ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ អាជ្ញាធរ​សង្កាត់សំរោង យកចិត្តទុកដាក់ខ្លាំងចំពោះសុវត្ថិភាព​​ស្រ្តី និងយុវតី​ ពេល​ធ្វើដំណើរយប់​
28, Jan 2023 , 11:59 am        
រូបភាព
ដោយ៖ ផល សម្ផស្ស(យុវជនសង្កាត់សំរោង)
 
ក្រុងសំរោង, ឧត្តរមានជ័យ៖ ​ការធ្វើដំណើររបស់ស្រ្តីឬយុវតី នៅពេលយប់ ត្រូវបានលោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង យកចិត្តទុកដាក់ខ្លាំងជាពិស​សេសនៅពេលដែលពួកគេ ធ្វើ​ដំណើរពេលយប់។ មេប៉ុស្ដិ៍សង្កាត់សំរោង បានអះអាងថា ដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងសង្កាត់មិនថាស្រ្តី ​យុវតី និងកុមារនោះទេ លោក អឿន ពៀត បានចាត់កម្លាំងសមត្ថកិច្ច ឱ្យល្បាតនិងជួយសម្រួលចរាចរណ៍ នៅតាមទីប្រជុំជននានា។

 
លោក អឿន ពៀត បានបញ្ជាក់ថា៖ «ខ្ញុំ​ឱ្យសមត្ថកិច្ចចាំឃ្លាំមើល ក្មេងទំនើងក្មេងស្ទាវ កុំឱ្យស្ទាក់ធ្វើបាបសិស្សសាលា និងស្រ្តី ជាពិសេសពេលពួកគាត់ចេញពីរៀនយប់ព្រលប់និងធ្វើដំណើរពេលយប់ម្នាក់ឯង តាមផ្លូវស្ងាត់។»។
 

លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង

បើទោះបីជាបច្ចុប្បន្ន លោកមិនដែលទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងករណីបៀតបៀនលើស្ត្រី និងកុមារមែន ប៉ុន្តែលោកបានស្នើឱ្យប្រជាពលរដ្ឋ ពិសេសស្ត្រី យុវតី បង្កើនការប្រុងប្រយ័ត្ន ចំពោះហានិភ័យដែលអាចកើតឡើងនៅពេលធ្វើដំណើរ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬករណីចោរកម្មជាដើម។​​ ទន្ទឹមនឹងនេះ លោក អឿន ពៀត ស្វាគមន៍រាល់សំណូមពរ និងការស្នើសុំជំនួយពីកម្លាំងប៉ុស្តិ៍ ពាក់ព័ន្ធនឹងការបង្កើនសុវត្ថិភាពដល់ស្រី្ត និងកុមារជានិច្ច។
 
«ដំណើរពេលយប់ ឬពេលថ្ងៃ មិនអាចស្មានដឹងថា នឹងមានរឿងអ្វីកើតឡើងនោះទេ ដូច្នេះស្ត្រី និងកុមារ ដែលមានសម្ភារសំខាន់ៗដាក់ជាប់ខ្លួនដូចជា លុយ ខ្សែក ខែ្សដៃ មាស ពេជ្រ និងរបស់របរផ្សេងៗទៀត ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ កុំនាំគ្នាពាក់បង្ហាញតាមទីសារធាណៈ ព្រោះយើងមើលមិនដឹងថាចោរនៅជិត ឬឆ្ងាយឡើយ»។ លោក អឿន ពៀត បញ្ជាក់ដូច្នេះហើយបន្តថា ទោះបីបច្ចុប្បន្ន ប៉ុស្តិ៍នគរបាលសង្កាត់សំរោង មានកម្លាំងសមត្ថកិច្ចមិនទាន់គ្រប់គ្រាន់ក្ដី ប៉ុន្តែមេលោក អឿន ពៀត បានតាំងចិត្តខិតខំបម្រើសេវា និង​បង្កើនការធានាសុវត្ថិភាព​ជូនពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើបាន៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប
និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សុវត្ថិភាព
  ស្ត្រី
 កុមារ
 យុវតី
  ឧត្ដរមានជ័យ
  សង្កាត់សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com