កីឡាអន្តរជាតិ
អន្តរជាតិ
៣នាក់ត្រូវចាប់ខ្លួនពីបទស្រែកជេរគ្នាអំឡុងការប្រកួតរវាង Liverpool-Chelsea
25, Jan 2023 , 5:19 pm        
រូបភាព
យ៉ាងហោចណាសបុរសបីនាក់ត្រូវបានចាប់ខ្លួន ក្រោយត្រូវបានគេរាយការណ៍ថាបានស្រែកជេរប្រមាថគ្នាអំឡុងការប្រកួត Premier League រវាងក្រុម Liverpool ស្មើ ០-០ នឹង Chelsea ក្នុងកីឡដ្ឋាន Anfield កាលពីថ្ងៃទី២១ ខែមករា។ នេះបើតាមការអះអាងរបស់មន្ត្រីប៉ូលិសទីក្រុង Merseyside ថ្ងៃទី២៤ ខែមករា។



បើតាមសម្តីរបស់ប៉ូលិសប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters បុរសដែលមានវ័យ ២៣ឆ្នាំ ៣៧ឆ្នាំ និង ៤៩ឆ្នាំ ត្រូវបានឃាត់ខ្លួនក្រោយការសង្ស័យអំពីការនិយាយដោយចេតនាជេរប្រមាថ និងបំពានសិទ្ធិអ្នកដទៃអំឡុងការប្រកួតរវាងម្ចាស់ផ្ទះ Liverpool និង Chelsea។ 
 
ស្ថិតក្នុងហេតុការណ៍ចំនួន ៣ផ្សេងគ្នា បុរសចំនួន ២នាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅកីឡដ្ឋាន Anfield និងម្នាក់ទៀតចាប់ឃាត់នៅក្នុងកីឡដ្នានប្រកួតតែម្តង។ 
«មន្ត្រីប៉ូលិសទីក្រុង Merseyside នឹងមិនអត់ឱនចំពោះអ្នកបង្កបញ្ហាក្នុងទម្រង់រូបភាពណាមួយបានឡើយ ហើយយើងនឹងកាត់ទោសជននោះដើម្បីជាការព្រមាន។»។ នេះបើតាមសម្តីលោក Paul Sutcliffe ដែលជាមេប៉ូលិសតំបន់និងជា​បញ្ជាការការពារនៃការប្រកួតមួយនោះ។
 
មន្រ្តីប៉ូលិសដដែលរូបនេះក៏បានអះអាងបន្ថែមដែរថា បុរសទាំង ៣នាក់ដែលបានឃាត់ខ្លួននោះ ប្រសិនបើរកឃើញថាបានប្រព្រឹត្តិនូវទង្វើរមិនគួរគម្បីណាមួយធ្ងន់ធ្ងរ ពួកគេនឹងត្រូវរងពិន័យមិនឱ្យចូលរួមក្នុងការប្រកួតបាល់ទាត់នានាបន្តទៀតឡើយ។
 
សូមជម្រាបថាការប្រកួតបន្ទាប់របស់ក្រុមហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Brighton & Hove Albion ដើម្បីការប្រកួតប្រជែងក្នុងពានរង្វាន់ FA Cup៕ 
 
 

Tag:
 Liverpool
  Chelsea
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com