កីឡាអន្តរជាតិ
អន្តរជាតិ
Ligue 1 ៖ PSG បន្តធ្វើមិនបានល្អ ក្រោយប្រកួតស្មើ Riems
30, Jan 2023 , 11:59 am        
រូបភាព
ក្រុមរហ័សនាមអ្នកមានបារាំង ​Paris Saint Germain ហាក់មិនសូវទទួលបានលទ្ធផលល្អប៉ុន្មានឡើយក្នុងឆ្នាំ ២០២៣ បន្ទាប់ពីពួកគេបានប្រកួតស្មើ ១-១ ជាមួយក្រុម Stade de Reims នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣​។ PSG មានកីឡាករម្នាក់ទទួលកាតក្រហម ដែលជាហេតុធ្វើឱ្យមានភាពតានតឹងក្នុងការប្រកួត។



ឆ្លងកាត់ការប្រកួតក្នុងពានរង្វាន់ក្របខណ្ឌ Ligue 1 សម្រាប់ខែមករានេះចំនួន ៤លើក PSG រកបានជ័យជម្នះត្រឹមតែ ១លើកតែប៉ុណ្ណោះ និងស្មើ ១លើក ដោយគិតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មក។ ​ការប្រកួតទាំងបួនលើក ក្នុងខែមករានេះ PSG ចាញ់ RC Lens ក្រុមចំណាត់ថ្នាក់លេខ២ លទ្ធផល ៣-១ ចាញ់ Rennes ១-០ យកឈ្នះលើ Angers លទ្ធផល ២-០ និងចុងក្រោយស្មើ ១-១ ជាមួយ Reims។ 
 
នាការប្រកួតនោះតារាបាល់ទាត់សញ្ជាតិប្រេស៊ីល Neymar JR បានស៊ុតបើកការនាំមុខមុនលើក្រុមភ្ញៀវ Reims នៅក្នុងវគ្គទីពីរ មុនពេលខ្សែបម្រើសញ្ជាតិអ៊ីតាលី Marco Verratti ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។ 
 
​ទោះបីមានគ្នាត្រឹមតែ ១០នាក់តែ PSG អាចទប់ស្ថានការណ៍បានយ៉ាងល្អ បន្ទាប់ពីរកបានគ្រាប់នាំមុខ ។ តែទោះជាយ៉ាងណា ឱកាសមាសទទួលបាន ៣ពិន្ទុត្រូវរសាត់ឆ្ងាយ ក្រោយពេលកីឡាករ Folarin Balogun ស៊ុតតាមស្មើក្នុងនាទី៩០+៦ ម៉ោងបន្ថែម នៃការប្រកួត។ 
 
បច្ចុប្បន្ន PSG ស្ថិតនៅចំណាត់ថ្នាក់លេខ១ មានចំនួន ៤៨ពិន្ទុ ខណៈក្រុមលេខ២ Lens មាន ៤៥ពិន្ទុតាមពីក្រោយ។ មិនត្រឹមតែ RC Lens តែមួយប៉ុណ្ណោះទេដែលប្រជែងនឹង PSG ក្រុម Olympique de Marseille និង Monaco ក៏កំពុងតែមានពិន្ទុប្រដេញតាមពីក្រោយដែរ។ ចំណែក​ Stade de Reims ជាក្រុមស្ថិតនៅចំណាត់ថ្នាក់ទី១១ មានពិន្ទុចំនួន ២៦ពិន្ទុ ៕
 

Tag:
 Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com