អន្តរជាតិ
អាម៉េរិក និងអឺរ៉ុប ចុះកិច្ចព្រមព្រៀងបញ្ញាសិប្បនិម្មិតលើកដំបូងដើម្បីជំរុញកិច្ចការរដ្ឋាភិបាល
28, Jan 2023 , 4:59 pm        
រូបភាព
អាម៉េរិក និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៧ ខែមករា បានប្រកាសកិច្ចព្រមព្រៀងដំបូងមួយជាមួយគ្នាដើម្បីពន្លឿន និងបង្កើនការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការជំរុញវិស័យកសិកម្ម ការថែទាំសុខភាព ការឆ្លើយតបបន្ទាន់ ការព្យាករណ៍អាកាសធាតុ និងបណ្តាញអគ្គិសនី។



ស្របពេលបច្ចុប្បន្នដែលបញ្ញាសិប្បនិម្មិតក្លាយជាផ្នែកសំខាន់មួយក្នុងគ្រប់គ្រងប្រទេស អាម៉េរិក និងសហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងបញ្ញាសិប្បនិម្មិត (AI) លើកដំបូងដែលផ្ដោតលើវិស័យកាន់តែទូលំទូលាយ។ ពីមុន កិច្ចព្រមព្រៀងបែបនេះ ត្រូវបានកំណត់ចំពោះតែផ្នែកជាក់លាក់ដូចជាការពង្រឹងឯកជនភាពប៉ុណ្ណោះ។
 
កិច្ចព្រមព្រៀង AI នេះ នឹងប្រើទិន្នន័យចាស់ដើម្បីសម្រេចបានលទ្ធផលដែលសមស្របថ្មី សំដៅកែលម្អល្បឿន និងប្រសិទ្ធភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់រដ្ឋាភិបាល។ បើតាមមន្រ្តីអាម៉េរិក កិច្ចព្រមព្រៀងដដែល នឹងគ្រប់ដណ្ដប់លើវិស័យជាច្រើនរួមមានការកែលម្អវិស័យកសិកម្ម ការថែទាំសុខភាព ការឆ្លើយតបបន្ទាន់ ការព្យាករណ៍អាកាសធាតុ និងបណ្តាញអគ្គិសនី។
 
ជុំវិញបញ្ហាបណ្តាញអគ្គិសនី ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្ដីមន្រ្តីថា អាម៉េរិកអាចប្រើបញ្ញាសិប្បនិម្មិតដើម្បីជួយប្រមូលទិន្នន័យអំពីរបៀបប្រើប្រាស់អគ្គិសនី កន្លែងផលិត និងរបៀបធ្វើឱ្យមានតុល្យភាពនៃបណ្តាញអគ្គិសនី ដើម្បីកុំឱ្យការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់បណ្តាញចែកចាញអ៊ីនធឺណិត។
 
ចំណែក បណ្ដាប្រទេសជាសមាជិក EU ក៏នឹងមានទិន្នន័យស្រដៀងគ្នាដែលពួកគេប្រមូលបានទាក់ទងនឹងបណ្តាញអគ្គិសនីរបស់ពួកគេផ្ទាល់។ ក្រោមភាពជាដៃគូថ្មី ទិន្នន័យទាំងអស់នឹងត្រូវបានបញ្ចូលទៅក្នុងគំរូ AI ទូទៅមួយ ដែលនឹងជួយបង្កើតឱ្យមានលទ្ធផលល្អប្រសើរសម្រាប់អ្នកគ្រប់គ្រងគ្រាអាសន្ន ប្រតិបត្តិករ និងស្ថាប័នដទៃទៀតដែលពឹងផ្អែកលើ AI ដើម្បីកែលម្អប្រព័ន្ធអគ្គិសនី។
 
បើតាមប្រភពដដែល ប្រទេសផ្សេងទៀតនឹងត្រូវអញ្ជើញឱ្យចូលរួមកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗខាងមុខផងដែរ៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com