កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
រាប់ថយក្រោយ១០០ថ្ងៃ៖ សម្តេ​ច ទៀ បាញ់ ស្នើប្រព័ន្ធផ្សព្វផ្សាយ ផ្សាយពីស៊ីហ្គេម២០២៣ឱ្យដល់ទីជនបទ
26, Jan 2023 , 10:59 am        
រូបភាព
សម្តេច ទៀ បាញ់ ថ្លែងក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ ដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។
សម្តេច ទៀ បាញ់ ថ្លែងក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ ដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។
ដោយ:
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សាយយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃឱ្យបានទូលំទូលាយដើម្បីពលរដ្ឋខ្មែរបានដឹង និង ដើម្បីបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទទួលបានលទ្ធផលល្អនាស៊ីហ្គេម ២០២៣ ខាងមុខ។ សម្តេច ស្នើបែបនេះក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករា នាបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។

 
គោលបំណងធំចម្បងនៃការផ្សព្វផ្សាយដំណើររាប់ថយក្រោយ ១០០ថ្ងៃនេះដែរ ដើម្បីឱ្យបានជ្រាបច្បាស់ទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទីជនបទ ឱ្យទទួលបានការយល់ដឹងពីព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន និងជាប្រវត្តិសាស្រ្តលើកដំបូងនៅក្នុងព្រះរាជណាចក្រកម្ពុជា ដែលជាការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ សម្តេចពិជ័យសេនា បន្តថាការជ្រួតជ្រាបរបស់ប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាចំណែកមួយក្នុងការលើកទឹកចិត្តដល់អត្តពលិកផងដែរ។
 
សម្តេច ទៀ បាញ់ មានប្រសាសន៍ថា៖«ក្នុងថ្ងៃរាប់ថយក្រោយ ១០០ថ្ងៃនាពេលនេះស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានដឹងឮ និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើននាពេលខាងមុខ»។
 
បន្ថែមទៀតនោះសម្តេច ទៀ បាញ់ ក៏បានបញ្ជាក់ពីជំហររឹងមាំនៃការរៀបចំធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ផងដែរ។ សម្តេចពិជ័យសេនា ក៏បានកោតសរសើរចំពោះគណៈកម្មការ ស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដំបូងនៅកម្ពុជា ទទួលបានលទ្ធផលជោគជ័យដោយរលូនល្អ ដែលនេះជាការរួមចំណែកផ្សព្វផ្សាយផងដែរ។
 
សម្តេច ទៀ បាញ់ មានប្រសាសន៍ថា៖«ជាក់ស្តែង ដើម្បីធានាដល់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ និងបន្សល់កេរ្តិ៍ឈ្មោះល្អកម្ពុជាជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត ពិសេសក្រសួងអប់រំយុវជន និងកីឡាគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បានរួមកម្លាំងសាមគ្គីភាពប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះដោយគោរពយ៉ាម៉ឺងម៉ាត់ តាមបទបញ្ញាត្តិស្តង់ដារកីឡាអន្តរជាតិ»៕
 
 

Tag:
 សម្តេច ទៀ បាញ់
 ស៊ីហ្គេម២០២៣
 ពិធីរាប់ថយក្រោយ១០០ថ្ងៃ
© រក្សាសិទ្ធិដោយ thmeythmey.com