កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup ៖ លោក Ten Hag ថា Man Utd មានឱកាសល្អដើម្បីឈ្នះពាន ក្រោយខកខាន៥ឆ្នាំ
25, Jan 2023 , 9:29 pm        
រូបភាព
រូបភាព៖ Manchester United
រូបភាព៖ Manchester United
Manchester United ទទួលបានឱកាសល្អដើម្បីអាចឈ្នះពានរង្វាន់លើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។ លោក Erik ten Hag អ្នកចាត់ការទូទៅក្រុមបិសាចក្រហមប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទនៅថ្ងៃទី២៤ ខែមករា មុនក្រុមត្រូវប៉ះ Nottingham Forest វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ពានរង្វាន់ EFL Cup។



យូរឆ្នាំមកហើយក្រុមបិសាចក្រហមរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ចំពោះក្លិបដែលមិនឈ្នះពានរង្វាន់អ្វីមួយសោះ នៅរយៈពេល៥ឆ្នាំចុងក្រោយ។ លើកចុងក្រោយបំផុត Man Utd ឈ្នះពានរង្វាន់ Europa League និង ​EFL Cup។
 
ស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag រដូវកាលថ្មីនេះ Man Utd ក្លាយជាក្រុមកំពុងតែប្រជែងនៅតំបន់ក្រុមកំពូលតារាងទាំង ៤ ហើយពានរង្វាន់ដែលកំពុងប្រជែងមាន Premier League, EFL Cup, FA Cup និង Europa League។ ចំណោមពានទាំង៣នេះ EFL Cup មានភាគរយខ្ពស់ជាងគេក្នុងការប្រជែងយក។
 
មុនការប្រកួតមកដល់អ្នកចាត់ការវ័យ ៥២ឆ្នាំបាននិយាយថា ការប្រកួត​ EFL Cup ជាឱកាសល្អដើម្បីក្រុមឈ្នះពានរង្វាន់លើកដំបូងក្រោយរង់ចាំអស់រយៈពេល៥ឆ្នាំ។ 
«ពិតណាស់ យើងមានឱកាសល្អដើម្បីឈ្នះប៉ុន្តែអ្នកក៏ត្រូវតែឆ្លងកាត់ការប្រកួតមួយទៅកាន់ការប្រកួតមួយទៀតដែលសុទ្ធសឹងតែលំបាក។ ពេលនេះយើងលេងទល់ក្រុម Nottingham  Forest ជាការប្រកួតពីរជើង យើងផ្តោតអារម្មណ៍សម្រាប់ជើងទីមួយ មិនគិតអ្វីផ្សេងទៀតឡើយសម្រាប់រឿងចំពោះមុខ។»។ លោក Ten Hag បាននិយាយបែបនេះ។
 
លើសពីនេះលោក Ten Hag ក៏បានបន្ថែមថាក្រុមត្រូវតែបន្តដំណើរទៅមុខ បន្ទាប់ពីបរាជ័យលទ្ធផល ៣-២ ក្រោមថ្វីជើងក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal ដែលជាការប្រកួតដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ ការប្រកួតដែលបិសាចក្រហមចាញ់នោះ គ្មានវត្តមានរបស់ខ្សែបម្រើការពារដ៏រឹងមាំ Casemiro ឡើយ ក្រោយរូបគេរងពិន័យ ស្របពេលប្រកួតទល់ Arsenal តែម្តង។
 
​សម្រាប់ការប្រកួត EFL Cup អ្នកចាត់ការសញ្ជាតិហូឡង់លើកឡើងទៀតថា កីឡាករសំខាន់បន្ថែម ៣រូបដូចជា Diogo Dalot, Jadon Sancho និង Anthony Martial នៅតែបន្តអវត្តមានសម្រាប់ការប្រកួតទល់ ​Forest ប៉ុន្តែ Casemiro នឹងវិលត្រលប់មកវិញ។
 
សូមជម្រាបថាការប្រកួតរវាង Nottingham Forest និង Manchester United នឹងធ្វើឡើងនៅវេលាម៉ោង ៣យប់រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា) ហើយការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ។ មួយគូផ្សេងទៀតដែលទើបប្រកួតរួចនារាត្រីថ្ងៃទី២៤ ខែមករា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​EFL Cup នេះ Newcastle United បានយកឈ្នះ Southampton លទ្ធផល ១-០ នៃជើងទីមួយ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com