ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរឃុំកណ្តោល បានបំពាក់ភ្លើងបំភ្លឺផ្លូវពេលយប់នៅទីតាំងដែលងងឹត 
×![]()
ដោយ៖ ហេ អួញ( យុវជនឃុំកណ្តោល)
ស្រុកបូទុមសាគរ, កោះកុង៖ អាជ្ញាធរឃុំកណ្តោល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ ដោយបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ នៅតាមទីតាំងដែលងងឹតជាច្រើនបង្គោល។
លោក ហ៊ុយ សំណាង មេឃុំនៃឃុំកណ្តោល បញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវ មិនត្រឹមតែបានសម្រួលដល់ការធ្វើដំណើរបស់ពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងចូលរួមបង្កើនឱ្យឃុំ កាន់តែមានសុវត្ថិភាពផងដែរ។ «តាមដងផ្លូវយើងមានហើយ យើងដាក់សូឡា។ តាមផ្លូវក្នុងភូមិក៏យើងដាក់ដែរ។ គ្រាន់តែវាមិនទាន់គ្រប់ផ្ទះទេ។ យើងដាក់កន្លែងដែលងងឹតសិន។ យើងនឹងកៀងគរការឧបត្ថម្ភពីសប្បុរសជន បន្ថែមទៀត»។ លោក ហ៊ុយ សំណាង បញ្ជាក់យ៉ាងដូច្នេះ។

លោក ហ៊ុយ សំណាង មេឃុំកណ្តោល
ក្រៅពីការដាក់ភ្លើងបំភ្លឺតាមផ្លូវហើយនោះ អាជ្ញាធរឃុំ ក៏នៅតែគិតគូរពីសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់បន្ថែមទៀតដែរ ដោយសហការជាមួយប៉ុស្តិ៍នគរបាល ក្នុងការល្បាតតាមភូមិ និងប្រចាំការនៅស្នាក់ការប៉ុស្តិ៍នគរបាល។ កម្លាំងប៉ុស្តិ៍នគរបាល បានដាក់ផែនការល្បាតចល័តទាំងពេលយប់ និងពេលថ្ងៃ ដោយសហការជាមួយប្រជាការពារភូមិ។ ក្រៅពីការល្បាតចល័ត ក៏មានមន្ត្រីប្រចាំការនៅស្នាក់ការប៉ុស្តិ៍ផងដែរ។ លោក ហ៊ុយ សំណាង បន្ថែមថា៖ «យើងមានប៉ុស្តិ៍ប្រចាំ(ការ)២៤ម៉ោង។ បើគាត់ចង់ទៅណាយប់ព្រលប់ បារម្ភសុវត្ថិភាព គាត់អាចមកប៉ុស្តិ៍មក ឬក៏មកឃុំមក សុំឱ្យ(កម្លាំង)ប៉ុស្តិ៍ជូន យើងនឹងឱ្យជូនគាត់ដល់កន្លែង»។

ភ្លើងសូឡាបំភ្លឺផ្លូវនៅពេលយប់ ក្នុងភូមិព្រលាន ឃុំកណ្តោល។
ក្នុងនាមជាអាជ្ញាធរឃុំ លោក ហ៊ុយ សំណាង មេឃុំកណ្តោល ក៏សំណូមពរឱ្យពលរដ្ឋជួយចូលរួមថែរក្សា ភ្លើងបំភ្លឺផ្លូវនេះ ឱ្យអាចប្រើប្រាស់បានយូរតទៅមុខទៀត និងធានាបាននូវសុវត្ថិភាព នៅពេលធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋទាំងអស់៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
សេវាសាធារណៈ
ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com