ជាតិ
អាជ្ញាធរជាតិអប្សរា កែលម្អរចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ភ្ញៀវទស្សនាប្រាសាទក្នុងឧទ្យានអង្គរ
30, Jan 2023 , 10:59 am        
រូបភាព
រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ អាជ្ញាធរអប្សរា នឹងរៀបចំទិសដៅទស្សនាប្រាសាទក្នុងឧទ្យានអង្គរ ដើម្បីលើកតម្លៃបេតិកភណ្ឌ រក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗ នៅប្រាង្គប្រាសាទ។

 
ជាមួយគ្នានេះ អាជ្ញាធរអប្សរា បានកែលម្អហេដ្ឋារចនាសម្ព័ន្ធមានការកែលម្អច្រកចូលប្រាសាទ រៀបចំជណ្តើរឡើង-ចុះ ដែលមានសភាពចោតខ្លាំង។ អាជ្ញាធរជាតិអប្សរា ក៏ធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរទស្សនាតាមប្រាសាទនានាដោយសុវត្ថិភាព។
 
បន្ថែមពីនេះ អ្នកជំនាញបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ក៏បានយកចិត្តទុកដាក់លើការដាក់ស្លាកសញ្ញាបង្ហាញទិសសម្រាប់ទេសចរ ស្លាកសញ្ញាហាមឃាត់ និងស្លាកសញ្ញាផ្សេងទៀត ក្នុងបរិវេណប្រាសាទ។ 
 
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ បានមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ គោរពស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីសុវត្ថិភាព និងចូលរួមលើកតម្លៃបេតិកភណ្ឌអង្គរ៕
 

Tag:
 ThmeyThmey25
 អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com