សហព័ន្ធកីឡាទោចក្រយានកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា ៥រូបចូលរួមប្រកួតពានរង្វាន់ Royal Cup Thailand Championship នៅប្រទេសថៃការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។
កម្ពុជា បញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ៥រូប ក្នុងនោះមាននារី ១រូប។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកនៅថ្ងៃទី២៧ ខែមករា ថា ការចូលរួមប្រកួតនៅប្រទេសថៃ ជាការវាស់ស្ទង់កម្រិតសមត្ថភាព និងបង្កើនបទពិសោធបច្ចេកទេសបន្ថែមសម្រាប់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិ មុនកីឡាស៊ីហ្គេមមកដល់នៅខែឧសភា ខាងមុខ។

កីឡាករទោចក្រយានជម្រើសជាតិកម្ពុជា ឆាន ឆៃហ្វុង ហាត់សមផ្លូវថ្ងៃទី១ នៅប្រទេសថៃ។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
លោក នូ ចំរើន និយាយថា៖«ទាក់ទងនឹងការប្រកួតនៅប្រទេសថៃ ពានរង្វាន់ Royal Cup ជាការប្រកួតដកស្រង់បច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម២០២៣។ នេះក៏ជាការវាស់ស្ទង់កម្រិតសមត្ថភាពផងដែរក្រោយបញ្ចប់បេសកកម្មហ្វឹកហាត់ និងកីឡាថ្នាក់ជាតិកន្លងមក»។
ជាមួយគ្នានោះដែរលោក អ៊ុច សុខវិបុល គ្រូជម្រើសជាតិកីឡាកង់ភ្នំក៏បញ្ជាក់ប្រាប់មកសារព័ត៌មានថ្មីៗតាមតេលេក្រាមថា អត្តពលិកជម្រើសជាតិកម្ពុជា ថ្វីដ្បិតមានវ័យក្មេងៗ ប៉ុន្តែតែងតែនាំលទ្ធផលល្អជូនជាតិ និងប្រជាជនកម្ពុជា។ លោក សុខវិបុល បន្ថែមថា ការប្រកួតកន្លងមកថៃ តែងតែដឹងច្បាស់ចំពោះកម្រិតសមត្ថភាពកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា។
លោក អ៊ុច សុខវិបុល និយាយថា៖«កម្ពុជា យើងបានអន្រួនពិភពកីឡាជិះកង់ ជាពិសេសពិភពប្រណាំងកង់នៅថៃ ដោយបានបង្ករការភ្ញាក់ផ្អើលចំពោះកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនីយើង ដែលមានអាយុក្មេងៗតែមានការវិវត្តន៍ កម្រិតកម្លាំង បច្ចេកទេស ប្រហែលនឹងកីឡាករ កីឡាការិនីជើងខ្លាំងថៃ កម្រិត ខ្បស់ដែរ»។
តាមរយៈកម្រិតសមត្ថភាពបច្ចុប្បន្ន លោក សុខវិបុល ជឿជាក់ ថាអត្តពលិកជម្រើសជាតិមានក្តីសង្ឃឹមក្នុងការប្រជែងមេដាយនាស៊ីហ្គេម ២០២៣ ខាងមុខ។
គ្រូជម្រើសជាតិកម្ពុជាលោក សុខវិបុល សង្កត់ធ្ងន់ថា៖«ការហ្វឹកហាត់ជាមួយគ្រូជំនាញ និងការបានចេញប្រកួតក្រៅស្រុកច្រើនដើម្បីដឹងពីសមត្ថភាព បច្ចេកទេស កម្លាំងរបស់ជម្រើសជាតិគេ។ នេះជាការព្យាយាម និងបំពេញកិច្ចការចាំបាច់សម្រាប់ការប្រជែងមេដាយនាស៊ីហ្គេម ២០២៣»។
គួបញ្ជាក់ថា ការប្រកួតនេះដែរដឹកនាំដោយប្រធានប្រតិភូលោក ផេង ប៉ូលីន និងគ្រូបង្វឹកលោក អ៊ុច សុខវិបុល។ ការប្រកួតជុំទី១ ធ្វើនៅថ្ងៃទី២៨ ខែមករា មានការចូលរួមដោយ កីឡាករ ឃឹម ម៉េងឡុង, ឆាន ឆាយហ្វុង និងកីឡារិនី ខេន ម៉ាឡៃ ប្រកួត២វិញ្ញាសា(កង់ភ្នំបុរស MenElite ចម្ងាយ២៨គីឡូម៉ែត្រ និងMenU23 និងកង់ភ្នំនារី Women Elite និងWomenU23 ចម្ងាយ២៤គីឡូម៉ែត្រ)។ ជុំទី២ ថ្ងៃអាទិត្យ ទី២៩ ខែមករា កីឡាករ ឃឹម ម៉េងឡុង, ឆាន ឆាយហ្វុង និងកីឡារិនី ខេន ម៉ាឡៃ ប្រកួត២វិញ្ញាសា (កង់ភ្នំបុរស Men Eliminate នារីWomen Eliminate ចម្ងាយ៧០០ម៉ែត្រ-១៤០០ម៉ែត្រ)៕