កីឡាអន្តរជាតិ
អន្តរជាតិ
UEFA Nations League នឹងមានទម្រង់នៃការប្រកួតជម្រុះថ្មីចាប់ពីឆ្នាំ ២០២៤
27, Jan 2023 , 9:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងបន្ថែមការប្រកួតប្រជែងជាមួយទម្រង់នៃការប្រកួតថ្មីវគ្គជម្រុះពានរង្វាន់ Nations League ចាប់ពីឆ្នាំ ២០២៤ ទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ​UEFA ថ្ងៃទី២៥ ខែមករា នាកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស។



ការប្រកួតវគ្គជម្រុះនឹងត្រូវលេងក្នុងខែមីនា មុនឈានដល់ប្រកួតតាមពូលនីមួយៗរហូតដល់ចប់ក្នុងខែវិច្ឆិកា និងដល់វគ្គផ្តាច់ព្រ័ត្រក្នុងខែមិថុនា។ ក្រុមដែលមានចំណាត់ថ្នាក់ល្អឈរកំពូលតារាងតាមពូលនីមួយៗនៃលីគ A (Group Winner) និងក្រុមចំណាត់ថ្នាក់លេខ២ (Runners-up) និងត្រូវបន្តលេងនៅវគ្គ១/៤ ផ្តាច់ព្រ័ត្រដែលជាការប្រកួតក្នុងទឹកដី និងក្រៅទឹកដី (Home-and-Away) ហើយក្រុមដែលឈ្នះការប្រកួតជម្រុះទាំងពីរជើងនេះនឹងបន្តដំណើរទៅកាន់វគ្គ ៤ក្រុមចុងក្រោយ។
 
ក្រុមដែលត្រូវប្រកួត ​​​​Play-off ដណ្តើមកៅអីក្នុងពូលនៃលីគ A ជាក្រុមមានចំណាត់ថ្នាក់លេខ ៣ នៅតាមពូលលីគ A នេះស្រាប់ ហើយនឹងរង់ចាំជួបប្រកួតទល់ក្រុមមានចំណាត់ថ្នាក់លេខ២ ក្នុងពូលនីមួយៗមកពីលីគ B។ ដូចគ្នា នេះដែរក្រុមលេខ៣ ស្ថិតក្នុងពូលនីមួយៗនៅលីគ B ក៏នឹងត្រូវប្រកួតទល់ដែលមានចំណាត់លេខ២ នៅតាមពូលក្នុងលីគ C ដើម្បីប្រកួត Play-off ដណ្តើមកៅអីឡើងទៅកាន់លីគគម្រិងខ្ពស់តាមលំដាប់ថ្នាក់ ហើយការប្រកួតនឹងធ្វើឡើងពីរជើងក្នុងទឹកដីនិងក្រៅទឹកដី។ «ដោយការបង្ហាញពីដំណាក់កាលថ្មីនៃការប្រកួតប្រជែងជម្រុះថ្មី ក្រុមនីមួយៗនឹងទទួលបានឱកាសការប្រកួតប្រជែងបានច្រើនជាងនេះ ខណៈដែលយើងកំពុងតែរៀបចំកាលវិភាគនៃការប្រកួតនេះនៅក្នុងថ្ងៃនៃការប្រកួតអន្តរជាតិនានាទៅតាមពេលវេលាជាក់លាក់។ លទ្ធភាពនៃការទស្សន៍ទាយនៃវគ្គជម្រុះអឺរ៉ុបក៏ត្រូវបានដោះស្រាយ ហើយទម្រង់ថ្មីនឹងផ្តល់ឱ្យក្រុមទាំងអស់នូវឱកាសនៃការប្រកួតស្មើៗគ្នា។»។ នេះបើតាមសម្តីប្រធាន UEFA លោក Aleksander Ceferin បាននិយាយ។
 
នាកំណែរទម្រង់ថ្មីនេះ ​ការប្រកួតជម្រុះតំបន់អឺរ៉ុបសម្រាប់ពានរង្វាន់ UEFA Euro និងពានរង្វាន់ World Cup និងត្រូវបានផ្តល់ឱកាសបន្ថែមដល់ក្រុមជាច្រើនថែមទៀត។ ដោយក្រុមនីមួយៗនៃទ្វីបអឺរ៉ុបត្រូវបែងចែកជា ១២ពូល និងក្នុង ១ពូលមានចំនួន ៥ក្រុមសម្រាប់ប្រកួតប្រជែង។ ការកែប្រែនៃទម្រង់លេងនេះនឹងចាប់ផ្តើមដាក់ឱ្យដំណើរការចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ នេះបើតាមការអះអាងរបស់ ​UEFA។
 
ដោយឡែកបញ្ហាដដែលនៃការហាមឃាត់លើក្រុមមន្រ្តីនៃសហព័ន្ធបាល់ទាត់រុស្ស៊ីនូវតែត្រូវបានសហព័ន្ធ UEFA បន្តរារាំងដដែល បើទោះបីរុស្ស៊ីបានបញ្ជូនមន្រ្តីទៅកាន់ទៅក្រុង Nyon ​​ប្រទេសស្វ៊ីសដើម្បីចូលរួមកិច្ចប្រជុំក៏ដោយ។ ​ការហាមឃាត់នេះដូចទៅនឹងស្ថាប័នកីឡាដទៃនៅលើពិភពលោកដែលដាក់បម្រាមលើរុស្ស៊ីដែលបានលុកលុយចូលប្រទេសអ៊ុយក្រែន៕
 

Tag:
 UEFA
  Nation League
© រក្សាសិទ្ធិដោយ thmeythmey.com