ជាតិ
កម្ពុជា ស្នើអង់គ្លេសវិនិយោគលើការកែច្នៃ ផលិតផលកសិកម្ម
27, Jan 2023 , 9:59 am        
រូបភាព
ជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Dominic WILLIAMS ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រូបពី ក្រសួងពាណិជ្ជកម្ម
ជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Dominic WILLIAMS ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រូបពី ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ កម្ពុជា បានស្នើអង់គ្លេស ឱ្យពិចារណាក្នុងការវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម របស់ខ្លួនបន្ថែមទៀត។ ការស្នើសុំនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Dominic WILLIAMS ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។



លោក​ ប៉ាន សូរស័ក្ដិ បានរំលឹកថា កន្លងទៅ រដ្ឋាភិបាលអង់គ្លេស តែងតែផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់កម្ពុជា លើវិស័យនានា ដូចជា ពាណិជ្ជកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាដើម។ មិនតែប៉ុណ្ណោះ អង់គ្លេស ក៏បានអនុគ្រោះពន្ធដល់កម្ពុជា និងបណ្ដាប្រទេសអភិវឌ្ឍ មួយចំនួនទៀត ដែលនេះគឺជា ការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា។ ជំរុញការនាំចេញ បង្កើតឱកាសការងារ និងការអភិវឌ្ឍសង្គមជាតិ ជាពិសេស ការរួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ធូរស្រាល។ 
 
លោក សូរស័ក្ដិ កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី។ ក្នុងជំនួបនោះ ភាគីទាំងពី បានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី កាន់តែប្រសើ។ តំណាងឱ្យកម្ពុជា លោក ប៉ាន សូរស័ក្ដិ បានស្នើអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម នៅកម្ពុជា បន្ថែមទៀត។ 
 
គួរបញ្ជាក់ថា អង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីររវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦ លានដុល្លារ។
 
ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅចក្រភពអង់គ្លេស រួមមាន សំលៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពលពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន គ្រឿងយន្ត ឱសថ និងភេសជ្ជៈ៕ 
 

Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com