ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ទោះករណីចោរកម្មក្នុងឃុំគោកខ្ពស់ថយចុះ តែអាជ្ញាធរនៅតែបន្តការល្បាតជាប់ជានិច្ច
27, Jan 2023 , 7:59 pm        
រូបភាព
 លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់)
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ បទល្មើសចោរកម្ម នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនៅឆ្នាំ២០២២ ពុំមានករណីពលរដ្ឋបាត់បង់ទ្រព្យសម្បត្តិនោះទេ ខណៈកាលពីឆ្នាំ២០២១ មានករណីលួចម៉ូតូមួយគ្រឿង កើតមាននៅក្នុងឃុំ។

 
បើតាម លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍នគរបាលគោកខ្ពស់ មូលហេតុដែលករណីចោរកម្មធ្លាក់ចុះ ដោយសារអាជ្ញាធរ បានដាក់កម្លាំងយាមល្បាត និងផ្សព្វផ្សាយញឹកញាប់ដល់ពលរដ្ឋ តាមមូលដ្ឋាន។ ថ្វីដ្បិតអំពើចោរកម្មថយចុះ ប៉ុន្តែលោក មេប៉ុស្តិ៍នគរបាលគោកខ្ពស់ កត់សម្គាល់ថា ពលរដ្ឋនៅតែមានការធ្វេសប្រហែស ក្នុងការទុកដាក់ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ ឬមធ្យោបាយធ្វើដំណើររបស់ខ្លួន។ សម្រាប់លោក វ៉ាង ម៉ាប់ ការធ្វេសប្រហែលរបស់ពលរដ្ឋនេះ អាចធ្វើឱ្យករណីចោរកម្មកើតឡើងក្នុងអត្រាខ្ពស់។ លោក វ៉ាង ម៉ាប់ ប្រាប់ដូច្នេះ៖« សព្វថ្ងៃ ចោរកម្មនៅឃុំ យើងអត់មានទេ ដោយសារប៉ុស្តិ៍បានចុះល្បាត និងដើរអប់រំពួកគាត់(ពលរដ្ឋ)។ ឥឡូវនេះ ពលរដ្ឋ គាត់ធ្វេសប្រហែសណាស់ អ្នកខ្លះ ទៅស្រែចម្ការ និងទៅរកត្រី គឺពួកគាត់ ទុកម៉ូតូចោល តាមផ្លូវ ឬតាមភ្លឺស្រែ រហូត ២ ទៅ៣​ ម៉ោងបានគាត់មកវិញ​។ អ៊ីចឹង ចោរកម្មនេះ កើតឡើងដោយសារមូលហេតុទាំងហ្នឹង»។ 
 
កន្លងទៅ ករណីចោរកម្ម កើតឡើងនៅពេលព្រឹក ដែលជាហេតុធ្វើឱ្យប៉ុស្តិ៍នគរបាលគោកខ្ពស់ បានសហការជាមួយប្រជាការពារភូមិ រៀបចំឱ្យមានការយាមល្បាតតឹងរឹង ទាំងយប់ និងថ្ងៃ។ សព្វថ្ងៃ ឃុំគោកខ្ពស់ មានប្រជាការពារភូមិ ចំនួន ១២២នាក់ ដោយពួកគេ បានជួយការងារយ៉ាងសស្រាក់សស្រាំ ក្នុងការយាមល្បាត និងជួយទុក្ខធុរៈពលរដ្ឋ។ 
 
ជាមួយគ្នានេះ លោក វ៉ាង ម៉ាប់ បានប្ដេជ្ញាបន្តប្រឹងប្រែងលុបបំបាត់ ករណីចោរកម្ម ឱ្យកាន់តែប្រសើថែមទៀត តាមរយៈ ការយាមល្បាតញឹកញាប់ តាមភូមិគោលដៅ ជាពិសេស ចុះអប់រំ ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន។ បន្ថែមពីនេះ លោក អំពាវនាវ ដល់ពលរដ្ឋ រាយការណ៍ឱ្យបានលឿនរហ័ស នៅពេលជួបករណីចោរកម្ម ដើម្បីសមត្ថកិច្ច អន្តរាគមន៍ទាន់ពេលវេលា៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  ស្រុកបន្ទាយអំពិល
  សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com