កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែនអាចដកខ្លួនពីអូឡាំពិកប៉ារីស បើរុស្ស៊ី និងបេឡារុសមានសិទ្ធិចូលប្រកួតប្រជែងវិញ 
×![]()
អ៊ុយក្រែនព្រមានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ ប្រសិនបើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រេចបើកផ្លូវឱ្យអត្តពលិករុស្ស៊ីនិងបេឡារុសចូលរួមប្រកួតឡើងវិញបាន។
អត្តពលិក ក៏ដូចជាសហព័ន្ធអូឡាំពិកប្រទេសរុស្ស៊ី និងបេឡារុសធ្លាប់ត្រូវបានហាមឃាត់ពីសំណាក់ IOC ទាក់ទងទៅនឹងនឹងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិនានាបន្ទាប់ពីពេលដែលប្រទេសរុស្ស៊ីបានបើកការឈ្លានពានចូលក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ កន្លងមក។ មកដល់បច្ចុប្បន្នសង្គ្រាមអ៊ុយក្រែនបានអូសបន្លាយមានរយៈពេល១១ខែរួចមកហើយគិតមកដល់ពេលនេះ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃគណៈកម្មាធិការអូឡាំពិកអត្តរជាតិ IOC ព្រមទាំងសមាជិកដ៏មានឥទ្ធិពលមួយចំនួនបានបង្ហាញចេតនារក្សាការប្រឆាំងទៅនឹងប្រទេសទាំងពីរដែលបានហាមឃាត់នោះមុនការប្រកួតព្រឹត្តិការណ៍ដ៏ធំនៅឆ្នាំ២០២៤ មកដល់។ ប៉ុន្តែ IOC និងសមាជិកបែរជាលើកឡើងថានឹងស្វែងរកឱកាសសម្រាប់អត្តពលិកមកពីប្រទេសទាំងពីរដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសក្រោមទង់ជាតិអព្យាក្រឹតឬទង់អូឡាំពិក។
អត្តពលិករុស្ស៊ី និងបេឡារុសទទួលបានការអនុញ្ញាតពី IOC ឱ្យវិលមកកាន់ការប្រកួតនៅក្នុងតំបន់អាស៊ីឡើងវិញ។ការសម្រេចនេះបានរងនូវការរិះគន់យ៉ាងខ្លាំងខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យរក្សាគោលជំហរហាមឃាត់អត្តពលិកនេះឱ្យនៅដដែល។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែនលោក Vadym Guttsait ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែមករាដើម្បីបង្ហាញជំហរផ្លូវការរបស់អ៊ុយក្រែនទៅលើបញ្ហាដែលបានកើតមានឡើងនេះ។
«ជំហររបស់យើងនឹងមិនត្រូវបានផ្លាស់ប្តូរទេដរាបណាសង្គ្រាមនៅតែបន្តកើតមានក្នុងអ៊ុយក្រែន។ អត្តពលិករុស្ស៊ី និងបេឡារុសគួរតែមិនអាចចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិនានា ប្រសិនបើយើងមិនបានដឹងឮយើងក៏មិនច្រានចោលលទ្ធភាពដែលយើងនឹងធ្វើពហិការ និងបដិសេធមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនោះទេ។»។ លោក Guttsait បានសរសេរបង្ហោះបែបនេះ។
លោក Guttsait មិនត្រឹមតែជារដ្ឋមន្រ្តីកីឡាប្រចាំអ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែលោកក៏ជាប្រធានគណៈកម្មាធិការអូឡាំពិករបស់អ៊ុយក្រែនផងដែរ។
ម្យ៉ាងវិញទៀតរដ្ឋមន្រ្តីរូបនេះក៏បានបង្ហើបថា ការធ្វើពហិការ និងការបដិសេធមិនចូលរួមនេះបានឆ្លងកាត់ការពិភាក្សាយោបល់ជាមួយសហព័ន្ធកីឡាដែលពាក់ព័ន្ធរួចរាល់អស់ហើយ
សម្រាប់ការមិនចូលរួមប្រកួតនៅទីក្រុងប៉ារីសឆ្នាំ ២០២៤៕
Tag:
Olympic Paris 2024
Olympic
© រក្សាសិទ្ធិដោយ thmeythmey.com