លោកស្រី Supitr Samahito អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជានាយរងបេសកកម្មថៃ វាយតម្លៃខ្ពស់ចំពោះការរៀបចំទទួលរបស់ម្ចាស់ផ្ទះកម្ពុជា ដែលគួររៀនសូត្រតាម។ លោកស្រីថា កម្ពុជាពិតជាបានពញ្ញាក់អារម្មណ៍សមាជិកគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈការត្រៀមលក្ខណៈផ្សេងៗក្នុងនាមជាម្ចាស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
បើគិតចាប់តាំងពីឆ្នាំ១៩៥៩មក ថៃ បានរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ ចំនួន៦លើករួចមកហើយ។ នៅឆ្នាំ២០២៥ ប្រទេសជិតខាងមួយនេះ នឹងបន្តភារកិច្ចបន្ទាប់ពីកម្ពុជា។ «ក្នុងនាមជាម្ចាស់ផ្ទះបន្តវេនពីកម្ពុជា ខ្ញុំបានរៀនសូត្រច្រើន។ និយាយពីបរិយាកាសក្នុងបន្ទប់ប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍២០២៣ គឺពិតជាស្រលាញ់មែនទែន សាមញ្ញតែមានភាពកក់ក្តៅ ថ្លៃថ្នូរ និងការរៀបចំមានរបៀបរៀបរយល្អ»។ លោកស្រី Supitr Samahito លើកឡើងដូច្នេះក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្ម ថ្ងៃទី២៥ ខែមករា។

លោកស្រី Supitr Samahito នាយបេសកកម្មរង NOC ប្រទេសថៃ ក្នុងកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ នៅកម្ពុជា។ រូបពី CAMSOC
នាយរងបេសកកម្ម NOC ថៃ រូបនេះ បានមើលឃើញពីភាពអស្ចារ្យរបស់កម្ពុជា ក្នុងការរៀបចំពិធីរាប់ថយក្រោយ១០០ថ្ងៃ ដើម្បីរំលឹកពីការមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ លោកស្រីបញ្ជាក់ថា៖ «ពិធីរាប់ថយក្រោយ១០០ថ្ងៃរបស់កម្ពុជា បានយកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូលទៅសម្តែងលើឆាក និងការអញ្ជើញនាយបេសកកម្ម NOC ទាំង១០ប្រទេសចូលរួមជាការបញ្ជាក់ពីភាពសាមគ្គីរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ យើងនឹងព្យាយាមធ្វើយ៉ាងណាឱ្យមានកម្មវិធីស្រដៀងគ្នានឹងពិធីបិទ ដើម្បីទទួលទង់ស៊ីហ្គេមបន្តពីកម្ពុជា»។
មន្រ្តីបេសកកម្មជាន់ខ្ពស់របស់ប្រទេសថៃ រូបនេះក៏មានការភ្ញាក់ផ្អើលអំពីការរៀបចំបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះកម្ពុជាផងដែរ ខណៈការប្រកួតកីឡាស៊ីហ្គេម២០២៣ នឹងមកដល់នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ។
«ពិធីរត់ភ្លើងគប់ ទៅបណ្តាប្រទេសទាំង១០ ចំណុចនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កម្ពុជា គឺបានពញ្ញាក់អារម្មណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍របស់យើងថា ស៊ីហ្គេមជិតមកដល់ហើយ។ អ៊ីចឹង!ថៃគួតែធ្វើឱ្យស្រដៀងនឹងការរៀបចំរបស់កម្ពុជា ខ្ញុំបានរៀនសូត្រច្រើនពីការរៀបចំមុនស៊ីហ្គេម នៅកម្ពុជាទម្រាំហ្គេមដល់ខ្ញុំគិតថាទទួលបានបទពិសោធច្រើន សម្រាប់អនុវត្តនៅប្រទេសថៃ ត្រៀមធ្វើជាម្ចាស់ផ្ទះបន្តវេនពីកម្ពុជា»។ លោកស្រី Supitr Samahito នាយបេសកកម្មរង NOC ថៃ បញ្ជាក់ដូច្នេះ។
គួបញ្ជាក់ថា កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ ធ្វើនៅសណ្ឋាគារហ្គាឌិនស៊ីតធី រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយមានប្រទេស១០ ចូលរួមក្នុងនោះកម្ពុជា(ម្ចាស់ផ្ទះ) ថៃ,ឡាវ, វៀតណាម, ហ្វីលីពីន, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ព្រុយណេ, ទីម័រខាងកើត, មីយ៉ាន់ម៉ា និងសឹង្ហបុរី ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ(២៥-២៦ ខែមករា ឆ្នាំ២០២៣)៕