ជាតិ
សង្គមជាតិ
ស្នងការព្រះសីហនុ៖ ជប៉ុន១៩នាក់ ដែលត្រូវជួយសង្គ្រោះ មិនមែនរងគ្រោះដោយសារការចាប់បង្ខាំងឡើយ 
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ (រូបពីទំព័រហ្វេសប៊ុក៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)
×![]()
ដោយ៖ ទេពញាណ
ក្រោយទទួលបណ្តឹងពីជនអនាមិក ពីករណីបង្ខាំងមនុស្សនៅសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ កម្លាំងសកមត្ថកិច្ច ក៏ចុះទៅដល់ទីតាំងនោះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដោយលទ្ធផល កម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិជប៉ុន១៩នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បា្រប់សារព័ត៌មានថ្មីៗថា នៅថ្ងៃទី២៧ ខែមករានេះថា ជនជាតិជប៉ុនទាំង១៩នោះ មិនមែនជាជនរងគ្រោះ ដែលត្រូវចាប់បង្ខាំង ឬត្រូវធ្វើទារុណកម្មឡើយ។ លោក អះអាងថា ពួកគេ សុទ្ធតែមានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពោលគឺ ពួកគេ ចូលមកកម្ពុជាដោយស្របច្បាប់។
ទោះយ៉ាងណា លោក ផ្តល់ព័ត៌មានថា ជនជាតិជប៉ុនទាំង១៩នាក់នោះ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ ដើម្បីសាកសួរបន្ត។ លោកស្នងការខេត្តព្រះសីហនុ បញ្ជាក់ដូច្នេះថា៖«យើង មិនទាន់បញ្ចប់ភ្លាមៗទេ យើង នៅតែបន្តនីតិវិធី»។
មុនត្រូវបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជួន ណារិន្ទ បានសួរជនជាតិជប៉ុនទាំង១៩នាក់ខាងលើ ថា អ្នកណា ជាអ្នកប្តឹងទៅសមត្ថកិច្ចតាមប្រព័ន្ធទូរស័ព្ទបន្ទាន់ (Hotline)? ក្នុងចំណោមពួកគេទាំង១៩នាក់ សុទ្ធតែឆ្លើយថា មិនបានប្តឹង។ លោកស្នងការ មានប្រសាសន៍ថា មកដល់ពេលនេះ លោក មិនទាន់រកឃើញអ្នកប្តឹងនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com