អន្តរជាតិ
ជប៉ុន ពិចារណាដំឡើងកម្រិតទំនាក់ទំនងជាមួយអាស៊ានទៅដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
25, Jan 2023 , 10:29 pm        
រូបភាព
កិច្ចប្រជុំអាស៊ាន និងជប៉ុន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពយកពីក្រសួងការបរទេសកម្ពុជា
កិច្ចប្រជុំអាស៊ាន និងជប៉ុន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពយកពីក្រសួងការបរទេសកម្ពុជា
ជប៉ុន កំពុងពិចារណាយ៉ាងម៉ត់ចត់លើការដំឡើងកម្រិតទំនាក់ទំនងរវាងខ្លួនជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន លោក Masahiko Kiya បានបញ្ជាក់បែបនេះ។ បើតាមប្រេសិតរូបនេះ ជប៉ុនចង់បានឋានៈការទូតជាមួយអាស៊ានដូចអាម៉េរិក និងចិនដែរ។



នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ អាស៊ានបានដំឡើងកម្រិតទំនាក់ទំនងជាមួយអាម៉េរិក និងឥណ្ឌាទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈចិន និងអូស្រ្តាលីទទួលបានឋានៈមួយនេះ នៅក្នុងឆ្នាំ២០២១។ បច្ចុប្បន្ន ជប៉ុន មានកម្រិតទំនាក់ទំនងជាមួយអាស៊ានត្រឹមភាពជាដៃគូយុទ្ធសាស្រ្តប៉ុណ្ណោះ បើទោះទំនាក់ទំនងភាគីទាំងពីរមានភាពល្អប្រសើរក៏ដោយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ដែលចុះផ្សាយនៅក្នុងថ្ងៃទី២៥ ខែមករា លោក Masahiko Kiya អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាស៊ាន បានអះអាងថា ពេលនេះ ជប៉ុន កំពុងគិតគូរយ៉ាងម៉ត់ចត់លើការដំឡើងទៅជាឋានៈភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពីឋានៈបច្ចុប្បន្ន។ 
 
«វាពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈយើងបានគិតពីទំនាក់ទំនងភាគីទាំងពីរមានលក្ខណៈបែបណា និងធ្វើឱ្យវាស៊ីជម្រៅ កាន់តែល្អ»។ ប្រេសិតជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងឆ្នាំនេះ វាជាពេលដ៏សំខាន់ ដែលអាស៊ាន និងជប៉ុន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្របពេលទំនាក់ទំនងការទូត បានឈានដល់ ៥០ឆ្នាំ។ 
 
ដោយទំនាក់ទំនងឈានចូល ៥០ឆ្នាំបែបនេះ មន្រ្តីទូតជប៉ុន បានអះអាងថា រដ្ឋាភិបាកក្រុងតូក្យូ គ្រោងរៀបចំកិច្ចប្រជុំពិសេសមួយជាមួយសមាជិកអាស៊ាននៅក្រុងតូក្យូ ក្នុងខែធ្នូខាង ដើម្បីអបអរទំនាក់ទំនងភាគីទាំងពីរ។
 
ចាប់តាំងពីឆ្នាំ២០០៩ មក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន និងតែងផ្តល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ បើទោះចិនជាដៃគូវិនិយោធាដ៏ធំមួយរបស់អាស៊ានក្តី ប៉ុន្តែលោក Kiya ជឿថា ជប៉ុននៅតែអាចផ្តល់ជំនួយសម្រាប់តំបន់មួយនេះ ដូចជាការថែរក្សាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍធនធានមនុស្សជាដើម។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ អគ្គរដ្ឋទូតជប៉ុន បានយល់ថា បើទោះអាស៊ានកំពុងមានកំណើនសេដ្ឋកិច្ច ប៉ុន្តែតំបន់មួយនេះ កំពុងប្រឈមបញ្ហាដែលជប៉ុនធ្លាប់ជួបប្រទះដែរ ដូចជាវិសមភាព និងភាពចាស់របស់ប្រជាជននៅក្នុងសង្គមជាដើម។ 
 
បន្ថែមពីនេះ លោក Kiya ក៏បានលើកឡើងពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ាផង។ បើតាមមន្រ្តីទូតជប៉ុន ក្រុងតូក្យូគាំទ្រកិច្ចខិតខំរបស់អាស៊ានដោយមិនរាថយលើការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងការឯកភាព ៥ចំណុច៕ 
 

Tag:
 ជប៉ុន
  អាស៊ាន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com