ជាតិ
អ្នកភូមិអង្គរបន្តប្រពៃណីឡើងមាឃ ឬឡើងអ្នកតានៅគុហ៍តារាជប្រាសាទអង្គរវត្ត
28, Jan 2023 , 3:29 pm        
រូបភាព
ពិធីឡើងអ្នកតានៅតារាជ ប្រាសាទអង្គរវត្ត
ពិធីឡើងអ្នកតានៅតារាជ ប្រាសាទអង្គរវត្ត
សៀមរាប៖ ពិធីឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមមួយរបស់ពលរដ្ឋរស់នៅតំបន់អង្គរ។ រាល់ថ្ងៃ៣កើត ខែមាឃ ចាស់ទុំក្មេងចាស់ប្រុសស្រី បានជួបជុំគ្នារៀបចំម្ហូបអាហារ គ្រឿងសំណែនចម្រុះ បាយសី។ល។ ដើម្បីរៀបចំពិធីនៅតាមរោងអ្នកតាក្នុងភូមិ។


 
នៅគុហ៍តារាជ ដែលអ្នកភូមិតំបន់អង្គរគោរពសក្ការៈ និងចាត់ទុកជាព្រះភូមិ ក៏មានរៀបចំពិធីនេះអធិក ផងដែរ។ អ្នកភូមិបានរៀបចំអាសនៈថ្វាយតារាជ មានអាចារ្យ និងភ្លេងលេងថ្វាយផងដែរ។ល។
 


ចាស់ព្រឹទ្ធចារ្យរស់នៅជិតអង្គរ គឺលោកយាយ ប៉ុក អាយុ៧០ឆ្នាំ បានចូលរួមពិធីឡើងអ្នកតា នារសៀលថ្ងៃទី២៤ មករា នៅគុហ៍តារាជ ពេលនោះដែរ។ អ្នកភូមិត្រពាំងសេសរូបនេះ មិនដែលខាន រៀបចំពិធីនេះឡើង និងបានដឹងបានឃើញចាស់ទុំធ្វើពិធីនេះតាំងពីលោកយាយដឹងក្ដីមកម្ល៉េះ។ 
 
សម្រាប់តារាជនេះ លោកយាយ ប៉ុក ប្រាប់ថា អ្នកភូមិចាត់ទុកដូចជាម្ចាស់ទឹកម្ចាស់ដី ថែរក្សាភូមិឋាន និងថែរក្សាប្រាសាទអង្គរវត្ត។ ពិធីឡើងមាឃនេះ ត្រូវបានអ្នកភូមិគោរពប្រណិប័តន៍តៗគ្នា ក្នុងបំណង ដើម្បីសុំសេចក្ដីសុខ បញ្ជៀសជំងឺឈឺថ្កាត់នានា ហើយពិធីនេះធ្វើក្រោយពិធីច្រូតចាត់ និងត្រៀមសម្រាប់ រដូវធ្វើស្រែឆ្នាំថ្មី។


 សំណែនក្នុងពិធីឡើងអ្នកតា
 
ម្ហូបអាហារក្នុងពិធីឡើងមាឃនេះមានចម្រុះ មានគ្រឿងភេសជ្ជៈ បាយ សម្ល បារី ក្បាលជ្រូក មាន់ស្ងោរ ។ល។ ហើយអ្វីដែលខ្វះមិនបានក្នុងពិធីនេះ គឺស្រា និងនំបញ្ចុកសម្លខ្មែរ។
 
ក្រៅពីនៅគុហ៍តារាជ ប្រាសាទអង្គរវត្ត អ្នកភូមិនៅតាមតំបន់ដទៃទៀតក្នុងរមណីយដ្ឋានអង្គរ ក៏រៀបចំពិធីនេះដែរ តួយ៉ាងនៅភូមិនគរក្រៅ ប្រាសាទវត្តអាធ្វារ កំពង់ភ្លុក។ល៕
 

Tag:
 ពិធីឡើងអ្នកតា
  ឡើងមាឃ
  អ្នកភូមិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com