ជាតិ
អន្ទាក់សត្វកើនឡើងជាង៥០ភាគរយ នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន នាឆ្នាំ២០២២
28, Jan 2023 , 9:59 am        
រូបភាព
ទន្ទាក់នៅព្រៃសង្ឃរុក្ខាវ័ននៅក្នុងខេត្តឧត្តរមានជ័យកើនជាង៥០ភាគរយ បើធៀបឆ្នាំ២០២១
ទន្ទាក់នៅព្រៃសង្ឃរុក្ខាវ័ននៅក្នុងខេត្តឧត្តរមានជ័យកើនជាង៥០ភាគរយ បើធៀបឆ្នាំ២០២១
ដោយ:
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ បញ្ហាដាក់អន្ទាក់សត្វ ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នបានកើនជាង៥០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ បញ្ហានេះ បានក្លាយជាបញ្ហាប្រឈម ដែលកំពុងគំរាមកំហែងខ្លាំងដល់ជីវិតសត្វព្រៃប្រភេទកម្រ។

 
ព្រៃ​សង្ឃសហគមន៍​រុក្ខាវ័ន​មាន​ផ្ទៃដី ៣០ ២៥៤ ហិកតាស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។ បច្ចុប្បន្នព្រៃសហគមន៍ខាងលើ​ បានក្លាយជាជម្រក សម្រាប់សត្វព្រៃមួយចំនួនធំនៅក្នុងខេត្តឧត្តរមានជ័យ។ ទោះជាយ៉ាងនេះក្តីបញ្ហា ដែលលំបាកបំផុតក្នុងការអភិរក្សសត្វព្រៃក្នុងតំបន់នេះ គឺជនឆ្លៀតឱកាសមួយចំនួននៅបន្តសកម្មភាពលួចដាក់អន្ទាក់នៅក្នុងព្រៃសហគមន៍ ជាហេតុធ្វើឱ្យសត្វរស់នៅដោយភាពភ័យខ្លាច។ 
  

ព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។

លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃ​សង្ឃសហគមន៍​រុក្ខាវ័ន​ ​បានឱ្យដឹងថា ទិន្នន័យនៃចំនួនសត្វដែលបានស្លាប់ដោយសារអន្ទាក់នៅព្រៃសង្ឃរុក្ខាវ័នក្នុងឆ្នាំ២០២២មានចំនួន ៥ក្បាល ក្នុងនោះមានសត្វទន្សោង ៣ក្បាល ប្រើស ២ក្បាល ដើមឆ្នាំ២០២៣បានប្រទះឃើញទន្សោងញីរងរបួសដោយជាប់អន្ទាក់កាលពីថ្ងៃទី២២ ខែមករា  និងកំពុងព្យាបាលពីគ្រូពេទ្យជំនាញ។
 
បើតាម លោក សារ ថ្លៃ ទិន្នន័យនេះ បានបញ្ជាក់ថា សកម្មភាពដាក់អន្ទាក់ក្នុងសហគមន៍នេះនៅតែបន្តកើនឡើង ខណៈក្នុងឆ្នាំ២០២១ មានសត្វងាប់ ដោយសារអន្ទាក់ ចំនួន ៣ក្បាល ។
 
លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យបានប្រាប់សារព័ត៌មានThmeyThmey25ថា ក្នុងឆ្នាំនេះ ក្រុមសហជិកសហគមន៍ព្រៃសង្ឃរុក្ខាវ័នបានប្រទះឃើញអន្ទាក់ច្រើន។ ទោះជាយ៉ាងណា លោក សារ ថ្លៃពុំទាន់បញ្ជាក់ពីចំនួនអន្ទាក់សរុបបានឡើយ។


លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ

លោក សារ ថ្លៃ អះអាងដូច្នេះ៖ « យើងដោះបានទុកមួយកន្លែង ប៉ុន្ដែមិនទាន់បានសរុបទេ។យើងពិបាកណាស់ ប្រឹងប្រែងផ្សព្វផ្សាយរាល់ថ្ងៃហើយ ប៉ុន្ដែនៅតែមាន។
 
បើតាមសង្កេតមើលទៅអ្នករករបរនេះ មិនមែនជាអ្នកទីទាល់ឡើយ តែមិនដឹងថាហេតុអ្វីគាត់ធ្វើបែបនេះ។ អ្វីដែលសំខាន់គឺមានឈ្មួញនៅចាំទិញជាស្រេច»។ 
 
ជាមួយគ្នានេះ លោកបន្ថែមថា កន្លងមកនៅពេលបានទទួលដំណឹងពីការដាក់អន្ទាក់ក្រុមគណៈកម្មការបានជូនដំណឹងដល់អាជ្ញាធរ ដូចជាមេភូមិ ដើម្បីអប់រំដល់ទីតាំងបញ្ឈប់មិនឱ្យមានសកម្មភាពបន្ត។ «យើងមិនដឹងថា ហេតុអ្វីការដាក់អន្ទាក់នៅតែមាននោះទេ។មួយឆ្នាំមានសត្វជាប់អន្ទាក់ និងងាប់មិនដាច់ឡើយ។ ជាក់ស្ដែងនៅក្នុងព្រៃយើង


ស្នាមជាប់អន្ទាក់ របស់ សត្វទន្សោងញីមួយក្បាលជាប់អន្ទាក់ត្រូវបានជួយសង្គ្រោះនៅព្រៃសង្ឃរុក្ខាវ័ន។ រូបភាពដោយលោក ទ្រី ស៊ីថេង។

​តែមានសត្វងាប់ដូចជា ទន្សោង​ ប្រើស ជ្រូកព្រៃ ឈ្លូស ដោយសារឧបករណ៍កែច្នៃជានិច្ច»។ នេះជាការពន្យល់របស់លោក ថ្លៃ។ 
 
ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន​បាន​ក្លាយ​ជា​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ននៅ​ឆ្នាំ​២០១៨ដោយសារ​មាន​ការ​តស៊ូ​ការពារ​តាំងពី​ឆ្នាំ​២០០១ របស់អតីតព្រះសង្ឃលោក ប៊ុន សាលួត
និងសមាជិកសហគមន៍ផ្សេងៗទៀតដែលស្រឡាញ់ព្រៃ និងធនធានធម្មជាតិ ។ព្រៃឈើក្នុងសហគមន៍នេះអាចជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ
និងសត្វព្រៃប្រភេទកម្រ​​ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕
 

Tag:
 ខេត្តឧត្តរមានជ័យ
  អន្ទាក់
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com