កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជឺជីតស៊ូ៖ ទោះកើនសមត្ថភាព តែប្រធានសហព័ន្ធជំរុញអត្តពលិកប្រឹងហាត់បន្ថែម ដើម្បីស៊ីហ្គេម 
ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២។
×![]()
លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជំរុញកីឡាករកីឡាការិនីប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រជែងមេដាយនៅស៊ីហ្គេម២០២៣ បើទោះបច្ចុប្បន្នពួកគេកើនសមត្ថភាពក្តី។ នាពិធីបិទបញ្ចប់ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ថ្ងៃទី២៩ ខែមករាប្រធានសហព័ន្ធរូបនេះ បានសរសើរគណៈកម្មការរៀបចំបានល្អ ទាំងការប្រកួត និងបច្ចេកទេស។
«ថ្ងៃនេះយើងធ្វើបានល្អមែនទែន ពិសេសគណៈកម្មការរៀបចំគឺមានភាពរលូនមើលទៅគឺអស្ចារ្យ»។ លោក សេង ប៊ុនសុង លើកសរសើរមន្រ្តីបច្ចេកទេស គណៈកម្មការរៀបចំ ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិបិទបញ្ចប់ទៅដោយជោគជ័យទាំងផ្នែកវិន័យ និងសកម្មភាពចូលរួម។
ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា លោក សេង ប៊ុនសុង ក៏សំណូមពរឱ្យយុវជន-យុវនារី កុមារា-កុមារី ជំនាន់ក្រោយយកចិត្តទុកដាក់សិក្សារៀនសូត្រហ្វឹកហ្វឺនទាំងកម្លាំងកាយ បច្ចេកទេស លក្ខខន្តិកៈប្រកួត និងឆ្វែងយល់បន្ថែមពីកីឡាជឺជីតស៊ូ។ លោក ប៊ុនសុង ជឿជាក់ថាកីឡាជឺជីតស៊ូ នឹងជោគជ័យនៅថ្ងៃមុខ។

លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា។
លោក សេង ប៊ុនសុង និយាយថា៖«ខ្ញុំជឿថាយើងនឹងជោគជ័យទោះបីថាតិចតួចយ៉ាងណា គឺសកម្មភាពរបស់យើងប្រាកដជាជោគជ័យ។ ខ្ញុំសូមផ្តាំទៅអត្តពលិកទាំងអស់ឱ្យយកចិត្តទុកដាក់ហាត់រៀនដើម្បីឈានទៅដណ្តើមមេដាយជូនជាតិយើង»។ លោក ប៊ុនសុង ក៏សម្តែងការអរគុណចំពោះមន្រ្តីអាជ្ញាកណ្តាលចៅក្រមអន្តរជាតិផងដែរដែលបានខិតខំជួយដល់កីឡាជឺជីតស៊ូកម្ពុជាអស់ពីកម្លាំងកាយចិត្ត។
គួបញ្ជាក់ថា ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែមករា ឆ្នាំ២០២៣ នាសាលហ្វឹកហ្វឺនកីឡាការ៉ាតេ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ អត្តពលិកចូលរួមសរុប ២៨នាក់ មកពីបណ្តាក្លិបចំនួន៧៕
Tag:
កីឡាជឺជីតស៊ូ
សេង ប៊ុនសុង
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com