អន្តរជាតិ
កូរ៉េខាងត្បូងនឹងត្រូវការពលករបរទេសយ៉ាងហោច១១ម៉ឺននាក់ក្នុងឆ្នាំ២០២៣
28, Jan 2023 , 10:29 am        
រូបភាព
កូរ៉េខាងត្បូង មានគម្រោងជ្រើសរើសពលករបរទេសប្រហែល១១ម៉ឺននាក់នៅឆ្នាំ២០២៣ ឱ្យចូលធ្វើការនៅកសិដ្ឋាន និងរោងចក្ររបស់ខ្លួន។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មកូរ៉េខាងត្បូងមួយចំនួនអះអាងថាអាចត្រូវការច្រើនជាងនេះទៅទៀត ដើម្បីដំណើរការអាជីវកម្មពួកគេ។ នេះបើតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់សហព័ន្ធសហគ្រាសកូរ៉េ។



បច្ចុប្បន្នវិស័យមួយចំនួនរបស់កូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដោយសារតែយុវជនរបស់ប្រទេសនេះជាច្រើន មិនចង់ធ្វើការងារដែលកខ្វក់ និងប្រឈមគ្រោះថ្នាក់។ ទូរទស្សន៍ CNA រាយការណ៍ថា កូរ៉េខាងត្បូង អាចនឹងជ្រើសពលករចំណាកស្រុកពីបរទេសទៅ ធ្វើការក្នុងប្រទេសខ្លួនប្រហែល១១ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។ 
 
យ៉ាងណាមិញ នៅក្នុងការស្ទង់មតិថ្មីៗនេះដោយសហព័ន្ធសហគ្រាសកូរ៉េ ដែលជាបណ្ដាញអាជីវកម្មធំមួយនិងគ្រប់គ្រងប្រហែល៤០ភាគរយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កូរ៉េខាងត្បូងបានបង្ហាញថា រដ្ឋាភិបាលទីក្រុងសេអ៊ូលទំនងមិនយល់ច្បាស់ពីតម្រូវការរបស់ក្រុមអាជីវកម្មឡើយ។ ពួកគេគិតថា ពលករបរទេសថ្មី១១ម៉ឺននាក់ មិនគ្រប់គ្រាន់ដើម្បីបំពេញការងារដែលនៅសល់ឡើយ។ 
 
បើតាមអ្នកសង្កេតការណ៍មួយចំនួន បើគ្មានពលករបរទេសទាំងនេះទេ កសិដ្ឋាន និងរោងចក្រមួយចំនួនរបស់កូរ៉េខាងត្បូងនឹងគ្មានបុគ្គលិកធ្វើការ។ ជាមួយគ្នានោះ នៅពេលដែលកូរ៉េខាងត្បូងកាន់តែពឹងផ្អែកខ្លាំងឡើងលើតម្រូវការពលករចំណាកស្រុកបរទេស ការផ្ដល់សុខុមាលភាពសង្គមចំពោះកម្លាំងពលកម្ម ក៏ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់។
 
គួរបញ្ជាក់ថា ពលករចំណាកស្រុកទៅកូរ៉េខាងត្បូងសរុបដែលមានការងារធ្វើក្នុងឆ្នាំ២០២២ មានជាង ៨៤ម៉ឺននាក់ ដោយធ្លាក់ចុះ១,៤ភាគរយធៀបនឹងឆ្នាំ ២០២១។ ពលករធ្វើការកូរ៉េខាងត្បូងមកពីប្រទេសអាស៊ីភាគច្រើន ដូចជា ចិន កម្ពុជា ថៃ វៀតណាម ឥណ្ឌូណេស៊ី និងនេប៉ាល់។ កម្ពុជា​ជា​ប្រភព​ពលករ​ចំណាក​ស្រុក​ធំ​លំដាប់ទី​ពីរ​របស់​កូរ៉េ​ខាង​ត្បូង​បន្ទាប់​ពី​ចិន៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com