ជាតិ
លោក មឿន ចំណាយវ័យចំណាស់របស់ខ្លួន មកការពារធនធានធម្មជាតិ នៅសហគមន៍ជីផាត
29, Jan 2023 , 5:29 pm        
រូបភាព
 លោក ដឿក មឿន ជាអ្នកយាមល្បាតព្រៃនៅសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
លោក ដឿក មឿន ជាអ្នកយាមល្បាតព្រៃនៅសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
កោះកុង៖ លោក ដឿក មឿន មានវ័យ៦០ប្លាយ រស់នៅឃុំជីផាត ខេត្តកោះកុង។ ទោះមានវ័យជ្រេ តែលោក មឿន ចំណាយវ័យចំណាស់របស់ខ្លួន មកចូលរួមជាមួយសហគមន៍ ជាអ្នកការពារធនធានធម្មជាតិ ក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។​ មុនចូលរួមជាអ្នកយាមល្បាតក្នុងសហគមន៍ បុរសរូបនេះធ្លាប់ជាព្រានព្រៃប្រមាញ់សត្វ បរិភោគ និងជួញដូរ ដើម្បីបានប្រាក់កម្រៃបន្តិចបន្តួច។ សម្រាប់លោកមឿន ការ​ចូលរួមការពារធនធានធម្មជាតិ ព្រោះរក្សា​វត្តមានសត្វព្រៃ និងព្រៃឈើ ដល់កូនចៅជំនាន់ក្រោយ។



ជាអ្នកយាមល្បាត ការពារធនធានធម្មជាតិ លោក ដឿក មឿន បាន​លះ​បង់​ពេលវេលា​ក្នុង​វ័យចំណាស់របស់ខ្លួន មកចូលរួម​ជាមួយ​សហគមន៍អេកូទេសចរណ៍ជីផាត។ សហគមន៍មួយនេះ ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានចម្ងាយប្រមាណ ១២៦គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ សហគមន៍ជីផាត​​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីការពារធនធានធម្មជាតិ បង្កើតជាតំបន់ទេសចរណ៍ និងលើកស្ទួយជីវភាពពលរដ្ឋ។
  

ទិដ្ឋភាពមើលពីលើអាកាស ក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាព សហការី ThmeyThmey25។

មុនចូលរួមជាអ្នកយាមល្បាត ការពារធនធានធម្មជាតិ លោក ដឿក មឿន ក៏ធ្លាប់ជាអ្នកបរបាញ់ប្រមាញ់សត្វព្រៃផងដែរ។ កាល​នោះ ក្រៅពី​ធ្វើស្រែ ចម្ការ លោក មឿន បាន​បរបាញ់សត្វ​យកមក​បរិភោគ និងដោះដូរទំនិញផ្សេងៗ ដើម្បី​ទ្រទ្រង់ជីវភាពគ្រួសារ​ប្រចាំថ្ងៃ។ ក្រោយមក លោក មឿន បានបញ្ចប់ការ​បរបាញ់ ដោយ​ងាក​មក​ចូលរួម​ថែរក្សា​វិញ។​
 
បើរាប់ពីការចូលរួមរបស់ពលរដ្ឋសហគមន៍រូបនេះ លោក បានចំណាយពេលប្រមាណ ១០ឆ្នាំហើយ ក្រោមតួនាទីជាអ្នកយាមល្បាត​។ តួនាទីជាអ្នកយាមល្បាត ស្ដាប់​​ទៅដូចជាការងារសាមញ្ញមួយ។ ប៉ុន្តែការងារនេះ ជាការងារដែលប្រឈមគ្រោះថ្នាក់។ ប្រឈមគ្រោះថ្នាក់ នឹងសត្វសាហាវ ឬអាសីរ្ពិស និងត្រូវប្រឈមនឹងគ្រោះថ្នាក់បង្កឡើងដោយជនល្មើស ដែល​មកប្រមូលផលធនធានធម្មជាតិខុសច្បាប់ជាដើម។
 
ថ្វី​បើការងារនេះត្រូវចុះដល់កន្លែងផ្ទាល់ ជួនកាលក៏ត្រូវហាលភ្លៀងហាលថ្ងៃ ប៉ុន្តែលោក ដឿក មឿន មិនដែលរួញរា នឹងការងារនោះឡើយ។ វ័យរបស់លោក មឿន មិនបានកំណត់ភាពស្វាហាប់ និងកម្លាំងពលំឡើយ ពោលគឺលោកនៅមានភាពរហ័សរហួន មាំមួន មិនចាញ់​យុវជនពេញកម្លាំងឡើយ។
  

ទេសចរទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាពសហការី ThmeyThmey25។
 
ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋាន ដែលមានពណ៌ប្រផេះបែកបៃតង ភ្ជាប់នឹងពាក្យ «WILDLIFE ALLIANCE» នៅនឹងទ្រូងផ្នែកខាងឆ្វេង បុរសរូបនេះ និយាយរៀបរាប់ពី​ទំនួលខុសត្រូវការងារដូច្នេះ៖«ខ្ញុំជាអ្នកយាមល្បាតព្រៃ! ទី១យើងការពារសត្វព្រៃ។ ទី២យើងការពារព្រៃឈើ។ ទី៣ គឺយើងការពារអ្វីៗទាំងអស់ក្នុងតំបន់ព្រៃយើង។ ពេលគេបង្កើតសហគមន៍ គេតម្រូវការអ្នកការពារសត្វព្រៃ​ ដូច្នេះគេជ្រើសរើសយើង ហើយយើងក៏ស្ម័គ្រចិត្តចូលរួមដែរ»។
 
ការចូលរួមជាមួយសហគមន៍នេះ ជាការធ្វើដោយសុទ្ធចិត្តរបស់លោក មឿន។ បុរសវ័យ៦៣ឆ្នាំររូបនេះ ចូលរួមជាមួយសសហគមន៍ដោយសារចង់ចូលរួមការពារធនធានធម្មជាតិ ស្របពេលខ្លួនមានវ័យកាន់តែជ្រេ នឹងមិនអាចទៅធ្វើការងារណាឆ្ងាយៗពីលំនៅបាន។
 
សម្រាប់បុរសកូន៤រូបនេះ លោកគិតថាការងាររបស់ខ្លួនសំខាន់ខ្លាំងណាស់ សម្រាប់លោក ក៏ដូចសហគមន៍។ សំខាន់សម្រាប់លោក ក៏ព្រោះថាជាការងារដែលផ្ដល់ប្រាក់សមរម្យមួយសម្រាប់ផ្គត់ផ្គង់​ជីវភាពគ្រួសារ ពោលគឺ​ទទួលបាន ៩ដុល្លារ ក្នុង១ថ្ងៃ។
 
ចំណុច​សំខាន់មួយទៀត សម្រាប់លោក មឿន គឺសហគមន៍។ លោកពន្យល់ថា ការងារជាអ្នកយាមល្បាតព្រៃនេះ សំខាន់ណាស់សម្រាប់សហគមន៍ខ្លួន ប្រសិនបើគ្មានការយាមល្បាតព្រៃទេ នោះថ្ងៃអនាគតព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនានា នឹងបាត់បង់ជាក់ជាពុំខាន។ ដូច្នេះនៅពេលដែលលែងមានវត្តព្រៃឈើ នឹងធ្វើឱ្យបាត់បង់សត្វព្រៃ។ បាត់បង់សត្វព្រៃ និងព្រៃឈើ នឹងបាត់បង់អ្នកទេសចរ ដែលជាប្រភពចំណូលមួយ ក្រៅពីរបរធ្វើស្រែ ចម្ការ របស់ពលរដ្ឋនៅសហគមន៍នេះ។
 
ចំពោះលោក មឿន លោកពិតជាមានមោទ​កភាពលើការងារខ្លួន ជាពន់ពេក ដែលអាចចូលរួមចំណែកជាមួយសហគមន៍ ក្នុងការការពារធនធានធម្មជាតិ បើទោះបីមានអាយុច្រើនក៏ដោយ។  លោក ជឿជាក់​​ថា​នឹងបន្តការងារនេះរហូតដល់កម្លាំងចុងក្រោយរបស់លោកផងដែរ។ លោក ក៏សង្ឃឹមថា វត្តមានព្រៃឈើ សត្វព្រៃ នឹងបន្តមានវត្តមាននៅក្នុងមាតុភូមិខ្លួនរហូតទៅ ដល់កូនចៅជំនាន់ក្រោយៗទៀត។
 
លោក ដឿក មឿន ក៏ចង់ឱ្យសាធារណជនទាំងអស់ចូលរួមការពារព្រៃឈើ និងសត្វព្រៃ តាមរយៈការមិនកាប់បំផ្លាញព្រៃឈើ និងការមិនបរិភោគសត្វព្រៃ ប្រសិនបើមិនបានចូលរួមការពារជាមួយខ្លួន។ លោកបន្តទៀតថា ប្រសិនបើយើងកាប់បំផ្លាញព្រៃឈើ ប្រមាញ់សត្វព្រៃ គឺបានជួយដោះស្រាយជីវភាពតែមួយគ្រាប៉ុណ្ណោះ តែវានឹងធ្វើឱ្យបាត់បង់ធនធានទាំងនោះជារៀងរហូត៕
 
 
 

Tag:
 ThmeyThmey25
  អ្នកយាមល្បាត
  ជីផាត
  កោះកុង
  ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com