ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី (ខេមបូឌា) ទទួលបានពានរង្វាន់ជាគ្រឹះស្ថានដែលសម្រេចបានសមិទ្ធផលខ្ពស់ (TOP PERFORMING) លើការផ្តល់ឥណទានដែលមានការធានា ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)
27, Jan 2023 , 9:29 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ជាគ្រឹះស្ថានដែលសម្រេចបាននូវសមិទ្ធផលខ្ពស់ (TOP PERFORMING) លើការផ្តល់ឥណទានដែលមានការធានា ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បន្ទាប់ពីបានអនុវត្តកិច្ចការងារមួយនេះយ៉ាងពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ឱ្យដឹងថា “ដូចដែលអតិថិជន និងសាធារណជនបានជ្រាបរួចមកហើយអំពីភាពច្បាស់លាស់របស់អិលអូអិលស៊ី ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងអនុលោមតាមគោលការណ៍ណែនាំនានារបស់និយ័តករ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីកិច្ចការពារអតិថិជន និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាលទ្ធផល អិលអូអិលស៊ីតែងតែសម្រេចបាននូវការទទួលស្គាល់ជាបន្តបន្ទាប់ លើភាពខ្លាំងរបស់យើងក្នុងការបំពេញប្រតិបត្តិការ និងបម្រើសេវាជូនអតិថិជន។ លោកបានបន្ថែមទៀតថា “ការធានាលើឥណទានពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រាលបន្ទុកដល់អតិថិជន ករណីមានហានិភ័យចៃដន្យណាមួយដែលអាចកើតមានឡើងទៅលើអតិថិជន ហើយអិលអូអិលស៊ីក៏នឹងបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងផ្តល់ជូនអតិថិជននូវឥណទានដែលមានការធានា ដោយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួន។” 


 
គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
  • ទ្រព្យសកម្មសរុប ប្រមាណ ១.៤៩៣ លានដុល្លារអាមេរិក ដែលកើនឡើង ២៣% ធៀបនឹងឆ្នាំ២០២១។
  • ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៦៦ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំ២០២១។
  • សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៧៥ លានដុល្លារអាមេរិក ដែលកើនឡើង ៣៣% ធៀបនឹងឆ្នាំ២០២១។
  • បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៤ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានពានរង្វាន់ជាគ្រឹះស្ថានឆ្នើមលើផ្នែកគុណភាពទិន្នន័យពី CBC និងបានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ Cerise និង SPTF។ វិញ្ញាបនបត្រកម្រិតមាស គឺជាសមិទ្ធផលកម្រិតខ្ពស់បំផុត និងបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះ បំពេញគ្រប់លក្ខខណ្ឌស្តង់ដារកម្រិតខ្ពស់បំផុតនៃការការពារអតិថិជន ស្របតាមស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គមផងដែរ។


 

 

© រក្សាសិទ្ធិដោយ thmeythmey.com