FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាម Cavani និងកីឡាករអ៊ុយរូហ្គាយ៣នាក់ទៀត ដែលប្រើចរិតមិនល្អនៅ World Cup កាតា
29, Jan 2023 , 9:59 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៧ ខែមករា ហាមកីឡាករអ៊ុយរូហ្គាយ ៤ នាក់ ដែលរួមទាំងកីឡាករ Edinson Cavani និង Diego Godin ក្នុងការប្រកួតមួយចំនួន ដោយសារឥរិយាបថមិនសមរម្យរបស់ពួកគេអំឡុងប្រកួត FIFA World Cup ឆ្នាំ២០២២ ទល់ក្រុមហ្គាណា។



មិនត្រឹមហាមប្រាមកីឡាករ Cavani, Godin, Jose Maria Gimenez និងអ្នកចាំទី Fernando Muslera ស្ថាប័ន FIFA ក៏បានពិន័យសហព័ន្ធកីឡាបាល់ទាត់អ៊ុយរូហ្គាយចំនួន៥៤២៤៨ដុល្លារ និងបិទទ្វាកីឡដ្ឋានសម្រាប់ជំនួបក្នុងដីរបស់អ៊ុយរូហ្គាយមួយប្រកួតផងដែរ។ ការដាក់ពិន័យនេះ កើតឡើងដោយសារអ្នកទាំង៤ ប្រើអាកប្បកិរិយារើសអើងអ្នកគាំទ្រ និង ការប្រព្រឹត្តមិនត្រឹមត្រូវ ក្នុងនាមជាកីឡាករអាជីព។
 
ក្រុមអ៊ុយរូហ្គាយ មានការខឹងសម្បារចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលអំឡុងពួកគេឈ្នះហ្គាណា ២-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយក្នុងប្រទេសកាតា កាលពីខែធ្នូកន្លងទៅ។
អ៊ុយរូហ្គាយត្រូវការ​ជ័យ​ជម្នះ​ ៣-០​ ដើម្បីជួយពួក​គេ​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយពានរង្វាន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ធ្លាក់​ចេញ​ដោយសារឈ្នះហ្គាណាត្រឹម ២-០។
 
ក្រោយទទួលបានលទ្ធផលនេះ កីឡាករទាំង៤របស់អ៊ុយរូហ្គាយ បានទៅតវ៉ានឹងអាជ្ញាកណ្តាលកាត់ក្តី និងឆ្លងឆ្លើយជាមួយអ្នកគាំទ្រ ហើយស្របពេលនោះ Cavani អតីតខ្សែប្រយុទ្ធ Manchester United បានរុញឩបករណ៍ពិនិត្យ VAR ឱ្យដួលបង្កការខូចខាត នៅពេលរូបគេដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់។
 
Cavani និង Godin ត្រូវជាប់បម្រាមមួយប្រកួតម្នាក់ និងពិន័យជាប្រាក់ ១៦០០០ដុល្លារ ដូចគ្នា។ ដោយឡែកខ្សែការពារ Gimenez និងអ្នកចាំទី Muslera ត្រូវបានហាម៤ប្រកួត និង ពិន័យជាប្រាក់ ២១៧០០ដុល្លារ រៀងខ្លួនផងដែរ៕
 

Tag:
 FIFA
  Edinson Cavani
© រក្សាសិទ្ធិដោយ thmeythmey.com