ជាតិ
រដ្ឋមន្រ្តីប្រតិភូបារាំង៖ វប្បធម៌ជាវិស័យដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នាសន្និសីទសារព័ត៌មាននៅស្ថានបារាំងប្រចាំកម្ពុជា។
× ភ្នំពេញ៖ លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស បានលើកឡើងថា វិស័យវប្បធម៌ ជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយរវាងប្រទេសកម្ពុជា-បារាំង។ រដ្ឋមន្រ្តីប្រតិភូរូបនេះ លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ មករា នាស្ថានទូតបារាំងនៅកម្ពុជា។
លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ មករា។ ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីប្រតិភូ បានចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំឮកវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១ និងពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។
លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំឮកវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង។
លោក អូលីវ្យេ បិច ក៏បានទៅទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។ ក្នុងសន្និសីទសារព័ត៌មានលោករដ្ឋមន្រ្តីការបរទេសបារាំង បានអរគុណដល់សាលាបារាំងចុងបូព៌ា ដែលបានរួមចំណែកក្នុងការជួសជុលប្រាសាទក្នុងតំបន់អង្គរ។ «នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំងនេះ វប្បធម៌គឺជាវិស័យសហប្រតិបត្តិការសំខាន់មួយ»។ នេះជាការអះអាងរបស់លោក អូលីវ្យេ បិច រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។
បើតាមរដ្ឋមន្រ្តីប្រតិភូរូបនេះ បារាំងនឹងបន្តជួយជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរបន្តទៀត។ ក្រៅពីជួយលើផ្នែកវប្បធម៌ បារាំងក៏បានចូលរួមក្នុងវិស័យសណ្ឋាគារ, ហេដ្ឋារចនាសម្ព័ន្ធ, សុខាភិបាល, និងពាណិជ្ជកម្មផងដែរ។
ដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក អូលីវ្យេ បិច បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប រួមមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
Tag:
បារាំង
កម្ពុជា
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com