កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ «យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២» 
លោកវ៉ាត់ ចំរើន (អង្គុយកណ្តាល) ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣។
×![]()
លោក វ៉ាត់ ចំរើន និយាយថា គ្មានការតវ៉ាជុំវិញការប្រើពាក្យ «គុនខ្មែរ» នៅស៊ីហ្គេមឆ្នាំ២០២៣ ពីបណ្ដានាយបេសកកម្មទាំង ១០ប្រទេសផ្សេងទៀតឡើយ។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អះអាងបែបនេះក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីតធី ថ្ងៃទី២៥ ខែមករា។
ក្នុងកិច្ចសម្ផាសជាមួយអ្នកសារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន បញ្ជាក់ថា នាយបេសកកម្មទាំងអស់ បានជួបជុំគ្នា ដើម្បីពិនិត្យវឌ្ឍនភាពការងារស៊ីហ្គេមនៅកម្ពុជា ក្នុងនោះកិច្ចប្រជុំក៏បានបង្ហាញពី «គុនខ្មែរ » ដោយគ្មានការជំទាស់នោះទេ។
អគ្គលេខាធិការ CAMSOC អះអាងថា៖ «យើងឃើញថា អ្វីដែលបានដាក់ចូលក្នុងយុទ្ធសាស្ដ្រលើកកម្ពស់ក្បាច់គុនអត្តសញ្ញាណជាតិ គឺកីឡាប្រដាល់ «គុនខ្មែរ» នេះ មិនមានអ្វីប៉ះពាល់ ឬការតវ៉ាអ្វីពីបណ្ដានាយបេសកកម្មទាំង ១០ប្រទេសផ្សេងទៀត ដែលបានមកចូលរួមកិច្ចប្រជុំពិសេសនេះឡើយ។ មកដល់ពេលនេះ មិនមានអ្វីប្រែប្រួលនោះទេ មានន័យថា យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»។
បើទោះអះអាងបែបនេះក្តី អគ្គលេខាធិការ CAMSOC រូបនេះបន្ថែមថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងត្រូវបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៦ ខែមករា ដោយលើកឡើងពីបញ្ហាពាក្យគុនខ្មែរនេះផងដែរ។
លោក វ៉ាត់ ចំរើន បន្តថា កម្ពុជាបានសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ ឬKun Khmer» ជំនួសពាក្យ«Muay» ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជាមួយការប្រើប្រាស់ពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរកម្ពុជាបានធ្វើលិខិតជាលាយលក្ខណ៍អក្សរ ជូនដំណឹងទៅ (NOC) នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់រួចរាល់ហើយកាលពីថ្មីៗ ដើម្បីបង្ហាញពីកីឡាអត្តសញ្ញាណជាតិរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន។
«ការប្រកាន់ជំហរប្រើប្រាស់ពាក្យ «គុនខ្មែរ» នេះ ដើម្បីកុំឲ្យមានការច្របូកច្របល់ ឬមតិយោបល់មហាជនរបស់យើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត ។ នេះគឺជាជោគជ័យ ហើយក៏ជាកិត្តិយសមួយ ដែលយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះ។ យើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្ដីប្រាថ្នា ក្នុងការប្រើពាក្យ «គុនខ្មែរ» នៅក្នុងស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែមដូច្នេះ។
ស្របពេលគ្នានេះដែរ អ្នកស្រី Umi Kal Thum Haji Abdul Karim នាយបេសកកម្មប្រទេសព្រុយណេ ថាកម្ពុជាមានសិទ្ធគ្រប់គ្រាន់ក្នុងការដាក់ពាក្យគុនខ្មែរ ក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ ត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
«ក្នុងនាម NOC ព្រុយណេ ខ្ញុំគិតថា នេះជាសិទ្ធអទិភាពរបស់ប្រទេសម្ចាស់ផ្ទះក្នុងការដាក់កីឡាប្រពៃណីរបស់ខ្លួន។ ចំពោះ NOCC ប្រទេសផ្សេងៗមានសិទ្ធចូលរួមឬអត់ ជាសិទ្ធរបស់គេនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា»។ លោកស្រី Umi Kal Thum Haji Abdul Karim ប្រកាន់ជំហរសម្រាប់សិទ្ធជាម្ចាស់ផ្ទះដូច្នេះ ទោះព្រុយណេ គ្មានអត្តពលិកកីឡាគុនខ្មែរ ឬMuaythai ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ក៏ដោយ៕
Tag:
កិច្ចប្រជុំនាយបេសកកម្ម
Umikal Thum Haji Abdul Karim
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com