ជាតិ
សេដ្ឋកិច្ច
បំណុលឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា​ឡើងដល់ ៥៦ពាន់លានដុល្លារ
28, Jan 2023 , 6:59 pm        
រូបភាព
ឥណទានរបស់វិស័យឯកជនក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបានឡើងដល់ ៥៦,១ពាន់លានដុល្លារ)ក្នុងឆ្នាំ២០២២។ ទំហំនេះបានកើនក្នុងអត្រា២០,២ភាគរយ ធៀបនឹងឆ្នាំ២០២១ មានបំណុលឯកជនមាន​៤៥,៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា(NBC)។​


 
ក្នុងចំណោមបំណុលឯកជនសរុបទាំង៥៦,១ពាន់ដុល្លារនៅក្នុងប្រព័ន្ធធនាគារកម្ពុជាខាងនេះ គឺមាន៤៦ពាន់លានដុល្លារនៅគ្រឹះស្ថានធនាគារ កើន១៩,៣ភាគរយ និង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន៩,៧ពាន់ដុល្លារ កើនក្នុងអត្រា២៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ ធនាគារជាតិ​បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា ការកើនឡើងនូវបំណុលឯកជននេះ គឺដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានរបស់អតិថិជន។ 

បំណុលឯកជននៅតាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិនៅប្រព័ន្ធធនាគារ គឺមាន​ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនចំនួន១៤ភាគរយ, ការជួញដូរអចលនទ្រព្យចំនួន៩ភាគរយ, សំណង់ចំនួន៩ភាគរយ, ការជួញដូររាយមាន១៦ភាគរយ, ការជួញដូរធំមាន១០ភាគរយ, វិស័យកសិកម្មមាន៨ភាគរយ, ការឱ្យខ្ចីជាបុគ្គលមាន១០ភាគរយ និងវិស័យកម្មន្តសាលមាន៤ភាគរយ...ផងដែរ។ បើតាមធនាគារជាតិ។
 
ជុំវិញនៃបំណុលឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជានេះ លោក វង្សី វិស្សុត​ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវក្តីបារម្ភចំពោះវិស័យមួយចំនួនដែលអាចរងផលប៉ះពាល់ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក្នុងបរិការណ៍ដែលអត្រាការប្រាក់កំពុងកើនឡើងខ្ពស់។
 

 លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

«ទំហំនៃបំណុលឯកជននៅក្នុងប្រព័ន្ធធនាគាររបស់យើងឡើងដល់១៨០ភាគរយនៃGDP ដែលលើសពីតួលេខធម្មតា»។ លោក វង្សី វិស្សុត ថ្លែងបែបនេះក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣»នៅសណ្ឋាគារសូហ្វីតែលនាថ្ងៃទី២៥មករា។ ជាធម្មតាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា បំណុលវិស័យឯកជនក្នុងប្រព័ន្ធធនាគានេះមានប្រមាណ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ប៉ុណ្ណោះ ហើយនៅតំបន់អាស៊ានវិញ បំណុលឯកជនមានត្រឹម១១០ភាគរយនៃGDP។ ប៉ុន្តែ សម្រាប់កម្ពុជា គឺលើលគេទាំងអស់ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្រិតបំណុលឯកជនខ្ពស់​។ 
 
បើតាមលោករដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើននៃបំណុលឯកជននេះ គឺមានមុខពីរ។ លោកបន្តថា៖« ម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀតបង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសវិស័យសំណង់ និង អចលនទ្រព្យនេះឯង»។ 
ជាជម្រើសកម្ពុជា គឺមិនអាចឱ្យវិស័យសំណង់ដួលបានឡើយ ព្រោះវាចន្ទោលសេដ្ឋកិច្ចមួយយ៉ាងធំដែលរួមចំណែកប្រមាណ១០ភាគរយនៃGDPជាតិ។ បច្ចុប្បន្ន​ រដ្ឋាភិបាលកំពុងរកដំណោះស្រាយលើញ្ហាជាប់គាំងសំណង់ ជាពិសេសសំណង់នៅខេត្តព្រះសីហនុ ដែលមានដល់ប្រមាណ១២០០កន្លែង ដើម្បីធ្វើយ៉ាងម៉េចកុំវាឱ្យហានិភ័យនេះធ្លាក់ក្នុងវិបត្តិ។​ សម្រាប់លោក វង្សី វិស្សុត វិបត្តិដែលនឹងអាចកើតឡើងនៅកម្ពុជានោះគឺ Credit Crunch (ការខ្វះឥណទាន ឬ ការធ្លាក់ចុះឥណទាន ឬ វិបត្តិឥណទាន) នៅក្នុងវិស័យសំណង់។ 
 
លោកវង្សី វិស្សុត បាននិយាយដូច្នេះ៖«យើងមានហើយកន្លែងត្រូវដោះស្រាយ ដែលធ្វើម៉េចកុំឱ្យហានិភ័យនេះ រីករាលទៅដល់ជាគ្រោះថ្នាក់ ព្រោះវានៅជាហានិភ័យទេ! ហានិភ័យធំរបស់យើងគឺ Credit Crunch។ ដូច្នេះយើងឃើញមានបញ្ហាហើយ ដែលឥឡូវនេះជាការចាំបាច់យើងត្រូវអង្គុយដោះស្រាយជាមួយគ្នា»។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ បញ្ហាជាប់គាំងសំណង់នៅខេត្តព្រះសីហនុ គឺមានស្ថាប័នរដ្ឋធំចំនួន៣ ដែលត្រូវចូលដោះស្រាយជាមួយវិស័យឯកជន។ ក្នុងនោះមានខាងអគ្គនាយកដ្ឋានពន្ធដារ, អាជ្ញាធរអចលនទ្រព្យនិងសាងសង់ រួមទាំងខាងធនាគារជាតិនៃកម្ពុជា​ត្រូវជជែកគ្នាជាមួយសមាគមអភិវឌ្ឍន៍លំនៅដា្ឋន និងអចលនទ្រព្យ និងភាគីពាក់ព័ន្ធដើម្បីរករូបមន្តដោះស្រាយបញ្ហាទាំងអស់នេះ។
 
«យើងត្រូវតែមានគោលការណ៍យុតិ្តធម៌ក្នុងការដោះស្រាយ ប៉ុន្តែក្នុងគោលដៅធ្វើម៉េច​កុំឱ្យវិស័យសំណង់នេះជា វា Crunch »។ លោក រង្សី វិស្សុត បានសង្កត់ធ្ងន់បែបនេះសម្រាប់ការដោះស្រាយបញ្ហាជាប់គាំងសំណង់នៅកម្ពុជា៕  
 

Tag:
 បំណុល
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com