អន្តរជាតិ
កូរ៉េខាងជើង ថ្កោលទោសអាម៉េរិកដែលផ្ដល់រថក្រោះដល់អ៊ុយក្រែន
28, Jan 2023 , 6:29 pm        
រូបភាព
កូរ៉េខាងជើងបានថ្កោលទោសអាម៉េរិកចំពោះការសន្យាផ្ដល់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន។ ក្នុងសាររបស់ប្អូនស្រីមេដឹកនាំកំពូលប្រទេសនេះដែលត្រូវបានផ្សាយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី២៨ ខែមករា ទីក្រុងវ៉ាស៊ីនតោនបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមបន្ថែមទៀត​ដើម្បីបង្ហាញអនុត្តរភាពដោយប្រើប្រាស់អ៊ុយក្រែនធ្វើសង្រ្គាមជាមួយរុស្ស៊ី។



ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន គឺលោកស្រី គីម យ៉ូចុង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២៨ ​ខែមករាបានលើកឡើងថា កូរ៉េខាងជើងនឹងឈរលើជំហរដូចគ្នាជាមួយរុស្ស៊ីប្រឆាំងនឹងអាម៉េរិក។ 
 
«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាម៉េរិកដែលបង្កើនភាពតានតឹងក្នុងស្ថានភាពសង្រ្គាម ដោយការផ្តល់ឱ្យអ៊ុយក្រែននូវអាវុធសម្រាប់ធ្វើការវាយប្រហារ»។ លោកស្រី គីម យ៉ូចុង បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍ដដែល។ លើសពីនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា អាម៉េរិកនិងបណ្តាប្រទេសលោកខាងលិចគ្មានសិទ្ធិក្នុងការហាមឃាត់រដ្ឋអធិបតេយ្យពីការអនុវត្តសិទ្ធិការពារខ្លួននេះទេ។ 
 
ការលើកឡើងរបស់លោកស្រីគីមនេះបានកើតឡើងបន្ទាប់ពី អាម៉េរិកនៅសប្តាហ៍នេះ បានលើកឡើងថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវរថក្រោះប្រយុទ្ធទំនើបបំផុតចំនួន៣១គ្រឿង បន្ទាប់ពីអាល្លឺម៉ង់បានប្រកាសផ្គត់ផ្គង់អាវុធស្រដៀងគ្នានេះ។​
 
នេះមិនមែនជាលើកដំបូងឡើយដែលទីក្រុងព្យុងយ៉ាងរិះគន់ទីក្រុងវ៉ាស៊ិនតោនចំពោះអ្វីដែលកើតឡើងនៅអ៊ុយក្រែនចំពោះមុខការឈ្លានពានរបស់រុស្ស៊ី៕
 

Tag:
 កូរ៉េខាងជើង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com