ជាតិ
សុវត្តិភាព ចរាចរណ៍
២០២២៖ ស្លាប់ជាង១៧០០នាក់ របួសជាង៤០០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
30, Jan 2023 , 3:59 pm        
រូបភាព
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត៣ពាន់លើក បណ្តាលមនុស្សជាង១,៧ពាន់នាក់ស្លាប់ និងអ្នករបួសជាង៤ពាន់នាក់។ នេះបើតាមតួលេខក្នុងរបាយការណ៍ ដែលអានដោយអ្នកស្រី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

 
សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាអធិបតីក្នុងពិធីនេះ មានប្រសាសន៍ថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ នៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា។ សម្តេច បន្តថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់អាយុជីវិតប្រជាជនជារៀងរាល់ថ្ងៃ និងបន្សល់ទុកសោកនាដកម្មនានា ដូចជា របួស និងពិការភាព ជាដើម។ 
 
សម្ដេច កត់សម្គាល់ឃើញថា គ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារអ្នកបើកបរចំនួន មិនគោរពច្បាប់ ខ្វះសីលធម៌ និងខ្វះការយោគយល់គ្នា។ សម្ដេច ស្នើឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តឲ្យបានសម្រេចនូវទិសដៅដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរារចរណ៍នៅកម្ពុជា៕
 
 

Tag:
 
 គ្រោះថ្នាក់ចរាចរណ៍២០២២
© រក្សាសិទ្ធិដោយ thmeythmey.com