ជាតិ
សង្គមជាតិ
សហគមន៍ជនជាតិដើមភាគតិច បារម្ភបាត់​បង់​សិទ្ធិការពារព្រៃឈើ ដោយសារច្បាប់ថ្មី
27, Jan 2023 , 6:14 pm        
រូបភាព
ដោយ:
សហគមន៍​ជនជាតិដើមភាគតិច ព្រួយបារម្ភថាការធ្វើច្បាប់ថ្មីអាចនឹងដកសិទ្ធិពួកគេចេញ ដែលនាំឱ្យមាន​បាត់បង់ដី ព្រៃឈើកាន់តែច្រើន ព្រោះបច្ចុប្បន្នក្នុងតំបន់ដែលពួកគេរស់នៅគ្មានសុវត្ថិភាពផ្នែកដីធ្លី។

 
ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត សុវត្ថិភាពសង្គម អត្តសញ្ញាណ វប្បធម៌ និងការប្រតិបត្តិជំនឿរបស់ជនជាតិដើមភាគតិច មានការប្រែប្រួលខ្លាំងដោយសារគ្មានសុវត្ថិភាពដីធ្លី។ អ្នកស្រី ហ្វង ចំប៉ី អនុប្រធានសមាគមស្រ្តីជនជាតិដើមភាគតិច បានថ្លែងក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី«បញ្ហា និងការប្រឈមរបស់ស្រ្តីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងការធ្វើច្បាប់ថ្មីស្ដីពី ច្បាប់ព្រៃឈើ និងតំបន់ការពារធម្មជាតិ» នៅថ្ងៃទី២៥ ខែមករា។
 


អ្នកស្រីបន្តថា ដីធ្លីរបស់ជនជាតិដើមភាគតិច ពុំទាន់បានចុះបញ្ជីដីសមហភាព គ្មានដីប្រើប្រាស់គ្រប់គ្រាន់ មានបញ្ហាជាមួយក្រុមហ៊ុនវិនិយោគ និងគម្រោងអភិរក្ស។ អ្វីដែលធ្ងន់ធ្ងរទៀតនោះ គឺស្រ្តីជនជាតិដើមភាគតិច បានរងការចោទប្រកាន់ និងជាប់ពន្ធនាគាជាច្រើននាក់ ដោយសារតែការ​ប្រើប្រាស់ និងការពារដីសមូហភាពរបស់ខ្លួនដែលគ្មានប័ណ្ណកម្មសិទ្ធិ។ បើទោះបីសហគមន៍របស់ពួកគេបានទទួលស្គាល់ជាសហគន៍និតិបុគ្គល និងមានវិធានការការពារបណ្ដោះអាសន្នដោយរដ្ឋបាលខេត្ត។
 
អនុប្រធានសមាគមស្រ្តីជនជាតិដើមភាគរូបនេះ បានបញ្ជាក់ថា៖«កត្តាដែលនាំឱ្យមានបញ្ហាទាំងនេះដោយសារការអនុវត្តច្បាប់ពុំទាន់មានភាពយុត្តិធម៌ និងសមធម៌ចំពោះជនជាតិដើមភាគតិចរបស់ពួកខ្ញុំ។ ឆន្ទៈ និងការយល់ដឹងរបស់ក្រសួងស្ថាប័នមួយចំនួនលើជនជាតិដើមភាគតិចនៅមានកម្រិត»។
 
អ្នកស្រី ហ្វង ចំប៉ី បានបន្ថែមថា នៅពេលសហគមន៍ជួបបញ្ហា ពិបាកស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ដោយសារជនជាតិដើមភាគតិចពុំសូវមានចំណេះដឹង។ ផ្ទុយទៅវិញ ពួកគេអាចប្រឈមនឹងការចោទប្រកាន់ថា មានការញុះញុង ប្រឆាំង ឬត្រូវបានគេលាប់ពណ៌ទៀតផង។ អ្នកស្រីបញ្ជាក់ថា៖«ជនជាតិដើមពួកខ្ញុំព្រួយបារម្ភពីការធ្វើច្បាប់ថ្មី ដែលនឹងដកសិទ្ធិរបស់ជនជាតិដើមដែលនឹងអាចឱ្យមានបញ្ហាលើសដើម»។
 
អ្នកស្រី ផ្លឹក ភីរុំ សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា ពួកគេនឹងពិបាក ហើយរងគ្រោះកាន់តែខ្លាំង បើការធ្វើច្បាប់ថ្មីនេះមិនមានដាក់បញ្ចូលជនជាតិដើមភាគតិច។
 

អ្នកស្រី ផ្លឹក ភីរុំ សហគមន៍ជនជាតិដើមភាគតិចព្នង

អ្នកស្រី ភីរុំ យល់ឃើញថា ការធ្វើច្បាប់ថ្មីនេះ ជនជាតិដើមភាគតិចគ្មានលទ្ធភាពសម្រាប់រំដោះខ្លួនឯង ក្រៅពីសំនាញ់ច្បាប់បាននោះទេ បើរដ្ឋាភិបាលមិនបានរំលេចជនជាតិដើមបញ្ចូលក្នុងច្បាប់។ ម៉្យាងទៀត ការចុះបញ្ជីដី មិនទាន់ចុះទៅដល់ជនជាតិដើមភាគតិច ដោយគិតតែរំលាយច្បាប់ចាស់ បង្កើតច្បាប់ថ្មីដែលជនជាតិដើមមិនបានទទួលដំណឹង មិនបានទទួលព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ។ អ្នកស្រីបន្តថា រហូមកដល់ពេលនេះ អ្នកដែលចេះអានអក្សរខ្លះៗ នៅតែមិនយល់ថាច្បាប់នោះ(ច្បាប់ថ្មី) ចង់ធ្វើអ្វីជាមួយជនជាតិដើមភាគតិចនោះទេ។
 
អ្នកស្រី ភីរុំ បញ្ជាក់យ៉ាងដូច្នេះ ៖«ឥឡូវនេះជនជាតិពួកខ្ញុំកំពុងរង់គ្រោះដោយសារច្បាប់ធនធានធម្មជាតិព្រៃឈើ ដែលធ្វើឱ្យជនជាតិបាត់បង់ព្រៃឈើ បាត់បង់ធនធានធម្មជាតិ។ ពួកខ្ញុំប្ដឹងគេពីបទល្មើសរបស់ជនខិលខូចទាំងអស់ហ្នឹង តែចំណាត់ការពីប្រព័ន្ធតុលាការលើជនជាតិដើមភាគតិច គឺយឺតយ៉ាវមែនទែន»។
 
ជនជាតិព្នងរូបនេះ បានសង្កាត់ធ្ងន់យ៉ាងដូច្នេះ ជនជាតិដើមភាគតិច អស់ដី អស់ព្រៃ ត្រូវជាប់គុក និងជាប់គុកហើយត្រូវបង់លុយឱ្យទៅតុលាការ និងបង់លុយឱ្យទៅបរិស្ថានដើម្បីបានរួចជីវិត។ អ្នកស្រី ភីរុំ បានបន្តថា ពួកគេនៅតែបារម្ភ ដោយសារតែការអនុវត្តច្បាប់របស់តុលាការ និងអាជ្ញាធរដែលអនុវត្តច្បាប់ផ្ទុយពីច្បាប់ដែលបានចែង។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសង្កេតឃើញថាការបង្កើតច្បាប់ផ្សេង ការអនុវត្តច្បាប់ផ្សេងសព្វថ្ងៃហ្នឹង»។
 
អ្នកស្រី ភីរុំ បានបន្ថែមថា កាលពី១០ឆ្នាំមុន ពួកគេមិនបារម្ភពីការអស់ព្រៃ អស់ដីនោះទេ ពោលគឺពួកគេរស់នៅប្រកបដោយសុខសន្តិភាព មិនដូចបច្ចុប្បន្នខុសគ្នាឆ្ងាយ ដោយជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៥មក ក្រុមហ៊ុនចូលវិនិយោគជាបន្តបន្ទាប់ មានជនខិលខូចយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈពេលដែលដីទាំងនោះពួកគេចាត់ទុកជារបស់រួម។
 
លោក លាវ ស៊ីថាផល តំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ បានលើកឡើងថា កន្លងមកពាក់ព័ន្ធបញ្ហាដែលជនជាតិដើមភាគបានលើកឡើង គឺលោករួមទាំងក្រុមការងាររបស់លោក បានចុះទៅពិនិត្យដោយផ្ទាល់ ដើម្បីស្រាវជ្រាវ ទៅលើចំណុចទាំងអស់ គឺឃើញថា ក្រុមហ៊ុនបានរក្សាទុកប័ណ្ណសម្គាល់ដី ដែលបានចេញប្លង់ដោយភូមិបាលស្រុក។
 
លោក ស៊ីថាផល បានបន្តថា៖«ខ្ញុំចុះជួបបងប្អូនជនជាតិដើមភាគតិច សួរថាដីអ្នកនេះនៅទីតាំងណា គាត់មិនអាចឆ្លើយបានទេ ព្រោះកាលពីមុនមានដើមឈើ មានព្រៃ ពួកគាត់ចាំដីរបស់ខ្លួនឯងបាន តែនៅពេលដែលគេឈូសឆាយអស់ពួកគាត់ចាំអត់បាន តែខ្ញុំទៅឆែកនៅក្រុមហ៊ុនជាក់ស្ដែក គឺក្រុមហ៊ុន គេបានចុចចំណុចនិយាមកាល ទីតាំងដីរបស់គេគឺកាន់ប្លង់ដែលភូមិបាលស្រុកបានចេញឱ្យ ដូច្នេះមិនពិបាករកទេ ព្រោះពួកខ្ញុំមានចំណុចនិយាមកាលគ្រប់អស់ហើយ»។ 
 
លោក លាវ ស៊ីថាផល បានបន្ថែមថា ​​បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់រួច នឹងលើកសំណើទៅរដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួងកសិកម្ម ដើម្បីពិនិត្យបន្តនិតិវិធីទៅមុខទៀត ពាក់ព័ន្ធកង្វល់ជនជាតិដើមភាគតិច ជុំវិញក្រុមហ៊ុន បានជួលដីឱ្យពលរដ្ឋក្នុងតំបន់ដំដុះដំណាំ ព្រមទាំងនឹងទៅពិគ្រោះជាមួយក្រុមហ៊ុននោះ ដើម្បីសុំកាន់សិទ្ធិត្រឡប់មកវិញ៕
 
 
 
 

Tag:
 ជនជាតិដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com