កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ខាន់ ចេសា ឈ្នះមេដាយសំរឹទ្ធដំបូង ក្នុងព្រឹត្តិការណ៍ជឺជីតស៊ូ លំដាប់កំពូលអឺរ៉ុប
30, Jan 2023 , 2:59 pm        
រូបភាព
កីឡាការិនីជីជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ឈ្នះមេដាយសំរឹទ្ធទ្វីបអ៊ឺរ៉ុប។ រូបពី Jessa Khan
កីឡាការិនីជីជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ឈ្នះមេដាយសំរឹទ្ធទ្វីបអ៊ឺរ៉ុប។ រូបពី Jessa Khan
ដោយ: ហៀក ឆក
ខាន់ ចេសា កីឡាការិនីកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជឺជីតស៊ូ ទ្វីបអ៊ឺរ៉ុប(Europeans Jiu-Jitsu IBJJF Champonship 2023) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅប្រទេសបារាំង។

 
ការប្រកួតនៅជុំដំបូងលើវិញ្ញាសា Newaza GI ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ខាន់ ចេសា រងបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយភ្លាត់ចាញ់ពិន្ទុកីឡាការិនីប្រេស៊ីល Jessica Dantas ១២០-៨៥ និងប្រកួតដណ្តើមមេដាយសំរឹទ្ធស្ទួនឈ្នះកីឡាការិនីប្រេស៊ីល Mara Kelly ដោយក្បាច់ឃ្លេរ។ ក្រោយបញ្ចប់ការប្រកួត ចេសា សម្តែងអារម្មណ៍រីករាយ ព្រោះជាមេដាយលើកដំបូងរបស់ខ្លួន ហើយក៏បង្ហាញអារម្មណ៍សោកស្តាយចំពោះការធ្វេសប្រហែសផងដែរ។
 
«ខ្ញុំបានឈ្នះការប្រកួតដំបូងរបស់ខ្ញុំ វាជាការប្រយុទ្ធដ៏ល្អ។ ខ្ញុំមានឱកាសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែធ្វើខុសបច្ចេកទេសមួយចំនួន ទោះបីចាញ់តែខ្ញុំមានមោទកភាពចំពោះខ្លួនឯងណាស់»។ កីឡាការិនី ចេសា សរសេរសារបង្ហោះនៅលើបណ្តាញសង្គម instagram របស់ខ្លួនដូច្នេះ។ ជាមួយសារជាច្រើននោះដែរ ចេសា ថាខ្លួននឹងប្រឹងហ្វឹកហាត់បន្ថែមដើម្បីទទួលបានជោគជ័យក្នុងកម្មវិធីលំដាប់កំពូលៗបែបនេះ។
 
កីឡាការិនីរូបស្រស់របស់កម្ពុជារូបនេះ បន្ថែមថា៖«ខ្ញុំមានផែនការហ្វឹកហាត់ដ៏ល្អ មានអារម្មណ៍ល្អសម្រាប់ការប្រកួតនេះ។ ខ្ញុំដឹងថាអ្វីៗនឹងល្អនៅថ្ងៃណាមួយ»។ បន្ថែមពីនេះទៀត ចេសា បញ្ជាក់ថាលទ្ធផលមេដាយសំរឹទ្ធនោះគ្រាន់តែសម្រាប់ទំព័រថ្មីនៅដើមឆ្នាំនេះប៉ុណ្ណោះ ខណៈនាងនឹងពង្រឹងការហ្វឹកហាត់បន្ថែមទៀតដើម្បីសម្រេចគោលដៅធំ៕
 

Tag:
 កីឡាជឺជីតស៊ូ
 ខាន់ ចេសា
 IBJJF
© រក្សាសិទ្ធិដោយ thmeythmey.com