ជាតិ
សេដ្ឋកិច្ច
ចិនចាប់ផ្តើមធ្វើដំណើរមកខេត្តព្រះសីហនុវិញ បន្ទាប់ពីខកខានជាង៣ឆ្នាំព្រោះកូវីដ ជនជាតិចិនមួយក្រុមបានធ្វើដំណើរមកដល់កម្ពុជាលើកដំបូង ក្រោយខកខានអស់ពេលអស់ជាងបីឆ្នាំដោយសារតែការរាលដាលជំងឺកូវីដ
× ទេសចរនិងវិនិយោគិនជនជាតិចិន ចាប់ផ្តើមធ្វើដំណើរដោយហោះត្រង់មកកាន់ខេត្តព្រះសីហនុវិញ បន្ទាប់ពីខកខានអស់រយៈពេលជាងបីឆ្នាំ ដោយសារតែការរាលដាលជំងឺកូវីដ-១៩។ ថ្ងៃទី២៧មករា ម្សិលមិញ មានយន្តហោះមួយគ្រឿងបានដឹកអ្នកទេសចរ និងអ្នកវិនិយោគសរុប១០៤នាក់ ពីខេត្តយូណាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។
ការមកដល់នូវភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិនេះ មានការស្វាមគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកខាងអាជ្ញារធរខេត្ត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសក្រសួងទេសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិកងកេង នៅខេត្តព្រះសីហនុ ផ្ទាល់តែម្តង។ កម្ពុជាមានការរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កា ផងដែរ។
នាឱកាសទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក ផងដែរ។
បើតាមលោក សារុន ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគិនជនជាតិចិន ដែលមកដល់កម្ពុជានេះ មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ-១៩ឡើយ។ មានន័យថា អ្នកទាំងនោះគឺអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេស។
កាលពីថ្ងៃទី១១មករា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ សម្រាប់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ ជាមួយនឹងចំណូលដែលចាក់ក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណ៤ពាន់លានដុល្លារអាម៉េរិក។ លោកបានបញ្ជាក់ថាក្នុងចំណោមទេសចរទាំង៤លាននាក់នេះ គឺមានទេសចរជនជាតិចិនយ៉ាងតិច១លាននាក់។ ក្តីរំពឹងនេះ ត្រូវបានបង្ហាញឡើងបន្ទាប់ពី ប្រទេសចិនប្រកាសដកចេញនូវ«គោលនយោបាយគ្មានកូវីដ« (Zero-Covid Policy) កាលពីថ្ងៃទី៨មករា។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ២,២លាននាក់ បើធៀបឆ្នាំ២០២១ គឺមានភ្ញៀវទេសចរអន្តរជាតិត្រឹម២០ម៉ឺននាក់ប៉ុណ្ណោះមកកម្ពុជា។ ចំណែកឯ ភ្ញៀវទេសចរផ្ទៃក្នុងដែលធ្វើដំណើរក្នុងប្រទេសមានក្នុងរង្វង់ពី១៤លាននាក់ ដែលមានកំណើនខ្លាំងលើសពីចំនួនមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com