ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ប៉ុស្ដិ៍នគរបាលឃុំកំពង់ស្វាយត្រូវការកម្លាំងបន្ថែម ដើម្បីឱ្យការផ្តល់សេវាកាន់តែល្អ 
×![]()
ដោយ ៖ លីន លក្ខិណា (យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ នៅប៉ុស្ដិ៍នគរបាលឃុំកំពង់ស្វាយ មានកម្លាំងសរុប៨នាក់នាក់ ក្នុងនោះបុរស៦នាក់ និងនារី២នាក់ កំពុងផ្តល់សេវារដ្ឋបាលដល់ពលរដ្ឋ និងការការពារសុវត្ថិភាព សណ្តាប់ធ្នាប់នៅក្នុងឃុំ។ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាលដែលមានសព្វថ្ងៃ គឺនៅមិនទាន់គ្រប់គ្រាន់ ក្នុងការផ្តល់សេវានានាមានប្រសិទ្ធភាពល្អនៅឡើយ ខណៈស្ត្រីមិនត្រូវបានរៀបចំឱ្យយាមល្បាត់នៅពេលយប់នោះឡើយ។
បើតាមលោក មេប៉ុស្តិ៍កំពង់ស្វាយ ក្នុងឃុំនេះ ត្រូវការកម្លាំងបន្ថែម៤ ទៅ៧នាក់ ទើបសមល្មមនៅក្នុងការផ្តល់សេវា និងការពារសុវត្ថិភាពជូនពលរដ្ឋទាំង ១២ភូមិ ដែលមានចំនួនជាង ១ម៉ឺននាក់ឯណោះ។ «គោលដៅរបស់យើង បើបានកម្លាំងពី ១២ ទៅ១៥នាក់ ទើបវាអាចទប់ស្កាត់បានច្រើន ព្រោះឃុំយើងវាធំដែរ។ បើបាន ១២នាក់ ក៏សមសមរម្យដែរ។ ប៉ុន្តែរាល់ថ្ងៃកម្លាំងតិចពេកហើយ មានកម្លាំងគាត់ចាស់ទៀត។ ពេលខ្លះគាត់ឈឺទៀត អ៊ីចឹងហើយ រាងយាប់យឺនបន្តិច»។

កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយចុះល្បាតពេលយប់ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ាង ម៉េង ក៏ធ្លាប់បានស្នើទៅថ្នាក់លើជាច្រើនលើកដែរ ប៉ុន្តែលោកមិនទាន់បានទទួលដំណឹងជាក់ច្បាស់ថា ពេលណាប៉ុស្តិ៍របស់ខ្លួន នឹងទទួលបានកម្លាំងបន្ថែមនោះទេ។ «ខ្ញុំធ្លាប់បានស្នើថាប៉ុស្តិ៍មានកម្លាំងមិនគ្រប់ គ្រាន់សម្រាប់ធ្វើការឡើយ។ នៅពេលគេជ្រើសរើសហើយ គេប្រឡងរួចគេបញ្ជូនមកតាមប៉ុស្តិ៍ ប៉ុន្តែការជ្រើសរើស ជួនកាលមួយឆ្នាំម្ដង (ឬ)ពីរឆ្នាំម្ដ ងក៏យើងមិនដឹងដែរ។ សព្វថ្ងៃនេះ ខេត្ត(ដទៃ)គេរើសរួចហើយ នៅឡើយតែខេត្តយើង(កំពង់ធំ)មិនទាន់រើស មិនដឹងថាស្ទះត្រង់ណា ក៏យើងមិនដឹងដែរ»។ មេប៉ុស្តិ៍កំពង់ស្វាយ រៀបរាប់ដូច្នេះ។
ដ្បិតតែសព្វថ្ងៃ ប៉ុស្តិ៍នគរបាលកំពង់ស្វាយមានកង្វះខាតកម្លាំង ប៉ុន្តែលោក ប៉ាង ម៉េង នៅតែព្យាយាមនៅក្នុងការបែងចែកការយាមល្បាត ជាប្រចាំនៅតាមភូមិនីមួយៗ ដោយសហការជាមួយកម្លាំងប្រជាការពារភូមិទាំង១២ ដែលជាពលរដ្ឋស្ម័គ្រចិត្ត ព្រមទាំងមានការគាំទ្រពីមេភូមិផងដែរ។ បើតាមលោកមេប៉ុស្តិ៍ កម្លាំងប្រជាការពារភូមិ នៅក្នុងភូមិទាំង១២ មានសរុប ជិត១៤០នាក់។
ក្រៅពីសហការជាមួយប្រជាការពារ លោក ប៉ាង ម៉េង អះអាងថាប្រជាពលរដ្ឋនៅក្នុងភូមិនីមួយក៏មានតួនាទីសំខាន់ខ្លាំងណាស់ដែរ នៅក្នុងការចូលរួមបង្កើតបរិយាកាសសុវត្ថិភាព នៅក្នុងឃុំ ដោយការរាយការណ៍ ករណីសង្ស័យណាមួយមកកាន់អាជ្ញាធរ ដើម្បីកម្លាំងប៉ុស្តិ៍ ចុះអន្តរាគមន៍ និងទប់ស្កាត់ បានទាន់ពេលវេលា៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com