ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ពលរដ្ឋឃុំត្រពាំងធំ ពេញចិត្តចំពោះការផ្តល់សេវារដ្ឋបាលរបស់អាជ្ញាធរ
27, Jan 2023 , 9:59 pm        
រូបភាព
ដោយ៖ ជាង រីណា (យុជនឃុំត្រពាំងធំ)  
ស្រុកទឹកឈូ , កំពត៖ ការផ្តល់សេវារដ្ឋបាលសាធារណៈនៅរដ្ឋបាលឃុំត្រពាំងធំ នៅក្នុងស្រុកទឹកឈូ ទទួលការកោតសរសើរពីប្រជាពលរដ្ឋ។ ការផ្តល់សេវាល្អ យកចិត្តទុកដាក់ចំពោះពលរដ្ឋ និងមិនឱ្យពលរដ្ឋរង់ចាំយូរ គឺជាទិដ្ឋភាពដែលពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំ មើលឃើញ និងលើកសរសើរ។ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ លោកស្រី សេង សុភីន ដែលជាមេឃុំ ត្រេកអរជាខ្លាំង។ សម្រាប់មេឃុំរូបនេះ ការផ្តល់សេវាល្អជូនពលរដ្ឋ គឺកិច្ចការដែលឃុំបានពង្រឹង និងបន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងការដោះស្រាយបញ្ហានានានៅក្នុងឃុំបន្ថែមទៀត។

 
លោក ឆាយ ផលគុណ ជាពលរដ្ឋនៅក្នុងភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ក្រុងកំពត ខេត្តកំពត បានរៀបរាប់ថា អាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលបានទៅទទួលសេវានៅសាលាឃុំ។ ពលរដ្ឋវ័យ ៣៩ឆ្នាំរូបនេះ ​បន្តថា នៅពេលដែលលោកបានទៅធ្វើលិខិតបញ្ជាក់កំណើត មន្ត្រីបានសួរនាំភ្លាម អំពីតម្រូវការរបស់ខ្លួន និងមិនឱ្យរូបគាត់ត្រូវរង់ចាំយូរនោះទេ។ លោក ឆាយ ផលគុណ បន្ថែមថា៖ «ពេលធ្វើទៅអត់អីទេ ធម្មតា។ អាជ្ញាធរ ផ្តល់សេវាល្អ ឃុំមិនឱ្យពលរដ្ឋរង់ចាំយូនោះទេ គឺ​គេ​យកចិត្តទុកដាក់ និងធ្វើឱ្យទៅតាមលេខរៀង ដែលពលរដ្ឋបានទៅរកសេវានៅទីនោះ»។ ​
 

 លោក ឆាយ ផលគុណ ពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំ

ក្រៅពីមើលឃើញពីភាពវិជ្ជមាននៃការផ្តល់សេវា នៅរដ្ឋបាលឃុំហើយនោះ ពលរដ្ឋភូមិក្រាំង ឃុំត្រពាំងធំរូបនេះ ក៏បានកត់សម្គាល់ដែរថា អាជ្ញាធរឃុំ បានបិទតារាងតម្លៃសេវានីមួយៗនៅនឹងអគារសាលាឃុំតែម្តង។ សម្រាប់លោក ផលគុណ ការបង្ហាញតម្លៃសេវាជាសាធារណៈបែបនេះ ធ្វើឱ្យពលរដ្ឋមិនចំណាយលើសពីកាតព្វកិច្ច និងធានាបានតម្លាភាព។ «ចំពោះថ្លៃសេវា ខាងឃុំបានបិទនៅជញ្ជាំង។ តែមិនថ្លៃនោះទេ គឺមានចន្លោះពី ២០០០រៀល ទៅ៥០០០រៀល តាម​ឯកសារដែលពួកគាត់ ត្រូវធ្វើឱ្យប្រជាពលរដ្ឋ។ រាល់សេវាទាំងអស់ មិនមានការទាមទារអ្វីបន្ថែមពីឃុំនោះទេ ពោលគឺការផ្ដល់សេវា នៅក្នុងឃុំត្រពាំងធំ គឺល្អ»។ លោក ​ឆាយ ផលគុណ គូសបញ្ជាក់យ៉ាងដូច្នេះ។
 
អ្នកស្រី អ៊ុង សុខហៀង ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងធំមួយរូប ដែលធ្លាប់ទៅធ្វើ​សំបុត្រកំ​ណើត នៅសាលាឃុំ ក៏មើលឃើញពីភាពល្អនៃការផ្តល់សេវារដ្ឋបាលឃុំត្រពាំងធំនេះដែរ​។ «រាល់ថ្ងៃដូចមិនមានចំណុចខ្វះខាតអីទេ ព្រោះអ្នកស្រីមេឃុំ គាត់គិតគូរដល់ប្រជាពលរដ្ឋច្រើន»។ នេះជាការមើលឃើញរបស់អ្នកស្រី អ៊ុង សុខហៀង ដោយពលរដ្ឋរូបនេះ បានស្នើឱ្យអា​ជ្ញាធរឃុំ បង្កើនការយកចិត្តទុកដាក់បន្ថែមលើពលរដ្ឋក្រីក្រ និងខ្វះខាត។
  

 អ្នកស្រី អ៊ុង សុខហៀង ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងធំ។
 

​ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ បានធ្វើឱ្យលោកស្រី សេង សុភីន ដែលជាមេឃុំ ញញឹមពព្រាយ។ អ្នកស្រី មេឃុំរូបនេះ ការផ្តល់សេវាល្អជូនពលរដ្ឋ គឺកិច្ចការដែលឃុំបានពង្រឹង និងបន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងការដោះស្រាយបញ្ហានានានៅក្នុងឃុំបន្ថែមទៀត។ អ្នកស្រី សេង សុភីន លើកឡើងដូច្នេះ៖ «ចំពោះឃុំ មិនមានអីក្រៅពីមាមោទកភាព នៅពេលដែលគាត់ពេញចិត្ត។ ប្រជាពលរដ្ឋគាត់ត្រង់ណាស់ គាត់មើលម៉េច ផ្តល់ឱ្យគាត់យ៉ាងម៉េច គាត់និយាយចេញពីចិត្តរបស់គាត់។ គាត់មានពាក្យសរសើរថាអាជ្ញាធរយកចិត្តទុកដាក់ យើងស្វាគមន៍។ មានន័យថាយើងបានបំពេញសេវាល្អជូនគាត់។ យើងអរគុណគាត់(ពលរដ្ឋ) ហើយយើងក៏ប្តេជ្ញាចិត្តថានឹងខំប្រឹងធ្វើឱ្យអស់លទ្ធភាពតែម្តង»។


 អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
 
ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅក្នុង លោកស្រី សេង សុភីន មេឃុំត្រពាំងធំ ​អះអាងថា អាជ្ញាធរ នៅតែបន្តជំរុញ និងផ្សព្វផ្សាយជូនពលរដ្ឋ ឱ្យបានយល់ដឹងពីសារៈសំខាន់នៃឯកសារ និងលិខិតរដ្ឋបាលផ្សេងៗ សម្រាប់ប្រើប្រាស់​ជាតម្រូវការជីវភាព​ប្រចាំថ្ងៃ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 សេវាសាធារណៈ
  រដ្ឋបាលឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com