ជាតិ
លោក ច្រាច់ ពៅ សង់ «ផ្ទះយន្តហោះ» តាមក្តីស្រមៃពីតូច និងឧទ្ទិសដល់ភរិយាដែលបានទទួលមរណភាព
× សៀមរាប៖ លោក ច្រាច់ ពៅ ជាជាងសំណង់ បានសម្រេចក្ដីស្រមៃពីតូច នោះគឺការសង់ផ្ទះ រាងដូចយន្តហោះ។ នៅពីតូច លោក ពៅ តែងស្រមៃចង់ជិះយន្តហោះ ហើយពេលធំឡើង ក្រោយមានថវិកាសមរម្យ ក៏មិនឱកាសជិះទៅណា ដោយសាររវល់ការងារប្រចាំថ្ងៃ។ ដើម្បីសម្រេចក្ដីប្រាថ្នាខ្លួន នៅដើមឆ្នាំ២០២២ លោក ពៅ សម្រេចសង់ផ្ទះនៅលើដីស្រែ នាភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប និងបានរួចរាល់នាខែមករា ឆ្នាំ២០២៣។
ក្រៅពីសម្រេចក្ដីស្រមៃរបស់ខ្លួន ការធ្វើផ្ទះរាងយន្តហោះនេះ ក៏ដើម្បីបំពេញក្ដីស្រមៃជាមួយភរិយា ដែលធ្លាប់គិតចង់ជិះយន្តហោះរួមគ្នាដែរ។ ជាអកុសល ភរិយារបស់លោកបានស្លាប់ដោយសារជំងឺ ទឹកនោមផ្អែមនៅឆ្នាំ២០១៣។ ក្រោយធ្វើផ្ទះនេះរួច លោកមានអារម្មណ៍សោកសង្រែក នឹកដល់សព ភរិយា តែទន្ទឹមនឹងនោះ បុរសពោះម៉ាយកូនបីរូបនេះ ក៏រីករាយដែរ ដែលបានបំពេញក្ដីស្រមៃ រឿងផ្ទះយន្តហោះ ដែលធ្លាប់បាននិយាយជាមួយភរិយា។
ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ មានទំហំទទឹងជិត៤ម៉ែត្រ បណ្ដោយជិត២០ម៉ែត្រ និងកម្ពស់ជិត៦ ម៉ែត្រ។ ផ្ទះនេះមានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកពីរ។លោក ច្រាច់ ពៅ ចំណាយលុយជិត២ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះនេះ។
គេអាចទៅស្គាល់ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ បាន ដោយធ្វើដំណើរតាមផ្លូវបេតុងមុខបុរីព្រីមៀរ ផ្លូវក្រវ៉ាត់ក្រុង ឆ្ពោះទៅត្រង់ និងបត់ស្ដាំដៃ តាមព្រំដីរបស់ក្រុមហ៊ុនអង្គរហ្គោល ស្ថិតនៅភូមិតាគង់ និងបត់ឆ្វេងតាមផ្លូវលំ ដែលស្ថិតនៅលើដីស្រែក្នុងភូមិព្នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com