ប្រហោង​ឆ្អឹង​
  • ​អា​ឡឺ​ហ្សី​ច្រមុះ​ (Allergic​ Rhinitis)
  • ​ជំងឺ​លើ​ត្រចៀក​ផ្នែក​កណ្តាល​ (Otitis​ Media)
  • ​ដេក​នៅ​ពេល​យន្តហោះ​ឡើង​ ឬ​ចុះ​
  • ការ​ឧស្សាហ៍​ ឬ​មានការ​ហឹ​ង​ត្រចៀក​ដែល​ធ្ងន់ធ្ងរ​អាច​ធ្វើ​អោយ​ខូច​ជាលិការ​របស់​ត្រចៀក​ខាងក្នុង​ ឬ​បំពង់​ Eustachian​ Tube​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ឱកាស​មាន​បញ្ហា​ត្រចៀក​កាន់តែ​ខ្លាំង​ទៅៗ​ ។​
ផលវិបាក​ដែលបណ្តាលមកពីការហ៊ឹងត្រចៀក
 
ការ​ហ៊ឹង​ត្រចៀក​ជា​ធម្មតា​មិន​បង្ក​ជា​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ​ ហើយ​វា​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​ ។​ ចំពោះ​ផលវិបាក​ដែល​យូរអង្វែង​ អាច​កើត​មាននៅ​ពេល​ដែល​ស្ថានភាព​បញ្ហា​នោះ​កាន់តែ​យូរ​ទៅៗ​ ឬ​ធ្ងន់​ទៅៗ​ ឬ​មានការ​ខូចខាត់​ទៅ​ដល់​រចនាសម្ព័ន្ធ​របស់​ត្រចៀក​ផ្នែក​កណ្តាល​ និង​ខាងក្នុង​  ។​
 
ផលវិបាក​ដែល​មិនសូវ​មាន​
  • ស្តា​ប់លែង​លឺ​រហូត​
  • ​ហឹ​ង​ត្រចៀក​ជាប់​រាំ​រៃ​ (Chronic​ Tinnitus)
  • ការ​ត្រៀមខ្លួន​ក្នុង​ការ​ជួប​ជាមួយ​គ្រូពេទ្យ
ប្រសិនបើ​អ្នក​ធ្លាប់​មាន​បញ្ហា​ឈឺ​ត្រជាក់​ធ្ងន់ធ្ងរ​ ឬ​មាន​រោគ​សញ្ញា​ណាមួយ​ដែល​ទាក់ទង​នឹង​ការ​ហឹ​ង​ត្រចៀក​ ហើយ​គ្មាន​មធ្យ​បាយ​ដើម្បី​បំបាត់​បាន​ អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ ឬ​អ្នក​ដែល​មាន​វិ​ជ្ជ​ពេទ្យ​ជា​មុន​សិន​ ។​ ទោះបីជា​យ៉ាងនេះ​ក្តី​ អ្នក​ប្រហែលជា​ត្រូវ​បញ្ជូន​ទៅ​អ្នកឯកទេស​ខាង​ ត្រចៀក​ ច្រមុះ​ និង​បំពង់ក​ (ENT​ ឬ​ Otolaryngologist)​ ។​ វា​មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​ត្រៀមខ្លួន​ទុកជា​មុន​ក្នុង​ពេល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ។​
 
អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន
  • ​សរសេរ​ពី​រោគ​សញ្ញា​ដែល​អ្នក​ធ្លាប់​មាន​ រួម​ទាំង​រោគ​សញ្ញា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ត្រចៀក​ផង​ដែរ​
  • ​ធ្វើ​តារាង​ឈ្មោះ​ថ្នាំ​ដែល​បាន​ប្រើ​កន្លង​មក​ រួម​ទាំង​វីតាមីន​ ឬ​ថ្នាំ​ជំនួយ​ទាំងអស់​ដែល​បាន​ប្រើ​
  • ​សរសេរ​នូវ​សំនួរ​សំរាប់​សួរ​ទៅ​គ្រូពេទ្យ​
ការ​រៀបចំ​តារាង​សំនួរ​រួច​ជា​ស្រេច​ វា​នឹង​ជួយ​អ្នក​ដើម្បី​ធ្វើការ​ជាមួយ​គ្រូពេទ្យ​បាន​យ៉ាង​ល្អ​ ។​ ប្រសិនបើ​អ្នក​កំពុង​មាន​រោគ​សញ្ញា​នៃ​ការ​ហឹ​ង​ត្រចៀក​ អ្នក​ប្រហែលជា​ចង់​សួរ​គ្រូពេទ្យ​នូវ​សំនួរ​ដូច​ខាងក្រោម​៖
  • ​តើ​រោគ​សញ្ញា​នេះ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​រ​តាម​យន្តហោះ​មែនដែរ​រឺទេ​?
  • ​តើ​មានការ​ព្យាបាល​អ្វី​ដែល​ល្អ​បំផុត​?
  • ​តើ​ខ្ញុំ​នឹង​មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ​យូរ​ដែរ​រឺទេ​?
  • ​តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើការ​តាមដាន​ផលវិបាក​ដែល​មាន​នេះ​តាម​របៀប​ណា​ដែរ​?
  • ​តើ​ខ្ញុំ​អាច​ធ្វើការ​ការពារ​បញ្ហា​នេះ​កុំអោយ​កើត​មាន​ម្តងទៀត​បាន​តាម​របៀប​ណា​ដែរ​?
  • ​តើ​ខ្ញុំ​គួរតែ​លុប​ចោល​នូវ​ការ​ធ្វើ​ដំណើរ​ទាំងអស់​ដែរ​រឺទេ​?
  • ​តើ​មាន​សេចក្តីណែនាំ​ ឬ​របស់​អ្វីមួយ​ដែល​ខ្ញុំ​អាច​យក​ទៅ​ផ្ទះ​មើល​បាន​ទេ​?​ តើ​មាន​គេហទំព័រ​ ណាមួយ​ដែល​អ្នក​អាច​ណែនាំ​អោយ​ខ្ញុំ​មើល​បាន​?
  • អ្នក​មិន​ត្រូវ​ស្ទាក់ស្ទើ​ឡើង​ក្នុង​ការ​សួរ​សំនួរ​ទៅ​គ្រូពេទ្យ​នូវ​សំនួរ​ដែល​អ្នក​ចង់​សួរ​អោយ​សោះ​ ។
  •  
អ្វី​ដែល​គ្រូពេទ្យ​អាច​នឹង​សួរ​អ្នក​វិញ
 
គ្រូពេទ្យ​នឹង​សួរ​អ្នក​នូវ​សំនួរ​មួយ​ចំនួន​ដូច​ជា​៖
  • ​តើ​នៅ​ពេល​ណា​ដែល​អ្នក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ទាំងនេះ​?
  • ​តើ​រោគ​សញ្ញា​ទាំងនោះ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​កំរិត​ណា​?
  • ​តើ​អ្នកមាន​អា​ឡែ​រ​ហ្សី​ជាមួយ​អ្វីមួយ​ដែរ​រឺទេ​?
  • ​តើ​ថ្មីៗ​នេះ​អ្នកមាន​ជំងឺ​ផ្តាសាយ​ ជំងឺ​ក្នុង​ប្រហោង​ឆ្អឹង​ ឬ​ជំងឺ​ក្នុង​ត្រចៀក​ដែរ​រឺទេ​
  • ​តើ​ពី​មុន​អ្នក​ធ្លាប់​ហឹ​ង​ត្រចៀក​ដែរ​រឺទេ​?​
  • ​តើ​ការ​ហឹ​ង​ត្រចៀក​កាលពី​ពេល​មុន​មាន​លក្ខណៈ​យូរ​ ឬ​ក៏​ធ្ងន់​?
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ពេល​ជួប​ជាមួយ​គ្រូពេទ្យ
 
ដើម្បី​ព្យាបាល​ការ​ឈឺចាប់​ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​ Nonsteroid​ Anti-Inflammatory​ Drug​ ដូច​ជា​ Ibuprofen​ (Advil,​ Motrin)​ ឬ​ Naproxen​ (Aleve)​ ឬ​ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា​ Acetaminophen​ (Tylenol)​ ។​
 
ការ​ធ្វើ​តេស​ និង​ការ​ដាក់​រោគវិនិច្ឆ័យ​
 
គ្រូពេទ្យ​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ផ្អែក​លើ​សំនួរ​ដែល​បាន​សួរ​ និង​ធ្វើការ​ពិនិត្យ​ទៅ​លើ​ត្រចៀក​ដោយ​ប្រើ​ឧបករណ៍​មួយ​ដែល​មាន​ភ្លើង​សំរាប់​មើល​ត្រចៀក​ (Otoscope)​ ។​ រោគ​សញ្ញា​នៃ​ការ​ហឹ​ង​ត្រចៀក​ អាច​ស្ថិត​លើ​ក្រដាសត្រចៀក​ដែល​អាច​ប៉ោង​ទៅ​ក្រៅ​ ឬ​ចូល​ក្នុង​បន្តិច​ ។​ គ្រូពេទ្យ​អាច​នឹង​ឃើញ​មានការ​រហែក​ ឬ​មាន​ដក់​ឈាម​ ឬ​ទឹក​នៅ​ក្នុង​ក្រដាសត្រចៀក​ ដែល​ជា​សញ្ញា​ប្រាប់​ថា​ធ្ងន់​ ។​ ប្រសិនបើ​អ្នក​ធ្លាប់​មាន​សញ្ញា​វិលមុខ​ មាន​ន័យ​ថា​រចនាសម្ព័ន្ធ​ក្នុង​ត្រចៀក​ផ្នែក​ខាងក្នុង​ត្រូវ​បាន​ខូចខាត​ហើយ​ ។​ គ្រូពេទ្យ​អោយ​យោបល់​អ្នក​ធ្វើ​តេស​សំរាប់​ស្តាប់​សំលេង​ (Audiometry)​ ដើម្បី​កំណត់​ថា​អ្នក​អាច​ស្តាប់​លឺ​សំលេង​បាន​ប៉ុន្មាន​  ហើយ​មាន​បញ្ហា​ក្នុង​ការ​ស្តាប់​សំលេង​ក្នុង​ត្រចៀក​ខាងក្នុង​យ៉ាងណា​ដែរ​ ។​
 
ការ​ព្យាបាល
 
មាន​មនុស្ស​ជា​ច្រើន​អាច​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ហឹ​ង​ត្រចៀក​បាន​ដោយ​ខ្លួនឯង​ ។​ ប៉ុន្តែ​នៅ​ពេល​ ដែល​រោគ​សញ្ញា​ទាំងនោះ​នៅ​តែ​បន្ត​អ្នក​ប្រហែលជា​ត្រូវការ​ជួយ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ និង​ធ្វើ​អោយ​សម្ពាធ​ក្នុង​ត្រចៀក​មាន​ស្ថេ​រ​ភាព​មក​វិញ​ និង​បំបាត់រោគ​សញ្ញា​ផង​ដែរ​ ។​
 
ការ​ប្រើប្រាស់​ថ្នាំ​
 
គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ ឬ​អោយ​អ្នកទិញ​ថ្នាំ​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ដើម្បី​ធ្វើការ​គ្រប់​គ្រង់​បញ្ហា​របស់​អ្នក​ និង​ធ្វើ​យ៉ាងណា​អោយ​បំពង់​ Eustachian​ Tube​ វិញ​មក​រក​ធម្មតា​វិញ​ ។​ ថ្នាំ​ដែល​ត្រូវ​ប្រើ​មាន​៖
  • ​ថ្នាំ​បាញ់​កុំអោយ​តឹង​ច្រមុះ​
  • ​ថ្នាំលេប​កុំអោយ​តឹង​ច្រមុះ​
  • ​ថ្នាំលេប​ប្រឆាំង​ការ​អា​ឡែ​រ​ហ្សី​
  • ករណី​ដែល​មិន​ស្រួល​ក្នុង​ខ្លួន​ អ្នក​នឹង​ត្រូវ​ប្រើ​ថ្នាំ​ Nonsteroid​ Anti-Inflammatory​ Drug​ ដូច​ជា​ Ibuprofen​ (Advil,​ Motrin)​ ឬ​ Naproxen​ (Aleve)​ ឬ​ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា​ Acetaminophen​ (Tylenol)​ ។
 
ការ​ព្យាបាល​ដោយ​ខ្លួនឯង
 
ជាមួយ​គ្នា​នឹង​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ គ្រូពេទ្យ​នឹង​ធ្វើការ​ណែនាំ​អ្នក​អោយ​ចេះ​នូវ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​ហៅ​ថា​ Valsalva​ Maneuver​ ។​ របៀប​នៃ​ការ​ធ្វើ​គឺ​ បិទ​មាត់​អោយ​ជិត​ហើយ​ផ្លុំ​ខ្យល់​តិចៗ​ចេញ​ទៅ​តាម​ច្រមុះ​ ។​ ពេល​ខ្លះ​ការ​ប្រើ​ថ្នាំ​ក៏​ធ្វើ​អោយ​មុខងារ​របស់​បំពង់​ Eustachian​ Tube​ វិល​មក​រក​ភាព​ដើម​វិញ​ដែរ​ ហើយ​ការ​ធ្វើ​ Valsalva​ Maneuver​ ក៏​អាច​អោយ​បំពង់​មួយ​នេះ​បើក​បាន​ដែរ​ ។​
 
ការ​វះកាត់
 
ការ​ព្យ​បាល​ដោយ​ការ​វះកាត់​ទៅ​លើ​ការ​ហឹ​ង​ត្រចៀក​មាន​លក្ខណៈ​កំរ​ណាស់​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ក៏​ដោយ​ គ្រូ​ព​ពេទ្យ​នឹង​ធ្វើការ​វះ​បើក​ក្រដាសត្រចៀក​ (Myringotomy)​ ដើម្បី​ធ្វើ​អោយ​សម្ពាធ​ខ្យល់​ស្មើ​ គ្នា​វិញ​ និង​បង្ហូរទឹក​ចេញ​ម​ក្រៅ​ ។​
 
ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ដាច់​ក្រដាស់ត្រចៀក​ ឬ​រហែក​ភ្នាស​របស់​ត្រចៀក​ផ្នែក​ខាងក្នុង​ ជា​ធម្មតា​វា​នឹង​ជា​វិញ​ដោយ​ខ្លួនឯង​ទេ​ ។​ ទោះជា​យ៉ាងនេះ​ក្តី​ ការ​ព្យាបាល​ដោយ​វះកាត់​ដើម្បី​ជួសជុល​បញ្ញា​ទាំងនោះ​គឺជា​ករណី​ដែល​កម្រ​នឹង​ធ្វើ​ណាស់​ ។​
 
ការ​បង្ការ​កុំអោយ​ហឹ​ង​ត្រចៀក
 
តាម​ជំហាន​ខាងក្រោម​នេះ​អាច​ជួយ​អោយ​អ្នក​គេច​ផុត​ពី​ការ​ហឹ​ង​ត្រចៀក​បាន​៖
  • ​ស្ងាប​ និង​លេបទឹកមាត់​ពេល​ធ្វើ​ដំណើរ​ឡើង​ខ្ពស់​ ឬ​ចុះ​ទាប​៖​ ការ​ស្ងាប​ និង​ការ​លេបទឹកមាត់​ ធ្វើ​អោយ​សាច់ដុំ​អាច​បញ្ជា​អោយ​បំពង់​ Eustachian​ Tube​ បើក​បាន​ ។​ អ្នក​អាច​ធ្វើការ​បៀម​ស្ករ​គ្រាប់​ រឺ​ទំពារ​ស្ករ​កៅស៊ូ​ដើម្បី​ជួយ​ក្នុង​ការ​លេបទឹកមាត់​ ។​
  • ​ប្រើ​មធ្យោបាយ​ Valsalva​ Maneuver​ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើង​ខ្ពស់​ ឬ​ចុះ​ទាប​៖​ ការ​ផ្លុំ​ខ្យល់​តិចៗ​ ទៅ​តាម​ច្រមុះ​ ហើយ​បិទ​មាត់​អោយ​ជិត​ ដោយ​ធ្វើ​អោយ​បាន​ច្រើន​ដង​ពិសេស​នៅ​ពេល​ចុះ​ទៅ​កន្លែង​ទាប​ ដើម្បី​ធ្វើ​អោយ​សម្ពាធ​ក្នុង​ត្រចៀក​និង​ខាងក្រៅ​ត្រចៀក​ស្មើគ្នា​ ។​
  • ​មិន​ត្រូវ​ដេក​នៅ​ពេល​យន្តហោះ​ចាប់ផ្តើម​ហោះ​ និង​ចុះ​ចត​ទេ​៖​ ប្រើ​សិន​បើ​អ្នក​ភ្ញាក់​នៅ​ពេល​ យន្តហោះ​ចាប់ផ្តើម​ហោះ​ និង​ចុះ​ចត​ អ្នក​អាច​នឹង​មាន​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​អោយ​សម្ពាធ​ក្នុង​ត្រចៀក​មក​ល្អ​វិញ​ ។​
  • ​ត្រូវ​គិត​ឡើង​វិញ​ពី​គំរោង​នៃ​ការ​ធ្វើ​ដំណើរ​៖​ បើ​អាច​ទៅ​រួច​ មិន​ត្រូវធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​ផ្តាសាយ​ ជំងឺ​ក្នុង​ប្រហោង​ឆ្អឹង​ តឹង​ច្រមុះ​ ឬ​ជំងឺ​ត្រចៀក​នោះ​ទេ​ ។​ ប្រសិនបើ​អ្នក​ទើបតែ​ធ្វើការ​វះកាត់​ត្រចៀក​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​នូវ​ម​ធ្យោ​យ​បាយ​ណាមួយ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ ។​
  • ប្រើ​ថ្នាំ​ដែល​មិនបាច់​មាន​វេជ្ជបញ្ជា​ដូច​ជា​ថ្នាំ​បាញ់​បំបាត់​ការ​តឹង​ច្រមុះ​៖​ ប្រសិនបើ​អ្នក​តឹង​ច្រមុះ​ ត្រូវ​តែ​ប្រើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​អោយ​បាន​ ៣០​នាទី​សិន​ មុន​នឹង​យន្តហោះ​ចាប់ផ្តើម​ហោះ​ និង​ចុះ​ចត​ ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​អោយ​លើស​ចំនុះ​នោះ​ទេ​ ដោយសារ​តែ​ការ​បន្ធូរ​នូវ​អាកា​រៈ​តឹង​ច្រមុះ​គឺ​ប្រើ​ពេល​ច្រើន​ថ្ងៃ​ ដូច្នេះ​វា​អាច​នឹង​ធ្វើ​អោយ​តឹង​ច្រមុះ​វិញ​ លើស​ដើម​ ។​  
  • ​ធ្វើការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ដោយ​លេប​ជា​លក្ខណៈ​ប្រុង​ប្រយ័ត្ន​៖​ ការ​ប្រើ​ថ្នាំលេប​សំរាប់​បំបាត់​ការ​តឹង​ច្រមុះ​អាច​មាន​ប្រសិទ្ធភាព​ប្រសិនបើ​លេប​មុន​យន្តហោះ​ចេញដំណើរ​ ៣០​នាទី​មុន​ ។​
  • ទោះបីជា​យ៉ាងនេះ​ក្តី​ ប្រសិនបើ​អ្នកមាន​ជំងឺ​បេះដូង​ បេះដូង​ដើរ​មិន​ប្រក្រតី​ ឬ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ ឬ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​ថ្នាំ​ អ្នក​គួរតែ​កុំ​ប្រើ​ថ្នាំ​នេះ​ដោយ​លេប​អី​ លុះត្រាតែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ ។​
ប្រសិនបើ​អ្នកជា​បុរស​អាយុ​លើស​ពី​ ៥០​ឆ្នាំ​ អ្នក​ប្រហែល​ ជា​ធ្លាប់​មាន​ផលវិបាក​នៃ​ការ​ប្រើ​ថ្នាំ​ដ៏​ធ្ងន់ធ្ងរ​ហើយ​ បន្ទាប់​ពី​ប្រើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​រួច​មក​ ដែល​ក្នុង​នោះ​មាន​ថ្នាំ​ដូច​ជា​ Pseudoephendrine​ (Actifed,​ Sudafed)​ ដែល​ធ្វើ​អោយ​ស្ទះ​ទឹកនោម​ ពិសេស​ចំពោះ​អ្នក​ដែល​មាន​ក្រពេញ​ប្រូ​ស្តា​ទ​រីក​ធំ​ ។​ ករណី​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ត្រូវ​ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​ប្រើ​ថ្នាំលេប​សំរាប់​បំបាត់​ការ​តឹង​ច្រមុះ​ ។​
  • ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​អា​ឡឺ​ហ្សី​៖​ ប្រសិនបើ​អ្នកមាន​អា​ឡឺ​ហ្សី​ ត្រូវ​លេបថ្នាំ​អោយ​បាន​ 1​ ម៉ោង​មុន​យន្តហោះ​ចេញតំនើរ​ ។​
  • ​ប្រើ​ប្រដាប់​ការពារ​ត្រចៀក​៖​ ប្រដាប់​ការពារ​ត្រចៀក​នេះ​ដែរ​ វា​ធ្វើ​អោយ​សម្ពាធ​ខ្យល់​ក្នុង​ត្រចៀក​កុំអោយ​ប្រែប្រួល​លឿន​ពេក​ ក្នុង​ពេល​យន្តហោះ​ឡើង​ ឬ​ចុះ​ ។​ អ្នក​អាច​ទិញ​របស់​នេះ​ នៅ​តាម​ហាង​លក​ឱសថ​ អាង​តាម​អាកាសយានដ្ឋាន​ ឬ​តាម​គ្លី​និ​ច​ជំងឺ​ត្រចៀក​ ។​
  • ​ផឹកទឹក​អោយ​បាន​ច្រើន​ដើម្បី​កុំអោយ​ខ្សោះ​ជា​ទឹក​៖​ ការ​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​អាច​ជួយ​បង្កា​កុំអោយ​រលាក​ផ្លូវ​ក្នុង​ច្រមុះ​ និង​បំពង់ក​ ហើយ​អាច​ជួយ​អោយ​បំពង់​ Eustachian​ Tube​ ធ្វើការ​បាន​ល្អ​ផង​ដែរ​ ។​
  • មិន​ត្រូវ​ផឹង​ស្រា​ ឬ​ការ​ហ្វេ​៖​ ភេសជ្ជៈ​ជា​ស្រា​ ឬ​ការ​ហ្វេ​ អាច​ធ្វើ​អោយ​អ្នក​ខ្សោះ​ជាតិ​ទឹកបាន​ ដោយសារ​តែ​វា​ទៅ​ធ្វើ​អោយ​សរសៃឈាម​រួម​តូច​ និង​ប្រឈម​មុខ​ខ្លាំង​នឺ​ង​ការ​ដាច់​សរសៃឈាម​ Capillaries​ បាន​ ។​


  • ប្រសិនបើ​អ្នក​អាច​នឹង​មានការ​ហឹ​ង​ត្រចៀក​ធ្ងន់ធ្ងរ​ ហើយ​ត្រូវធ្វើ​តំនើរ​ដោយ​យន្តហោះ​ទៀត​ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​វះកាត់​ក្រដាសត្រចៀក​របស់​អ្នក​ដើម្បី​បង្ហូរទឹក​ចេញ​ ហើយ​ធ្វើការ​សប់​ខ្យល់​ចូល​ក្នុង​ត្រចៀក​ផ្នែក​កណ្តាល​ និង​ធ្វើ​អោយ​សម្ពាធ​រវាង​ត្រចៀក​ខាងក្រៅ​ និង​ត្រចៀក​ខាងក្នុង​ស្មើគ្នា​ ។​
 
ការ​ជួយ​កូន​ក្មេង​កុំអោយ​ហឹ​ង​ត្រចៀក
 
ដំណោះស្រាយ​អាច​ជួយ​អោយ​ក្មេង​តូចៗ​កុំអោយ​ហឹ​ង​ត្រចៀក​បាន​៖
  • ធ្វើ​អោយ​វា​ខំ​លេបទឹកមាត់​៖​ ត្រូវ​អោយ​ទារក​ខំប្រឹង​បៅ​ ឬ​ផឹកទឹក​ក្នុង​ពេល​ឡើង​ទួល​ ឬ​ចុះ​ចំណោទ​ ។​ ចំណែក​ក្បាលដោះ​ទទេរ​ក៏​អាច​អោយ​ក្មេង​លេបទឹកមាត់​បាន​ដែរ​ ។​ ក្មេង​ដែល​មាន​ អាយុ​លើស​ពី​ ៤​ឆ្នាំ​អាច​ទំពារ​ស្ករ​កៅស៊ូ​ រឺ​ផឹង​ទឹក​តាម​ទុយោ​បាន​ ។​
  • ​កុំ​ប្រើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​៖​ ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​ចំពោះ​កូន​ក្មេង​នោះ​ទេ​ ។

© រក្សាសិទ្ធិដោយ thmeythmey.com