អន្តរជាតិ
Bloomberg៖ ជប៉ុននិងហូឡង់ចូលជាមួយអាមេរិករឹតបន្ដឹងការនាំចេញម៉ាស៊ីន​ផលិតបន្ទះឈីបទៅ​ចិន
28, Jan 2023 , 7:29 pm        
រូបភាព
ជប៉ុន និងហូឡង់នឹងចូលរួមជាមួយអាមេរិកនៅពេលឆាប់ៗនេះក្នុងការរឹតត្បិតការនាំចេញ​ឧបករណ៍​ផលិតបន្ទះឈីបទៅចិន។ ចំណាត់ការបែបនេះអាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនអេឡិចត្រូនិក​នៅ​ប្រទេសទាំងពីរដែលជាអ្នកនាំចេញដ៏ធំ។ នេះបើយោងតាមរបាយការណ៍កាសែត Bloomberg ដែល​បានចេញផ្សាយនៅថ្ងៃទី២៧ ខែមករា។

 
ការឯកភាពគ្នាដែលនឹងឈានដល់ការចេញវិធានការខាងមុខ ធ្វើឡើងក្រោមជំនួបមេដឹកនាំជប៉ុន និង​ហូឡង់ថ្ងៃទី២៧ ខែមករា។ បើតាម Bloomberg ហូឡង់បានដាក់កម្រិតក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប ASML Holding NV ពីការលក់គ្រឿងម៉ាស៊ីនទៅចិនដែលអាចផលិត​ប្រភេទបន្ទះឈីបទំនើបៗ ហើយជប៉ុនក៏នឹងដាក់កំហិតស្រដៀងគ្នាលើក្រុមហ៊ុនបច្ចេកវិទ្យា Nikon Corp ផងដែរ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Seiji Kihara បាននិយាយថា ជប៉ុន​នឹង​អនុវត្ដ​ជំហាន​សម​ស្របដោយផ្អែកលើវិធានការណ៍ច្បាប់របស់អាមេរិកនិងប្រទេសដទៃទៀត។ លោក​បាន​បដិសេធ​ក្នុង​ការអធិប្បាយ​បន្ថែម​​នៅ​ពេល​សួរ​អំពី​របាយការណ៍​ខាងលើនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី២៧ ខែមករា
 
ឯក្រសួងការបរទេសហូឡង់បានបដិសេធការអត្ថាធិប្បាយណាមួយលើបញ្ហានេះ។ នាយករដ្ឋមន្ត្រី​ហូឡង់ Mark Rutte ធ្លាប់បាននិយាយថា លោករំពឹងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក និង សម្ព័ន្ធមិត្តផ្សេងទៀតលើការគ្រប់គ្រងដ៏តឹងរ៉ឹងមួយ ប៉ុន្តែហូឡង់នឹងមិនគ្រាន់តែអនុម័តតាមច្បាប់របស់​អាមេរិកនោះទេ។ 
 
ទោះជាយ៉ាងណា ជំហររបស់ហូឡង់ និងជប៉ុនលើការត្រួតពិនិត្យការនាំចេញកាន់តែតឹងរ៉ឹងលើចិន ជា ការឈ្នះផ្នែកការទូតដ៏សំខាន់មួយសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ កាល​ពី​ខែ​តុលា ឆ្នាំ២០២២ លោក បៃឌិន បានប្រកាសពីការរឹតបន្តឹងលើការចូលប្រើប្រាស់របស់ទីក្រុង ប៉េកាំង​ចំពោះបច្ចេកវិទ្យាផលិតបន្ទះសៀគ្វីរបស់អាមេរិកដើម្បីពន្យឺតការជឿនលឿនផ្នែកបច្ចេកវិទ្យា និង​យោធារបស់ក្រុងប៉េកាំងដែលកំពុងទៅមុខយ៉ាងរហ័ស។
 
ជុំវិញរឿងនេះ សាស្ត្រាចារ្យសាកលវិទ្យាល័យ Meisei លោក Masahiko Hosokawa និងជាអតីត អគ្គនាយកនៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបាននិយាយថា ខណៈពេល ដែល​ក្រុមហ៊ុន Nikon អាចរងផលប៉ះពាល់ ក្រុមហ៊ុនជប៉ុនដែលទំនងត្រូវប៉ះពាល់ ដោយការរឹតបន្តឹងថ្មី គឺ​ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន Tokyo Electron ដែលពឹងផ្អែកលើទីផ្សារចិនប្រហែលមួយ​ភាគ​បួន​នៃ​ការ​លក់​របស់ខ្លួន៕
 

Tag:
 ជប៉ុន
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com