កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោកវ៉ាត់ ចំរើន៖ ថៃ និង៦ប្រទេសទៀត គាំទ្រដាក់វិញ្ញាសា «គុនខ្មែរ» នៅស៊ីហ្គេម២០២៣
27, Jan 2023 , 11:32 am        
រូបភាព
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ (CAMSOC) សម្រេចដាក់វិញ្ញាសា«គុនខ្មែរ»ទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។ ការសម្រេចនេះ ក្រោយមានសមាជិកប្រទេសចូលរួមការប្រកួតចំនួន៨ រួមទាំងថៃផងគាំទ្រការដាក់«គុនខ្មែរ»ចូលព្រឹតិ្តការណ៍កីឡាតំបន់អាស៊ានខែឧសភាខាងមុខនេះ។


ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិដែលមានភាគី៨ប្រទេសចូលរួម ដែលរួមទាំងភាគីថៃផង លោកវ៉ាត់ ចំរើន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាវិញ្ញាសា«គុនខ្មែរ»ត្រូវដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំ២០២៣ ជាផ្លូវកា។
 
កិច្ចប្រជុំថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិ មានការចូលរួមពីម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ​ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេសី។ ប្រទេសទាំង៨នេះ សុទ្ធតែយល់ព្រមឱ្យបញ្ចូលវិញ្ញាសា«គុនខ្មែរ» នៅក្នុងកីឡាស៊ីហ្គេមនៅកម្ពុជា។ មុនកិច្ចប្រជុំនេះ ភាគីថៃ ធ្លាប់បានបដិសេធមិនបញ្ជូនអត្តពលិកខ្លួនចូលរួមវិញ្ញាសានេះនៅកម្ពុជាឡើយ ក្រោយម្ចាស់ផ្ទះប្តូរពាក្យ «MuayThai» ទៅជា«គុនខ្មែរ។
 
មិនត្រឹមដាក់គុនខ្មែរទៅក្នុងស៊ីហ្គេមប៉ុណ្ណោះទេ សូម្បីបទបញ្ជាការប្រកួតនេះទៀតសោត ក៏ត្រូវកំណត់តាមកីឡាគុនខ្មែរទាំងស្រុងផងដែរ។ នេះបើតាមការអះអារបស់លោក វ៉ាត់ ចំរើន។ 
 
«យើងបញ្ចូលបុ្រភេទវិញ្ញាសា គុនខ្មែរ ក្នុងបញ្ជីកីឡាស៊ីហ្គេម ២០២៣។ ការរៀបចំប្រភេទកីឡា គុនខ្មែរ យើងកំណត់យកច្បាប់ការប្រកួតរបស់ខ្មែរយើងសុទ្ធតែម្តង ដោយមិនពាក់ព័ន្ធច្បាប់ប្រភេទកីឡារបស់គេឡើយ ពិសេស MuayThai»។ អគ្គលេខាធិការ CAMSOC បញ្ជាក់ដូច្នេះ មុនបន្ថែមថា សូម្បីរបៀបតុបតែងអត្តពលិកវិញ្ញាសាគុនខ្មែរ ក៏ត្រូវរៀបចំតាមរបៀបបុរាណខ្មែរផងដែរ។ គំរូការតុបតែងវិញ្ញាសាគុនខ្មែរ នឹងបង្ហាញឆាប់ៗខាងមុខនេះ។
 
មិនត្រឹមដាក់បញ្ចូលគុនខ្មែរនៅកម្ពុជា២០២៣នេះឡើយ លោកវ៉ាត់ ចំរើន នឹងប្រឹងប្រែងស្នើដាក់វិញ្ញាសាគុនបុរាណខ្មែរមួយនេះ​ទៅកាន់ស៊ីហ្គេមឆ្នាំ២០២៥ និងព្រឹត្តិការណ៍បន្តបន្ទាប់ទៀត។
 
គិតត្រឹមថ្ងៃទី២៧ ខែមករានេះ កម្ពុជាសល់រយៈពេល៩៨ថ្ងៃទៀតប៉ុណ្ណោះដើម្បីឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងជាលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com